លោក Michel Temer ប្រធានាធិបតីបណ្តោះអាសន្ននៃប្រទេសប្រេស៊ីលចាប់ផ្តើមរដ្ឋបាលថ្មីរបស់លោកនៅថ្ងៃសុក្រនេះ ខណៈដែលអ្នកគាំទ្ររបស់ប្រធានាធិបតីមុនរាប់រយនាក់បន្តធ្វើបាតុកម្មនៅតាមដងផ្លូវនានា ហើយមេដឹកនាំថ្នាក់តំបន់បានថ្កោលទោសការបោះឆ្នោតរបស់ព្រឹទ្ធសភាទៅលើការចោទប្រកាន់ប្រធានាធិបតីមុន ថាជាការធ្វើរដ្ឋប្រហារដោយចំៗ។
លោក Temer ដែលជាអតីតអនុប្រធានាធិបតីរូបនេះបានបង្កើតគណៈរដ្ឋមន្រ្តីដែលគាំទ្រដល់ការធ្វើជំនួញកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្មានម៉ោងបន្ទាប់ពីសមាជិកព្រឹទ្ធសភាបានបោះឆ្នោតជាបណ្តោះអាសន្នដកលោកស្រី Dilma Rousseff ដែលជាមិត្តភក្តិ ប៉ុន្តែបានក្លាយទៅជាសត្រូវនយោបាយរបស់លោក ឲ្យចេញពីតំណែង ចំពោះការចោទប្រកាន់ពីបទពុករលួយ។
នៅក្នុងសេចក្តីថ្លែងការណ៍ទី១របស់លោក Temer វ័យ៧៥ឆ្នាំ ក្នុងនាមជាមេដឹកនាំប្រេស៊ីល លោកបាននិយាយថា «យើងត្រូវតែលើកកម្ពស់ផ្នែកជំនួញសម្រាប់វិស័យឯកជន និងត្រូវធ្វើឲ្យថវិការបស់រដ្ឋាភិបាលមានតុល្យភាពឡើងវិញ»។
ប៉ុន្តែក្រុមអ្នករិះគន់ដែលត្រួតពិនិត្យតាមដានទៅលើគណៈរដ្ឋមន្រ្តីរបស់លោក Temer បាននិយាយថា ប្រទេសប្រេស៊ីលដែលមានចម្រុះជាតិសាសន៍នោះ មិនមានជនជាតិប្រេស៊ីលដើមកំណើតអាហ្រ្វិកនិងស្ត្រីនៅក្នុងគណៈរដ្ឋមន្រ្តីនោះទេ ដែលនេះជាលើកដំបូងបង្អស់ដែលបានកើតមានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
លោក Temer ក៏មានស្លាកស្នាមធ្លាប់ប្រព្រឹត្តអំពើពុករលួយដែរ។ ថ្វីត្បិតតែលោកមិនស្ថិតក្រោមការស៊ើបអង្កេត លោកនៅតែពាក់ព័ន្ធនឹងរឿងអាស្រូវក្រុមហ៊ុនប្រេងរបស់រដ្ឋ ដែលមានឈ្មោះថា Petrobras ដែលពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់នៃគណបក្សរបស់លោក និងលោកមន្ត្រីជាន់ខ្ពស់នៃគណបក្សរបស់លោកស្រី Rousseff ផងដែរ៕