ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រេស៊ីល៖ សំណាក​រស់​នៃ​វីរុស Zika ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​​សំណាក​ទឹក​មាត់ និង​ទឹក​នោម


បដា​ដែល​សរសេរ​ថា «Zika ចេញ​ទៅ» ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​អំឡុងពេល​ពិធីបុណ្យ​កានីវ៉ាល់​នៅ​ប្រទេស​ប្រេស៊ីល កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៦។
បដា​ដែល​សរសេរ​ថា «Zika ចេញ​ទៅ» ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​អំឡុងពេល​ពិធីបុណ្យ​កានីវ៉ាល់​នៅ​ប្រទេស​ប្រេស៊ីល កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៦។

ក្រុម​មន្ត្រី​សុខាភិបាលប្រទេស​ប្រេស៊ីល​បាននិយាយ​ថា​ ពួកគេ​បាន​រកឃើញ​សំណាក​រស់​នៃវីរុសជំងឺ​ហ្ស៊ីកា (Zika) នៅ​ក្នុង​សំណាក​ទឹក​មាត់ និង​ទឹក​នោម។

ថ្លែង​នៅ​ក្នុង​សនិ្នសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃសុក្រ​ លោក Paulo Gadelha ប្រធាន​មូលនិធិ Oswaldo Cruz ដែល​ហៅ​កាត់ថា Fiocruz បាន​និយាយ​ថា​ ការ​ថើប​មាត់គ្នាដោយ​ឥត​បាន​គិត​ទុក​ជាមុន​អាច «បង្កើន​គ្រោះថ្នាក់» នៃ​ការ​ឆ្លងវីរុស​នេះ។​ ក៏​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​បាន​ស្នើ​ថាមិន​គួរមាន​គោលនយោបាយ «ប្រឆាំង​នឹង​ការថើបមាត់គ្នា» នោះ​ទេ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ឯវិទ្យាស្ថាន​ស្រាវជ្រាវ​ Fiocruz ខាង​ជំងឺ​ក្នុង​តំបន់ត្រូពិច​បាន​និយាយ​ថា ​ពួកគេ​កំពុងរក​មើល​ ថា​តើ​អង្គធាតុ​រាវ​ក្នុង​រាង​កាយ​មនុស្សអាច​ចម្លង​ជំងឺ​ Zika ទៅ​កាន់​អ្នក​ជំងឺ​ថ្មី​បាន​ឬទេ។

ប្រទេស​ប្រេស៊ីល​បានចូល​ក្នុង​រដូវ​កានីវ៉ាល់​ ដែល​មាន​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​កាល​ពី​ថ្ងៃសុក្រ​។ រដូវកាល​កានីវ៉ាល់ជា​ពេល​វេលា​មួយ​ដែល​មនុស្ស​មាន​ទម្លាប់​ថើបមាត់​មនុស្សចម្លែក​ដែល​ខ្លួន​មិន​ស្គាល់​ពេល​ពួក​គេជួប​គ្នានៅ​ក្នុង​ការ​រាំ​រែកតាម​ដង​ផ្លូវ។

នៅ​ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ អង្គការ​សុខភាព​ពិភព​លោក​បានផ្តល់​ការ​ណែនាំ​ដល់​ក្រុម​មន្ត្រី​កុំ​ឲ្យ​ទទួល​ការ​ផ្តល់​ឈាម​ពី​មនុស្ស​ ដែល​បាន​វិល​ត្រឡប់​កាល​ពី​ពេល​ថ្មីៗ​នេះ​ពី​ប្រទេស​ដែល​មាន​ការ​រីករាល​ដាលវីរុស​ជំងឺ Zika។​

​វីរុស​នេះ​ ដែល​ត្រូវ​បាន​ចម្លង​ដោយ​មូស​ មាន​អត្រា​រីករាលដាលខ្លាំង​បំផុត​ក្នុង​ទ្វីប​អាមេរិក​ឡាទីន ​ជា​ពិសេស​ក្នុង​ប្រទេសប្រេស៊ីល ហើយ​បាន​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​បំផុត​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ៕

XS
SM
MD
LG