ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នាយករដ្ឋមន្ត្រី​ជប៉ុន​សន្យា​ពង្រឹង​កិច្ច​សម្របសម្រួល​ការទូត​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង


នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ស្តាប់​សំណួរ​របស់​អ្នក​សារព័ត៌មាន​ក្នុង​បទសម្ភាសន៍​របស់​ទូរទស្សន៍​មួយ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​បក្ស​នៅ​ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​សង្ឃឹម​ថា​នឹង​ប្រើប្រាស់ «វិធីសាស្ត្រ​ការទូត​ដ៏​ខ្លាំងក្លា និង​ការ​សម្រេចចិត្ត​ត្រឹមត្រូវ​ទាន់​ពេល​វេលា‍» ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទិន​នឹង​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក Shinzo Abe បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ប្រទេស​ជប៉ុន​នឹង​ពង្រឹង​កិច្ច​សម្រប​សម្រួល​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ ដើម្បី​ឲ្យ​កូរ៉េ​ខាង​ជើង​ផ្លាស់ប្ដូរ​ទិសដៅ​របស់​ខ្លួន‍»។

លោក​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ដូច្នេះ គឺ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​សម្ព័ន្ធភាព​គណបក្ស​របស់​លោក​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​រដ្ឋសភា​ក្នុង​សំឡេង​ពីរ​ភាគ​បី​ភាគ​ច្រើន​លើស​លុប​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

លោក Shinzo Abe បាន​និយាយ​ថា បញ្ហា​កូរ៉េ​ខាង​ជើង​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ការ​ពិភាក្សា​នៅ​ពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ជប៉ុន​នៅ​ខែ​ក្រោយ។

ដោយ​មាន​គោល​បំណង​ទាញ​ផល​ប្រយោជន៍​ពី​ការ​កើន​ឡើង​នៃ​ការ​គាំទ្រ​របស់​សាធារណជន​ចំពោះ​គោល​ជំហរ​តឹងតែង​របស់​លោក​ប្រឆាំង​នឹង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង លោក Shinzo Abe បាន​រំលាយ​រដ្ឋសភា​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ នឹង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មុន​កាល​កំណត់​ក្នុង​ខែ​តុលា​នេះ ជាជាង​រង់ចាំ​ដល់​ពេល​ដែល​អាណត្តិ​របស់​រដ្ឋសភា​បញ្ចប់​នៅ​ខែ​ធ្នូ​ឆ្នាំ ២០១៨ ខាង​មុខ។

ប៉ុន្តែ ប្រជាពលរដ្ឋ​ជប៉ុន​នៅតែ​មាន​ការ​ខ្វែង​គំនិត​គ្នា​ពាក់ព័ន្ធ​នឹង​សំណើ​របស់​លោក Shinzo Abe ក្នុង​ការ​អនុញ្ញាត​ឲ្យ​យោធា​មាន​សិទ្ធិ​អំណាច​បន្ថែម​ទៀត​ក្នុង​ការ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ដែល​អាច​កើត​ឡើង​ណា​មួយ​ពី​ប្រទេស​មួយ​ចំនួន​ដូចជា​កូរ៉េ​ខាង​ជើង និង​ចិន​ជា​ដើម និង​ក្នុង​ការ​គាំទ្រ​សម្ព័ន្ធមិត្ត​ដូចជា​សហរដ្ឋ​អាមេរិក​នេះ​ជា​ដើម៕

XS
SM
MD
LG