សភាជាន់ទាបនៃប្រទេសជប៉ុនបានបោះឆ្នោតឱ្យលោក Shinzo Abe កាន់តំណែងជានាយករដ្ឋមន្ត្រីតទៅទៀត។
ការជាប់ឆ្នោតជាថ្មីរបស់លោកនៅថ្ងៃពុធនេះ មានឡើងតែប៉ុន្មានថ្ងៃក្រោយពីគណបក្សប្រជាធិបតេយ្យសេរីនិយមហៅកាត់ថា LDP របស់លោកដែលមានអាយុ៦៣ឆ្នាំនិងគណបក្ស Komeito ដែលជាគណបក្សដៃគូក្នុងក្រុមចម្រុះបានទទួលជ័យជម្នះដាច់ណាត់នៅក្នុងការបោះឆ្នោតសភា ដោយទទួលបានចំនួនភាគច្រើន២ភាគ៣នៅក្នុងសភា Diet។ គេរំពឹងថាលោក Abe នឹងរក្សាទុករដ្ឋមន្ត្រីទាំងអស់នៅក្នុងគណៈរដ្ឋមន្ត្រីបច្ចុប្បន្នរបស់លោក។
លោក Abe បានរំលាយសភា Diet កាលពីខែកញ្ញា ហើយអំពាវនាវឱ្យមានការបោះឆ្នោតមុនពេលកំណត់ នៅពេលដែលមានកំណើនការគាំទ្រដល់គោលជំហរយ៉ាងតឹងរ៉ឹងរបស់លោកប្រឆាំងនឹងការគំរាមកំហែងបរមាណូដោយប្រទេសកូរ៉េខាងជើង។
ជ័យជម្នះកាលពីថ្ងៃទី២២ខែតុលា នាំឱ្យស្ថានភាពនយោបាយរបស់លោក Abe ល្អប្រសើរជាងមុនច្រើនក្រោយពីការគាំទ្រលោកបានចុះថយជិត៣០ភាគរយកាលពីពីរបីខែមុននេះ ដោយសារមានរឿងអាស្រូវនយោបាយក្នុងប្រទេសដោយមានការចោទប្រកាន់ថាលោកបានប្រើប្រាស់តំណែងរបស់លោកដើម្បីជួយពួកមិត្តភ័ក្តិនិងគ្រួសារលោក។
ជ័យជម្នះនេះក៏នឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់លោក Abe ក្នុងការសើរើ
រដ្ឋធម្មនុញ្ញសន្តិភាពនិយម នៅក្រោយសង្គ្រាមលោកលើកទីពីរដែលកម្រិតក្រុមយោធាជប៉ុនឱ្យធ្វើសកម្មភាពតែក្នុងការការពារខ្លួនឯងតែប៉ុណ្ណោះ។ ជ័យជម្នះនេះក៏អាចបើកផ្លូវឱ្យលោក Abe ឈ្នះឆ្នោតសម្រាប់អាណត្តិបីឆ្នាំមួយលើកទៀតជាមេដឹកនាំនៃគណបក្ស LDP នៅខែកញ្ញាក្រោយដែលនាំឱ្យលោកឋិតក្នុងអំណាចរហូតដល់ឆ្នាំ២០២១ ហើយការណ៍នេះធ្វើឱ្យលោកជានាយករដ្ឋមន្ត្រីបម្រើការយូរជាងគេនៃប្រទេសជប៉ុន។ លោក Abe បានកាន់តំណែងនាយករដ្ឋមន្ត្រីជាដំបូងកាលពីឆ្នាំ២០១២៕