មនុស្សយ៉ាងហោចណាស់ចំនួន៦០នាក់បានស្លាប់ ក្រោយពីអំពើហិង្សាបានកើតឡើងនៅក្នុងពន្ធនាគារមួយក្នុងរដ្ឋ Amazonas ដែលស្ថិតនៅប៉ែកពាយព្យនៃប្រទេសប្រេស៊ីល។ អាជ្ញាធរនិយាយថា តួលេខអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។
ក្រុមមន្ត្រីបាននិយាយថា ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃអាទិត្យ នៅឯពន្ធនាគារ Anisio Jobim Penitentiary នៅក្នុងរដ្ឋធានី Manaus ហើយស្ថានការណ៍នោះបានស្ថិតនៅក្រោមការគ្រប់គ្រងវិញកាលពីថ្ងៃចន្ទ។ សេចក្តីរាយការណ៍នានារបស់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកនិយាយថា សាកសពគ្មានក្បាលមួយចំនួនត្រូវបានបោះទៅលើជញ្ជាំងពន្ធនាគារ ខណៈដែលអំពើហិង្សាដែលកើតឡើងដោយសារសង្គ្រាមរវាងក្រុមជនពាលជួញដូរថ្នាំញៀនដែលជាគូប្រជែងនឹងគ្នាបានកើតឡើង។
លោក Sergio Fontes ដែលជាប្រធានសនិ្តសុខក្នុងរដ្ឋនេះបានមានប្រសាសន៍ថា អ្នកជាប់ពន្ធនាគារមួយចំនួនបានលួចរត់ក្នុងអំឡុងពេលដែលមានភាពចលាចលនេះ ហើយគេបានរាប់ចំនួនអ្នកជាប់ពន្ធនាគារដើម្បីកំណត់ថាតើមានមនុស្សប៉ុន្មាននាក់បានលួចរត់។ អំពើហិង្សានេះត្រូវបានគេពណ៌នាថាជាហេតុការណ៍ដ៏ប្រល័យបំផុតនៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនានា ដូចជាអង្គការ Human Rights Watch បានរិះគន់ប្រទេសប្រេស៊ីលចំពោះប្រព័ន្ធពន្ធនាគាររបស់ប្រទេសនេះ ដោយសារតែស្ថានភាពដែលមានមនុស្សច្រើនកុះករនៅក្នុងពន្ធនាគារ បានបណ្តាលឲ្យមានអំពើហិង្សាដ៏ប្រល័យកើតឡើងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ៕