ប៉ូលិសប្រេស៊ីលបានថ្លែងថា ឯកអគ្គរដ្ឋទូតក្រិកប្រចាំប្រទេសប្រេស៊ីល ដែលត្រូវបានគេឃើញមានជីវិតចុងក្រោយកាលពីថ្ងៃចន្ទកន្លងទៅនេះ ត្រូវបានធ្វើឃាតដោយភរិយារបស់លោកនិងមន្ត្រីប៉ូលិសដែលជាសង្សាររបស់ភរិយារបស់លោក ដែលបានសារភាពថាខ្លួនពិតជាបានសម្លាប់លោកឯកអគ្គរដ្ឋទូត។
មន្ត្រីស៊ើបអង្កេតនិយាយថា ពួកគេបានរកឃើញសាកសព ដែលគេជឿថាជាលោកឯកអគ្គរដ្ឋទូត Kyraikos Amiridis នៅក្នុងរថយន្តជួលមួយគ្រឿងដែលត្រូវបានគេដុតចោលនៅក្នុងសង្កាត់ Nova Iguacu នៅជាយក្រុង Rio de Janeiro។ ប្តីប្រពន្ធលោកឯកអគ្គរដ្ឋទូត សម្រាកវិស្សមកាលនៅទីនោះ ហើយលោក Amiridis ត្រូវត្រលប់មកធ្វើការនៅទីក្រុង Brasilia នៅថ្ងៃទី៩ ខែមករា ខាងមុខ។
ប៉ុន្តែភរិយារបស់លោក Amiridis គឺអ្នកស្រី Françoise Oliveira រាយការណ៍ប្រាប់ប៉ូលិសកាលពីថ្ងៃពុធថា ស្វាមីអ្នកស្រីបានចេញពីផ្ទះនៅយប់ថ្ងៃចន្ទ និងមិនបានត្រលប់មកវិញ។ មន្ត្រីស៊ើបអង្កេតនិយាយកាលពីថ្ងៃសុក្រថា ពួកគេបានរកឃើញឈាម ដែលពួកគេជឿថា ជាឈាមរបស់លោក Amiridis នៅលើសាឡុង ក្នុងផ្ទះដែលប្តីប្រពន្ធមួយគូនេះ សម្រាកលំហែកាយ។
ប៉ូលិសម្នាក់ឈ្មោះ Sergio Moreira បានសារភាពអំពីរឿងឃាតកម្មនេះ ដោយនិយាយថា លោកបានសម្លាប់លោកឯកអគ្គរដ្ឋទូតនៅផ្ទះនោះកាលពីយប់ថ្ងៃចន្ទ បន្ទាប់មកយកសពទៅដាក់ក្នុងឡាន ដែលក្រោយមកត្រូវបានបើកចេញទៅកាន់កន្លែងដែលគេរកឃើញឡានដែលឆេះនោះ។
បងប្អូនជីដូនមួយម្នាក់របស់ប៉ូលិសនោះ បានជួយផ្លាស់ទីសព ជាថ្នូរនឹងប្រាក់។ ជនសង្ស័យទាំងបីនាក់រួមមានប្រពន្ធ សាហាយ និងបងប្អូនជីដូនមួយសហាយ កំពុងស្ថិតនៅក្រោមការឃុំឃាំងរបស់ប៉ូលិស៕