ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង្វះ​ខាត​សម្ភារៈ​និង​យុទ្ធសាស្ត្រ​ជាបញ្ហាប្រឈមរបស់សហរដ្ឋអាមេរិកក្នុងការ​​ប្រយុទ្ធ​ប្រឆាំង​នឹងវីរុសកូរ៉ូណា


បុគ្គលិកសុខាភិបាលកំពុងត្រួតពិនិត្យអ្នកធ្វើដំណើរតាមរថយន្តដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩ នៅមជ្ឈមណ្ឌលសុខភាព Doris Ison Health Center នៅទីក្រុង Miami រដ្ឋ Florida កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។
បុគ្គលិកសុខាភិបាលកំពុងត្រួតពិនិត្យអ្នកធ្វើដំណើរតាមរថយន្តដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩ នៅមជ្ឈមណ្ឌលសុខភាព Doris Ison Health Center នៅទីក្រុង Miami រដ្ឋ Florida កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

ករណី​ការ​ឆ្លងមេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​ ដែល​បណ្តាល​ឲ្យ​កើត​ជំងឺ​កូវីដ១៩ បាន​កើន​ឡើង​ដល់​ជាង​៤០០.០០០​ករណី ត្រឹម​ថ្ងៃ​អង្គារ​នេះ។ ព្រម​ពេល​ជាមួយ​គ្នា​នេះ​ដែរ​មន្ត្រី​បាន​រក​ឃើញ​មាន​ករណី​ឆ្លង​មេរោគ​នេះជាង​៤៦.០០០​ករណី នៅ​សហរដ្ឋ​អាមេរិក។ ក្រុម​អភិបាល​រដ្ឋទាំង​៥០​របស់​សហរដ្ឋ​អាមេរិក​និយាយ​ថា​រដ្ឋាភិបាល​សហព័ន្ធ​ មាន​ការ​យឺតយ៉ាវ​ខ្លាំង​ក្នុង​ការ​ផ្តល់​សម្ភារៈ​ចាំបាច់​នានា​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​ការពារ​ពលរដ្ឋ ប៉ុន្តែ​រដ្ឋាភិបាល​សហព័ន្ធ​នៅ​ក្រុង​វ៉ាស៊ីនតោន​និយាយ​ថា​សម្ភារៈ​ផ្គត់​ផ្គង់​កំពុង​បញ្ជូន​ទៅ​ហើយ។​

អ្នក​ជំនាញ​សុខាភិបាល​យល់​ស្រប​គ្នា​ថា គេ​ត្រូវ​ការ​រយៈ​ពេល​ប្រហែល​មួយ​ឆ្នាំ​ទៀត​ទើប​អាច​បង្កើត​វ៉ាក់សាំង​ការពារ​កូរ៉ូណាវីរុស​បាន។ នៅ​ពេល​នេះ​ ប្រទេស​នានា​ត្រូវ​ប្រុងប្រៀប​ចំពោះ​ការ​កើន​ឡើង​យ៉ាង​គំហុក​នៃ​ចំនួនករណី​ឆ្លងដែល​នឹង​ដាក់​បន្ទុក​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រព័ន្ធ​សុខាភិបាល​នៅ​ក្នុង​ប្រទេស​នានា។ នៅ​សហរដ្ឋ​អាមេរិក ការ​ត្រៀម​ខ្លួន​នេះ​ បាន​ចាប់​ផ្តើម​ដោយ​មានបន្ទោស​ចង្អុល​ដាក់​គ្នា ដោយ​រដ្ឋ​នានា​ថា​រដ្ឋាភិបាល​សហព័ន្ធ​មិន​បានធ្វើ​ការ​ឆ្លើយ​តប​គ្រប់គ្រាន់ ខណៈ​ដែល​រដ្ឋាភិបាល​សហព័ន្ធ​ថា​ខ្លួន​កំពុង​ប្រឹងប្រែង​ធ្វើ​អ្វីៗ​ទាំង​អស់​ហើយ។

លោក Pete Gaynor ប្រធាន​ទីភ្នាក់​ងារ​គ្រប់​គ្រងគ្រោះមហន្ត​រាយសហព័ន្ធ ​FEMA របស់​សហរដ្ឋ​អាមេរិក​ថ្លែង​ថា៖

«យើង​កំពុង​បញ្ជូន​[សម្ភារៈ]​ចេញ​ពីឃ្លាំងស្តុក​របស់​ជាតិ។ យើងកំពុង​បញ្ជូន​សម្ភារៈ​ពី​ក្រុមហ៊ុន​លក់​សម្ភារៈ។ យើង​កំពុង​បញ្ជូន​សម្ភារៈ​ពី​អ្នក​ផ្តល់​ជំនួយ។ កិច្ចការ​បញ្ជូន​នេះ​កំពុង​ធ្វើ​ឡើង។ តម្រូវការ​ពី​បណ្តា​អភិបាល​រដ្ឋ​នានា​ជា​រឿង​ល្អ​ណាស់។ តម្រូវការ​ពី​ជុំ​វិញ​ពិភពលោក​ជា​រឿង​ល្អ​ណាស់»។​

​ដង​ផ្លូវ​នៅតាម​ទី​ក្រុង​ភាគ​ច្រើន​នៅ​សហរដ្ឋ​អាមេរិក​មាន​ភាព​ស្ងាត់​ជ្រងំ ហើយ​ពី​មួយ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មានរដ្ឋ​ច្រើន​ឡើង​ដែល​ចេញបញ្ជា​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​មិន​ចាក​ចេញ​ពី​ផ្ទះ​ប្រសិន​បើ​មិន​មាន​ការ​ចាំបាច់។ អភិបាល​នៃ​រដ្ឋ​ទាំង​នេះ​និយាយ​ថា​ជំនួយ​ពី​រដ្ឋាភិបាល​សហព័ន្ធមាន​ភាព​យឺតយ៉ាវ។

លោក Phil Murphy អភិបាល​រដ្ឋ New Jersey ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​ថា៖

«យើង​កំពុង​ត្រូវ​ការ​សម្ភារៈ​ការពារ​ខ្លួន PPE។ យើង​បាន​ធ្វើ​ការ​ស្នើ​សុំ​យ៉ាង​ធំ​មួយ​ចំពោះ​សេតវិមាន​ដើម្បី​យក​សម្ភារៈ​ពី​ឃ្លាំង​ស្តុក​យុទ្ធសាស្ត្រ​របស់​ជាតិ។ សេតវិមាន​បាន​បញ្ជូន​សម្ភារៈ​មួយ​ភាគ​តូច​ប៉ុណ្ណោះ​នូវ​អ្វី​ដែល​យើង​បាន​ស្នើ​សុំ។ ប៉ុន្តែ​យើង​ត្រូវ​ការ​សម្ភារៈ​ការពារ​ខ្លួន PPE ច្រើន​ជាង​នេះ​ខ្លាំង​ណាស់ ដើម្បី​ទាំង​ការពារ​បុគ្គលិក​សុខាភិបាល​របស់​យើង និង​ព្យាបាល​អ្នក​ជំងឺ»។

អភិបាល​រដ្ឋ​មួយ​រូប​ទៀត គឺ​លោកស្រី Gretchen Whitmer អភិបាល​រដ្ឋ​ Michiganដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដែរ​នោះ ថ្លែង​ថា៖

«នឹង​មាន​ការ​បាត់​បង់​ជីវិត​កើត​ឡើង​ដោយ​សារ​យើង​មិន​បាន​ត្រៀមខ្លួន​គ្រប់គ្រាន់។ ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​ត្រូវ​ដោះស្រាយ​បញ្ហា ហើយ​ខ្ញុំ​ត្រូវ​ការ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​ជួយ​ខ្ញុំ​ដើម្បី​ធានា​ថា​ខ្ញុំ​មាន​សម្ភារៈ​ដែល​ខ្ញុំ​ត្រូវ​ការ​សម្រាប់​បុគ្គលិក​យើង​ទាំង​អស់​ដែល​ធ្វើ​ការ​នៅ​ជួរ​មុខ ជា​ពិសេស ហើយ​ក៏​ត្រូវ​ការ​ឧបករណ៍​បញ្ជូល​ខ្យល់​ដង្ហើមសម្រាប់​មនុស្ស​ដែល​នឹង​ត្រូវ​រង​គ្រោះ»។​

នៅ​ក្នុង​សន្នីសីទ​សារព័ត៌មានមួយ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ (ទី​២២ ខែ​មីនា) លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ (Donald Trump) ជា​ថ្មី​ម្តង​ទៀត​បាន​ហៅ​មេរោគ​កូរ៉ូណា​ថ្មី​នេះ​ថា​ជា​ «វីរុស​ចិន» ប៉ុន្តែ​លោក​បាន​សង្កត់​ធ្ងន់​ថា​ សម្ភារៈ​ផ្គត់ផ្គង់​កំពុង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​រដ្ឋ​នានា ហើយ​សម្ភារៈ​ខ្លះ​បាន​ទៅ​ដល់​រួច​ហើយ។ លោក​ត្រាំ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​

«យើង​បាន​បញ្ជូន​សម្ភារៈ​បរិក្ខា​សុខាភិបាល​ជា​ច្រើន​និង​សម្ភារៈ​ផ្គត់ផ្គង់​ផ្សេង​ទៀត ទៅ​កាន់​រដ្ឋ​ទាំង​នោះ ដោយ​រួម​មាន​សម្ភារៈ​ដូច​ជា​ ឧបករណ៍​បញ្ជូល​ខ្យល់​ដង្ហើម​ ម៉ាស់​មុខ​ប្រើ​សម្រាប់​ពេល​វះកាត់ និង​អាវ​វះកាត់ មួក​គ្រប​ការពារ​មុខ សម្លៀក​បំពាក់​ការពារ​ខ្លួន​ជិត ស្រោម​ដៃ ហើយ​សម្ភារៈ​យ៉ាង​ច្រើនបាន​ត្រូវ​បញ្ជូន​រួច​ហើយ​ទៅ​កាន់​រដ្ឋ​វ៉ាស៊ីនតោន​និង​រដ្ឋ​ញូវយ៉ក»។

ចំនួន​នៃ​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​ កាន់​តែ​កើន​ឡើង​ ដោយ​ចំនួន​អ្នក​ស្លាប់​នៅ​ទូទាំង​ពិភពលោក​បាន​កើន​ឡើង​ដល់​ជាង ១៦.០០០​នាក់​ គិត​មក​ត្រឹម​ថ្ងៃ អង្គារ​ (២៤ មីនា) នេះ។ អភិបាល​នៃ​តំបន់​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេ​នៅ​ប្រទេស​អ៊ីតាលី​និយាយ​ថា ប្រព័ន្ធ​សុខាភិបាល​នៅ​ទី​នោះបាន​ទទួល​រង​សម្ពាធ​ដល់​ហួស​សមត្ថភាព​ហើយ ដោយ​មាន​ករណី​ឆ្លង​ទៅ​បុគ្គលិក​សុខាភិបាល​ម្នាក់​ក្នុង​ចំណោម​បុគ្គលិក​សុខាភិបាល​១០​នាក់៕

ប្រែសម្រួល​ដោយ សឹង សុផាត

XS
SM
MD
LG