ក្រុមមន្រ្តីបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សយ៉ាងហោចណាស់ចំនួន៥២នាក់ត្រូវបានសម្លាប់ នៅពេលដែលមានការផ្ទុះភាពចលាចលនិងអគ្គីភ័យឆាបឆេះឡើងនៅក្នុងពន្ធនាគារមួយ ដែលស្ថិតនៅប៉ែកឥសាននៃប្រទេសម៉ិកស៊ិក។
អភិបាលរដ្ឋ Nuevo Leon លោក Jaime Rodriguez បានមានប្រសាសន៍ថា ការវាយប្រហារគ្នានេះបានផ្ទុះឡើងនៅពាក់កណ្តាលអាធ្រាត្រ រវាងក្រុមអ្នកទោសដែលជាគូសត្រូវនឹងគ្នានៅក្នុងពន្ធនាគារ Topo Chico នៃទីក្រុង Monterrey។ លោកបានមានប្រសាសន៍ថា អ្នកជាប់ពន្ធនាគារបានដុតភ្លើងនៅកន្លែងផ្ទុកទំនិញ ហើយអាជ្ញាធរបានធ្វើឲ្យស្ថានភាពនោះស្ថិតក្នុងសភាពនឹងនរឡើងវិញនៅវេលាម៉ោង១:៣០នាទីព្រឹក ម៉ោងនៅក្នុងស្រុក។
ញាតិមិត្តរបស់អ្នកទោសទាំងនោះបានប្រមូលផ្តុំគ្នានៅខាងក្រៅ ដោយបានបិទវិថីមួយនិងទាមទារចង់ដឹងពីសុខទុក្ខរបស់ញាតិមិត្តរបស់ខ្លួនដែលបានជាប់ក្នុងពន្ធនាគារនោះ។ មនុស្សមួយចំនួនបានស្រែកនិងជេរអ្នកយាមពន្ធនាគារ នៅពេលដែលអ្នកយាមទាំងនោះមិនបានផ្តល់ចម្លើយដល់ពួកគេ ហើយអ្នកខ្លះទៀតបានគប់ដុំថ្មដាក់ក្រុមអ្នកយាមទាំងនោះថែមទៀតផង។
លោកស្រី Gregoria Salazar ដែលជាប្រធានពន្ធនាគារ បានប្រាប់ដល់ក្រុមសាច់ញាតិទាំងនោះថា ការវាយប្រហារគ្នានេះបានកើតឡើងនៅទីតាំងចំនួន២ក្នុងពន្ធនាគារនោះ ហើយទីតាំងដែលដាក់អ្នកជាប់ទោសជាស្ត្រីនិងមនុស្សចាស់មានសភាពស្ងប់ស្ងាត់ធម្មតាទេ។
នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Twitter រដ្ឋាភិបាលរដ្ឋ Nuevo Leon បានច្រានចោលការដែលថា មានការហែកពន្ធនាគារ។
ហេតុការណ៍នេះបានកើតឡើងរយៈពេល៦ថ្ងៃមុនពេលដែលសម្តេចប៉ាប Francis គ្រោងនឹងធ្វើដំណើរទៅកាន់ពន្ធនាគារមួយទៀតរបស់ម៉ិកស៊ិកនៅទីក្រុង Ciudad Juarez នៃរដ្ឋ Chihuahua៕