កាលពីថ្ងៃសៅរ៍ ទី២០ ខែកក្កដា កន្លងទៅនេះ យុវជនមួយក្រុមដែលធ្វើការពាក់ព័ន្ធនឹងការការពារបរិស្ថាន បានរួមគ្នាចែករំលែកបទពិសោធន៍ការងាររបស់ពួកគេ ក្នុងកម្មវិធីដែលមានឈ្មោះថា «ពិធីបុណ្យគ្មានផ្លាស្ទិច»។ កម្មវិធីនេះធ្វើឡើងដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិចក្នុងជីវភាពប្រចាំថ្ងៃ។
នៅប្រទេសកម្ពុជា សម្ភារៈប្រើប្រាស់ធ្វើពីផ្លាស្ទិច ដូចជាកែវជ័រ ស្បោង និងប្រអប់ធ្វើពីជ័រប្លាស្ទិចជាដើម ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងមិនទាន់មានការគ្រប់គ្រងត្រឹមត្រូវនៅឡើយ។ ទន្ទឹមនឹងកង្វះការគ្រប់គ្រង និងការយល់ដឹងអំពីផលប៉ះពាល់ពីការប្រើប្រាស់សម្ភារៈផ្លាស្ទិចទាំងនេះ យុវជនមួយក្រុម បានប្រមូលផ្តុំគ្នាដើម្បីធ្វើបទបង្ហាញជំរុញការយល់ដឹងដល់ប្រជាពលរដ្ឋ និងដើម្បីកាត់បន្ថយការប្រើប្រាស់សម្ភារៈប្លាស្ទិចទាំងនេះ។
យុវជនទាំងនេះមកពីមជ្ឈដ្ឋានផ្សេងៗគ្នា ដូចជាមកពីអង្គការក្រៅរដ្ឋាភិបាល និងមកពីមហាវិទ្យាល័យមួយចំនួន បានចូលរួមកម្មវិធីមួយកាលពីថ្ងៃសៅរ៍។ កម្មវិធីនេះមានឈ្មោះថា«ពិធីបុណ្យគ្មានប្លាស្ទិច» បង្កើតឡើងដើម្បីចែករំលែកទៅដល់យុវជនដទៃទៀតនិងប្រជាពលរដ្ឋទូទៅឲ្យបានយល់ដឹងកាន់តែច្រើនអំពីផលប៉ះពាល់នៃសម្ភារៈប្លាស្ទិច។
លោក ឈិត វណ្ណាត ស្ថាបនិកសហគមន៍ផ្លាស្ទិចដែលជាក្រុមយុវជនធ្វើការកែច្នៃធុងសំរាមនិងផ្លាស្ទិច និងប្រើប្រាស់សំរាមឡើងវិញបញ្ជាក់ថា៖
«អ្វីដែលយើងបានចែករំលែកទៅពួកគាត់ ពួកគាត់នឹងយកវាទៅអនុវត្ត ហើយពួកគាត់នឹងយកទៅផ្សព្វផ្សាយតៗគ្នា […] ហើយយើងសង្ឃឹមថា ប្រទេសយើងនឹងមានការយល់ដឹងច្រើនអំពីប្លាស្ទិច ហើយក៏យើងសង្ឃឹមថា យើងនឹងចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិច»។
នៅទូទាំងប្រទេសកម្ពុជាក្នុងមួយថ្ងៃ មានសំរាមប្រមាណជាជាង១ម៉ឺនតោនត្រូវបានផលិតឡើង។ ចំណែកនៅរាជធានីភ្នំពេញមានថង់ប្លាស្ទិចចំនួនជាង១០លានថង់ ត្រូវបានប្រើប្រាស់ក្នុងមួយថ្ងៃ។ នេះបើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន។
ការស្ទង់មតិមួយកាលពីចុងឆ្នាំ ២០១៥ ស្ដីអំពីការប្រើប្រាស់ថង់ប្លាស្ទិចនៅកម្ពុជា ដោយអង្គការ ACRA ដែលធ្វើការប្រឆាំងនឹងភាពក្រីក្រ បង្ហាញថា ប្រជាជនកម្ពុជាម្នាក់ជាមធ្យមប្រើប្រាស់ថង់ប្លាស្ទិចចំនួន ២០០ថង់ក្នុងមួយខែនិងជាង ២០០០ថង់ក្នុងមួយឆ្នាំ។
ការស្ទង់មតិនោះបញ្ជាក់ថា ថង់ប្លាស្ទិចមួយគីឡូមានតម្លៃជាមធ្យម ៨០០០រៀល និងថា ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលកម្ពុជាបានខាតបង់ថវិកាអស់រាប់រយលានដុល្លារពីកាកសំណល់ថង់ប្លាស្ទិចនេះ។
កញ្ញា អាត សុធាវី ស្ថាបនិក Think Plastic ដែលជាយុទ្ធនាការកែប្រែឥរិយាបថក្នុងកាប្រើប្រាស់ផលិតផលប្លាស្ទិចតាមរយៈការបង្កើតវីដេអូលើកឡើងថា ប្លាស្ទិចអាចបន្ថយបានលុះត្រាតែប្រជាពលរដ្ឋ ជាពិសេសយុវជន បង្កើតការជជែកពិភាក្សា និងផ្លាស់ប្តូរឥរិយាបថនៃការប្រើប្រាស់ប្លាស្ទិច។ ស្រ្តីវ័យ៣៣ឆ្នាំរូបនេះបានប្រាប់ឲ្យយុវជនដែលចូលរួមក្នុងកម្មវិធី«ពិធីបុណ្យគ្មានប្លាស្ទិច» នោះ ឲ្យប្រើប្រាស់ដបទឹកដែលអាចប្រើប្រាស់ឡើងវិញបាន ត្រូវដាក់ប្រអប់និងថង់ក្រណាត់តាមខ្លួនជាដើម។
«ខ្ញុំរំពឹងថា ប្រទេសកម្ពុជាយើង ខ្ញុំមើលទំនោរ២០ឆ្នាំទៀត គឺយើងនឹងមានការកែប្រែច្រើនពាក់ព័ន្ធនឹងប្លាស្ទិចរបស់យើង ត្រូវបានកែច្នៃ ប្រជាជនរបស់យើងមានការដឹង យើងមានអ្នក clear [សម្អាត] សំរាមគ្រប់កន្លែងហ្នឹង ឲ្យ២០ឆ្នាំចុះ។ អញ្ចឹង២០ឆ្នាំហ្នឹងគឺត្រូវពឹងលើអ្នកទាំងអស់គ្នាហ្នឹងហើយ»។
ក្នុងកម្មវិធីដែលមានយុវជនកម្ពុជាប្រមាណ៥០នាក់ចូលរួម ក្រុមយុវជនបរិស្ថានទាំងនោះ បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិចតាមរយៈ ការបង្ហាញរូបថត និងការបង្ហាញអំពីវីដេអូរៀបរាប់ពីផលប៉ះពាល់របស់ប្លាស្ទិច។
ក្នុងរបាយការណ៍ស្រាវជ្រាវមួយមានចំណងជើងថា បញ្ហាប្រឈមនៃការគ្រប់គ្រងសំរាមនៅកម្ពុជា និងបទពិសោធន៍នៃការគ្រប់គ្រងសំរាមនៅប្រទេសផ្សេងៗរបស់វិទ្យាស្ថានសភាកម្ពុជា ចេញផ្សាយកាលពីខែឧសភា ឆ្នាំ២០១៥ បានបង្ហាញពីផលប៉ះពាល់នៃសំរាមដែលមិនរលាយ ថាធ្វើខូចខាតប្រព័ន្ធទឹក និងលូ ធ្វើឲ្យប៉ះពាល់ដល់ជីវិតសត្វ និងសុខភាពមនុស្ស។ អាចបង្កជាជំងឺផ្លូវដង្ហើម និងមហារីកជាដើម។
លោក គង់ ស៊ីដែន អ្នកថតរូប បានបង្ហាញរូបថតចំនួន៩សន្លឹក ដែលផ្តិតយកទិដ្ឋភាពថង់ប្លាស្ទិច ដើម្បីបង្ហាញអំពីប្លាស្ទិចកំពុងគ្របដណ្តប់លើបរិស្ថាននៅកម្ពុជា។
«អ្វីដែលខ្ញុំរំពឹងបំផុតហ្នឹងគឺ rethink about it again [គិតពីវាឡើងវិញម្តងទៀត] ការគិតក្នុងការប្រើប្រាស់ប្លាស្ទិច ហើយនិងការចោលប្លាស្ទិចហ្នឹង តើវាមានផលប៉ះពាល់អ្វីខ្លះដល់គាត់ មនុស្សជុំវិញ ខ្លួនគាត់ និងអនាគតទៅមុខទៀត»។
ក្នុងកម្មវិធីដដែល នេះក៏មានការចាក់ផ្សាយវីដេអូឯកសារដែលមានចំណងជើងថា «A Plastic Ocean» ដែលរៀបរាប់អំពីផ្លាស្ទិចបង្កផលប៉ះពាល់ដល់បរិស្ថាន និងសត្វក្នុងសមុទ្រ ដល់អ្នកចូលរួមផងដែរ។
បច្ចុប្បន្នគេឃើញមានយុវជនជាច្រើនកំពុងធ្វើសកម្មភាពនិងយុទ្ធនាការផ្សេងៗដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិច។ យុវជនមួយចំនួនផ្តោតសំខាន់លើការប្រមូលសំរាមនៅតាមប្រឡាយលូទឹកស្អុយ យុវជនខ្លះរចនាម៉ូតសម្លៀកបំពាក់ដែលមិនប្រើប្រាស់វត្ថុធាតុដើមធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ខ្លះបង្កើតធុងសំរាមវ័យឆ្លាត ខ្លះច្នៃប្រឌិតសម្លៀកបំពាក់ពីថង់ប្លាស្ទិចដើម្បីដាក់តាំងពិព័រណ៍បង្ហាញពីផលប៉ះពាល់នៃថង់ប្លាស្ទិចជាដើម។
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ថា ឥរិយាបថរបស់ប្រជាជនកម្ពុជាក្នុងការប្រើប្រាស់ប្លាស្ទិច មានការកើនឡើងដោយសារតម្រូវការ និងជីវភាពប្រចាំថ្ងៃ។ លោកបន្តថា រដ្ឋាភិបាលលើកទឹកចិត្តយុវជនដែលតែងចូលរួមរាល់សកម្មភាពក្នុងការការពារបរិស្ថាន និងជំរុញឲ្យយុវជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់រួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិចបន្ថែមទៀត៕