ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឥណ្ឌា​និង​ជប៉ុន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើន​សកម្មភាព​នៅ​ដែន​សមុទ្រ​ដោយ​យក​ចិន​ជា​គោល​ដៅ

  • Ralph Jennings

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe (រូប​ស្តាំ) និង​លោក​នាយក​រដ្ឋមន្ត្រី Narendra Modi បក់​ដៃ​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សម្រាប់​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿនមួយ​នៅ​ក្នុង​ក្រុង Ahmadabad ប្រទេស​ឥណ្ឌា​ កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧។

អ្នក​ជំនាញ​និយាយ​ថា ប្រទេស​ឥណ្ឌា​និង​ជប៉ុន ដែល​ចង់​រក្សា​តុល្យភាព​នៃ​អំណាច​ដ៏​ខ្លាំង​ក្លា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​អាស៊ី​ អាច​នឹង​បញ្ជូន​ទាហាន​ល្បាត​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ ឬ​លក់​សព្វាវុធ​ទៅ​ឲ្យប្រទេស​មាន​ជម្លោះ​ជាមួយ​នឹង​ចិន បន្ទាប់​ពី​មាន​កិច្ចប្រជុំ​ថ្នាក់​មន្ត្រី​ជាន់​ខ្ពស់​ចំនួន​ពីរ​​កាលពី​ខែកញ្ញា។ ​

ប្រទេស​អាស៊ី​ទាំង​ពីរ​នេះ​អាច​លក់​ឬ​បរិច្ចាគ​សព្វាវុធ​កាន់​តែ​ច្រើន​ទៅ​ឲ្យ​ប្រទេស​ដែលជា​គូ​ប្រជែង​ទាមទារ​ដែន​សមុទ្រជាមួយ​នឹង​ចិន ដូចជា​វៀតណាម​ជាដើម។ ធ្វើ​ដូច្នេះ​ ពួកគេ​អាច​បង្កើត​ការ​ការពារ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ប្រទេស​ជប៉ុន​ក៏​ប្រហែល​ជា​ប្រើ​ប្រាស់​នាវា​ល្បាត​ដែន​សមុទ្រ​ឬ​កង​នាវា​ជើង​ទឹក​ទៅ​ល្បាត​សមុទ្រ​ចិន​ខាង​ត្បូង ដើម្បី​បញ្ជាក់​ថា សមុទ្រ​នេះ​នៅ​តែ​បើក​ចំហរ បើ​ទោះ​បី​ជា​ចិន​ទាមទារ​សមុទ្រ​នេះ​រហូត​ដល់​ទៅ​៩០​ភាគ​រយ​ក៏​ដោយ។

អ្នក​វិភាគ​និយាយ​ថា ប្រទេស​ឥណ្ឌា​ប្រហែល​នឹង​បន្ត​ការ​រុក​រក​ប្រេង​ និង​ឧស្ម័ន​រួម​គ្នា​ជាមួយ​នឹង​ប្រទេស​វៀតណាម​ នៅ​លើ​សមុទ្រ​ដែល​មាន​ទំហំ​៣,៥លាន​គីឡូម៉ែត្រ​ការ៉េ​នេះ។

លោក Gregory Poling ប្រធាន​គម្រោង​គំនិត​ផ្តួចផ្តើម​តម្លាភាព​ដែន​សមុទ្រ​នៅ​អាស៊ី (Asia Maritime Transparency Initiative) នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ​អាមេរិក​សម្រាប់​ការ​សិក្សា​អន្តរជាតិ​និង​យុទ្ធសាស្ត្រ (American think tank Center for Strategic and International Studies) បាន​និយាយ​ថា៖ «រដ្ឋាភិបាល​ក្រុង​ញូវដេលី​ និង​ក្រុង​តូក្យូ​បាន​បោះជំហាន​ក្នុង​ការ​ខិតខំ​កសាង​សមត្ថភាព​នៅ​ក្នុង​តំបន់ ដោយ​ប្រទេស​ជប៉ុន​បាន​ផ្តោត​ជា​ចម្បង​លើ​ការ​ផ្តល់​នាវា​ល្បាត និង​ការ​បណ្តុះបណ្តាល​សម្រាប់​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ហើយ​ប្រទេស​ឥណ្ឌា​កំពុង​លក់​សព្វាវុធ​ និង​ផ្តល់ការ​ហ្វឹកហ្វឺន​ដល់​កងទ័ព​ជើង​ទឹក​វៀតណាម»។

កិច្ចប្រជុំ​ថ្នាក់​មន្ត្រី​ជាន់​ខ្ពស់​ចំនួន​ពីរ​ក្នុង​ពេល​មួយ​សប្តាហ៍

លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ​Shinzo Abe បាន​ជួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃទី​១៣ និង​១៤ ខែ​កញ្ញា កន្លង​ទៅ​នេះ ដើម្បី​ពិភាក្សា​លើ «ការ​បង្កើន​កិច្ចសហការ​សន្តិសុខ​ដែន​សមុទ្រ» នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រសួង​ការបរទេស​ជប៉ុន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌា​បាន​និយាយ​ថា កាលពី​ថ្ងៃ​ទី១៩ ខែ​កញ្ញា រដ្ឋមន្ត្រី​ការបរទេស​របស់​ប្រទេស​ទាំង​ពីរ​បាន​ជួប​ប្រជុំ​គ្នា​នៅ​អង្គការ​សហប្រជាជាតិ​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​Rex Tillerson ដើម្បី​ពិភាក្សា​អំពី​សេរីភាព​នាវាចរណ៍​ និង​ការ​គោរព​ច្បាប់​អន្តរជាតិ។​

អ្នក​វិភាគ​យល់​ថា កិច្ចពិភាក្សា​ទាំង​ពីរ​នេះ​គឺ​យក​ប្រទេស​ចិន​ជា​គោលដៅ រួម​ទាំង​ការ​ពង្រីក​យោធា​របស់​ចិន​នៅ​លើ​ដែន​សមុទ្រ​ដែល​មាន​ជម្លោះ​តាំង​ពី​ឆ្នាំ​២០១០មក​ផង​ដែរ។

ទាំង​ឥណ្ឌា​និង​ជប៉ុន​មិន​មែន​ជា​អ្នក​ទាមទារ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ទេ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​នេះ​បាន​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​លើ​ចិន​យ៉ាង​ខ្លាំង ​ដោយសារ​មាន​ការ​ព្រួយបារម្ភ​ថា ​ចិន​អាច​ក្លាយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​និង​អំណាច​យោធា​ធំ​បំផុត​នៅ​អាស៊ី។ ទោះ​ជា​មាន​កិច្ចប្រជុំ​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី Tillerson នៅ​បុរី​ញូវយ៉ក​ក៏​ដោយ ក៏​រដ្ឋាភិបាល​អាមេរិក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​យក​ចិត្ត​ទុក​ខ្លាំងពី​បញ្ហា​យោធា​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ទៅ​វិញ​ទេ។

សព្វាវុធ​សម្រាប់​ប្រទេស​តូច​ជាង​ចិន​ដែល​ទាមទារ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​

អ្នក​វិភាគ​និយាយ​ថា ជប៉ុន​និង​ឥណ្ឌា​អាច​លក់​សព្វាវុធ​បន្ថែម​ទៀត​ទៅ​ឲ្យ​ប្រទេស​អាស៊ីអាគ្នេយ៍​ចំនួន​៤​ ដែល​មាន​ផ្ទៃ​ទឹក​ត្រួត​ស៊ី​គ្នា​ជាមួយ​នឹង​ដែន​សមុទ្រ​ដែល​ចិន​ទាមទារ។

ជប៉ុន​បាន​បង្ហាញ​ជំហររបស់​ខ្លួនកាល​ពី​ខែ​មករា​ថា ខ្លួន​អាច​នឹង​ផ្តល់​នាវា​ល្បាត​ចំនួន​៦​គ្រឿង​ឲ្យ​ទៅ​ប្រទេស​វៀតណាម ដើម្បី​ជួយ​ដល់​សន្តិសុខ​ដែនសមុទ្រ។ វៀតណាម​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​នឹង​នាវា​ចិន​ចំនួន​៣​ដង ចាប់​ពី​ទសវត្សរ៍​១៩៧០​មក។ កាល​ពី​ខែ​សីហា​ឆ្នាំ​មុន ជប៉ុន​បាន​ចាប់​ផ្តើម​ផ្តល់​នាវា​ការពារ​ឆ្នេរ​ចំនួន​១០គ្រឿង​ទៅ​ឲ្យ​ប្រទេស​ហ្វីលីពីន ​តាម​រយៈ​កិច្ចព្រមព្រៀង​ជា​ប្រាក់​កម្ចី​។

ប្រទេស​ឥណ្ឌា​បាន​ពិភាក្សា​ជាមួយ​នឹង​ប្រទេស​វៀតណាម​អំពី​ការ​ផ្គត់​ផ្គង់​កាំជ្រួច​មីស៊ីល​ល្បឿន​លឿន​ឈ្មោះថា ​BrahMos ក្នុង​ចំណោម​កាំជ្រួច​មីស៊ីល​ផ្សេងៗ​ទៀត។ កាំជ្រួច​មីស៊ីល​នេះ​ត្រូវ​បាន​ផលិត​រួម​គ្នា​ជាមួយនឹង​ប្រទេស​រុស្ស៊ី។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​កាល​ពី​ដើម​ឆ្នាំ​នេះ​បាន​ចោទ​ប្រកាន់​ប្រទេស​ឥណ្ឌា​ថាបង្ក​បញ្ហា។ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៦ ប្រទេស​ឥណ្ឌា​បាន​ផ្តល់​ប្រាក់​កម្ចី​ចំនួន​៥០០​លាន​ដុល្លារ​ដល់​ប្រទេស​វៀតណាម​ក្នុង​ការ​ទិញ​សម្ភារៈ​ការពារ​និង​នាវា​ល្បាត។

ការ​បញ្ជូន​បេសកកម្ម​ល្បាត​ទៅ​កាន់​ដែន​សមុទ្រ​មាន​ជម្លោះ

លោក Le Hong Hiep ដែល​ជា​អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន ISEAS Yusof Ishak ក្នុង​ប្រទេស​សិង្ហបុរី​បាន​និយាយ​ថា ជប៉ុន​អាច​នឹង​ធ្វើ​ការ​សាកល្បង​ពី​សមត្ថភាព​របស់​ចិន​តាមរយៈ​ការ​ល្បាត​តូច​មួយ។ កាល​ពី​ខែ​ឧសភា ​ជប៉ុន​បាន​បញ្ចូន​នាវា​ពិឃាដ​ Izumo ​ទៅ​ដែន​សមុទ្រនេះ ដើម្បី​ឈប់​សំចត​នៅ​តាម​កំពង់ផែ​អាស៊ី​អាគ្នេយ៍​ក្នុង​ដំណើរ​ទៅចូលរួម​សមយុទ្ធ​យោធា​រួម​គ្នា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

លោក Le បាន​និយាយ​ថា៖ «អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​គឺ​ថា ​ពួក​គេ​បាន​បញ្ជូន​នាវា​មួយ​គ្រឿង​ទៅ​ក្នុង​ឆក​សមុទ្រ Aden ​ហើយ​នៅ​តាម​ផ្លូវ​ត្រឡប់​មក​វិញ ពួក​គេ​បាន​ធ្វើ​ការ​ល្បាត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង និង​បាន​សំចត​នៅ​ក្នុង​ប្រទេស​វៀតណាម​និង​ប្រទេស​ផ្សេង​ទៀត។ ប៉ុន្តែ​ពួកគេ​មិន​មាន​រៀប​ចំ​កម្មវិធី​ធ្វើ​នាវា​ចរណ៍​ដោយ​សេរីជា​លក្ខណៈ​អន្តរជាតិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ ដោយសារ​តែ​ការ​ធ្វើ​ដូច្នេះ​នឹង​បង្ក​ឲ្យ​ប្រទេស​ចិន​ខឹង​សម្បារ»។

លោក​បាន​បន្ថែម​ថា៖ «ប៉ុន្តែ​នៅពេល​អនាគត ខ្ញុំ​មិន​ប្រាកដ​នោះ​ទេ ដោយសារ​តែ​ជប៉ុន​ក៏​ទទួល​បាន​ប្រយោជន៍​ខ្លះ​ក្នុង​ការ​រារាំង​ដល់មហិច្ឆតា​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ»។

ការ​ល្បាត​និង​ការនេសាទ​អាច​បង្ហាញ​ថា សមុទ្រ​នេះ​បើក​នៅ​បើក​ចំហរ​ដល់​ប្រទេស​ដទៃ​ទៀត​ ទោះជា​មាន​ការ​អះអាង​ទាមទារ​បូរណភាព​របស់​ចិន​លើ​ផ្លូវ​ទឹក​នៅ​ឆ្នេរ​ខាង​ត្បូង​ក៏​ដោយ។ ប្រទេស​ចិន​បាន​ពង្រឹង​ការ​គ្រប់​គ្រង​របស់​ខ្លួន និង​ធ្វើ​ឲ្យ​ប្រទេស​ទាមទារ​ផ្សេង​ទៀត​ខឹង​សម្បារ​ តាមរយៈ​ការ​ចាក់​ដី​កសាង​កោះ​សិប្បនិម្មិត​សម្រាប់​តំឡើង​ប្រព័ន្ធ​រ៉ាដា​និង​ផ្លូវយន្តហោះ​ចម្បាំង​ឡើង​ចុះ។

ប្រទេស​ព្រុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ វៀតណាម និង​ហ្វីលីពីន​បាន​ទាមទារ​ផ្នែក​ទាំង​អស់​ឬ​ផ្នែក​ខ្លះ​នៃ​ដែន​សមុទ្រ​មួយ​នេះ។

លោក Andrew Yang ​អគ្គលេខាធិការ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយក្រុម​ប្រឹក្សា​ចិន​សម្រាប់​ការ​សិក្សា​គោលនយោបាយ​ជាន់​ខ្ពស់​នៅ​កោះ​តៃវ៉ាន់​បាន​និយាយ​ថា ឥណ្ឌា​និង​ជប៉ុន​អាច​នឹង​ល្បាត​សមុទ្រ​នេះ​ជាមួយ​គ្នា ដោយ​ប្រើ​ប្រាស់​នាវា​ល្បាត​សមុទ្រ។ លោក​បាន​បន្ថែម​ថា ​ពួក​គេ​អាច​នឹង​បញ្ជូន​នាវា​ចម្បាំង​ទៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ម្តងម្កាល។

លោក Yang បាន​និយាយ​ថា៖ «ពួកគេ​ប្រហែល​ជា​នឹង​បង្កើន​សកម្មភាព​រួម​គ្នា​របស់​ខ្លួន​ដើម្បី​បង្ហាញ​ថា ជប៉ុន​និង​ឥណ្ឌា​កំពុង​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ នៅ​ក្នុងអ្វី​ដែល​គេ​ហៅ​ថា​ ជា​ការ​គ្រប់​គ្រង​ផ្អែក​តាម​ច្បាប់​ទម្លាប់​នៅ​ក្នុង​សមុទ្រ​ខាង​ត្បូង​និង​នៅ​ក្នុង​តំបន់»។

ការផ្តើម​គំនិត​របស់​ឥណ្ឌា​នៅ​អាស៊ី​អាគ្នេយ៍

លោក Le បាន​និយាយ​ថា ក្នុង​នាម​ជា​ដៃ​គូ​វិនិយោគ​និង​ពាណិជ្ជកម្ម​ដែល​លូត​លាស់​ខ្លាំង​ជាមួយ​នឹង​វៀតណាម ឥណ្ឌា​បាន​បង្ហាញ​នូវ​អំណាច​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ដោយ​ធ្វើ​ការ​ជាមួយ​នឹង​ក្រុមហ៊ុន​វៀតណាម​ក្នុង​ការ​រុករក​ប្រេង​និង​ឧស្ម័ន។

លោក​ Le បាន​ថ្លែង​ទៀត​ថា ក្នុង​រយៈ​ពេល​៣ឆ្នាំ​ចុង​ក្រោយ​នេះ សាខា​នៅ​ក្រៅ​ប្រទេស​របស់​ក្រុមហ៊ុន​ ONGC ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ឥណ្ឌា បាន​ធ្វើ​ការ​ជាមួយ​នឹង​សហគ្រាស​រុករក​ប្រេង PetroVietnamដើម្បី​រុក​រក​ប្រេង​និង​ឧស្ម័ន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ កិច្ច​សហការ​នេះ​ជួយ​ឲ្យ​វៀតណាម​បង្កើន​នូវ​ «អំណាច​ក្នុង​ការ​ចរចា» ​ជាមួយ​នឹង​ប្រទេស​ចិន។

ចាប់​តាំង​ពី​ចាញ់​ក្តី​នៅ​ក្នុង​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​ទាក់​ទង​នឹង​ការ​ទាមទារ​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ខាង​ត្បូង​កាលពី​ឆ្នាំ​មុនមក​ ប្រទេស​ចិន​បាន​ស្វែង​រក​ការ​គាំទ្រ​ពីបណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​តាម​រយៈ​ការ​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​និង​ការ​ធ្វើ​វិនិយោគ​នានា។ ប្រទេស​ម៉ាឡេស៊ី វៀតណាម និង​ហ្វីលីពីន​ទទួល​យក​ការ​ផ្តើម​គំនិតទាំង​នេះ​ពី​ចិន​និង​ពី​ប្រទេស​ធំៗ​ផ្សេង​ទៀត​ផង​ដែរ។

អ្នកស្រី ​Maria Ela Atienza សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ The Philippines Diliman បាន​និយាយ​ថា ជា​ឧទាហរណ៍ ហ្វីលីពីន​ស្វាគមន៍​ជំនួយ​របស់​ជប៉ុន​ ដោយសារ​តែ​សាធារណជន​និង​រដ្ឋាភិបាល​ដែល​ស្និទ្ធ​នឹង​ចិនមួយ​នេះ​បាន​ទុក​ចិត្ត​រដ្ឋាភិបាល​ក្រុង​តូក្យូ​តាំង​ពី​យូរ​ណាស់​មក​ហើយ។ អ្នកស្រី​បន្ថែម​ថា ពលរដ្ឋ​ហ្វីលីពីន​ស្គាល់​ប្រទេស​ឥណ្ឌា​តិច​តួច ប៉ុន្តែ​ប្រទេស​ជប៉ុន​អាច​ធ្វើ​ជា​ស្ពាន​បំពេញ​ចន្លោះ​ប្រហោង​នេះ​បាន។

អ្នកស្រី ​Atienza និយាយ​ថា៖ «ពលរដ្ឋ​ហ្វីលីពីន​មិន​ដឹង​ច្បាស់​ពី​ទំនាក់​ទំនង​វិជ្ជមាន​ដែល​អាច​កើត​មាន​ឡើង​ជាមួយ​នឹង​ឥណ្ឌា​ទេ។ ប៉ុន្តែ​ប្រសិន​បើ​វា​ជា​សម្ព័ន្ធ​មិត្ត​វិញ ហើយ​ប្រសិន​បើ​ជប៉ុន​អាច​បញ្ជាក់​ថា​ ឥណ្ឌា​មាន​ភាព​ស្មោះ​ត្រង់​នោះ ប្រហែល​ជាអាច​កសាង​ទំនុក​ចិត្ត​ក្នុង​ភាព​ជា​ដៃគូ​បាន»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG