ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ក្រុមហ៊ុនរថយន្តអាមេរិកាំង ៣ គឺក្រុមហ៊ុន General Motors ក្រុមហ៊ុន Ford Motor និង Tesla បានទទួលបទបញ្ជានៅក្នុងការផលិតឲ្យបានឆាប់នូវឧបករណ៍ជួយផ្លូវដង្ហើម និងផលិតផលធ្វើពីលោហៈផ្សេងទៀត ដែលត្រូវការចាំបាច់នៅក្នុងការព្យាបាលពលរដ្ឋអាមេរិកាំងដែលឆ្លងមេរោគកូរ៉ូណាថ្មី។
លោក Trump រងការវាយប្រហារដោយពាក្យសម្ដីពីសំណាក់សមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួនថាមិនបានយកអំណាចសម័យសង្គ្រាមកូរ៉េទសវត្សរ៍ ១៩៥០ មកប្រើដើម្បីបង្ខំឲ្យក្រុមហ៊ុនអាមេរិកាំងនានាផលិតឧបករណ៍ពេទ្យដើម្បីទប់ស្កាត់ការឆ្លងមេរោគកូរ៉ូណា ប៉ុន្តែកន្លងមក លោកបានជំទាស់មិនចេញបទបញ្ជាផ្ទាល់ណាមួយ ហើយស្របពេលនោះដែរសរសើរកិច្ចប្រឹងប្រែងស្ម័គ្រចិត្តរបស់ក្រុមហ៊ុនអាមេរិកាំងធំៗនានា។
លោក Peter Gaynor ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបន្ទាន់របស់រដ្ឋាភិបាលសហព័ន្ធ បានប្រាប់ទីភ្នាក់ងារព័ត៌មាន CNN កាលពីថ្ងៃអាទិត្យម្សិលមិញថា លោក Trump មិនបានយកច្បាប់ផលិតកម្មផ្នែកការពារមកអនុវត្ត ដើម្បីបង្ខំឲ្យក្រុមហ៊ុននានាផលិតម៉ាស់ការពារ ឧបករណ៍ជួយផ្លូវដង្ហើម និងគ្រឿងផ្គត់ផ្គង់ពេទ្យសំខាន់ៗផ្សេងទៀត ដោយសារតែការផលិតរបស់អស់ទាំងនេះគឺធ្វើឡើងដោយស្ម័គ្រចិត្ត។
កាលពីថ្ងៃសុក្រ លោក Trump បាននិយាយថា៖ «រឿងរ៉ាវល្អនានាបានកើតឡើង។ យើងទទួលបានការហៅទូរស័ព្ទពីក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផ្សេងទៀតដែលនិយាយថា ពួកគេមានសមត្ថភាព ហើយពួកគេចង់ផលិតឧបករណ៍ជួយផ្លូវដង្ហើម និងឧករណ៍ផ្សេងទៀត។ ក្រុមហ៊ុនទាំងនេះចង់ធ្វើការ និងជួយប្រទេសរបស់យើង»៕