ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សម្ពន្ធភាព​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Shnzo Abe ឈ្នះ​ការ​បោះ​ឆ្នោត​រដ្ឋសភា


ប្រជាជន​កំពុង​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​ទីក្រុង​តូក្យូ​កាលពី​ថ្ងៃទី​២២ តុលា​ ២០១៧។

ប្រជាពលរដ្ឋ​ជប៉ុន​បាន​ចេញ​ទៅ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ។

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​ជប៉ុន​បាន​បោះឆ្នោត​ឲ្យ​សម្ពន្ធភាព​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី Shinzo Abe កាន់​អំណាច។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បាន​ប្រកាស​លទ្ធផល​ភ្លាមៗ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​បាន​បិទ​បញ្ចប់​នៅ​ម៉ោង ៨ ល្ងាច​ថ្ងៃ​អាទិត្យ​នេះ។

លោក Shinzo Abe ប្រកាស​រំលាយ​រដ្ឋសភា​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត​មុន​កាល​កំណត់។ លោក​បាន​វិនិច្ឆ័យ​ថា កាល​បោះ​ឆ្នោត​មុន​កាល​កំណត់​នេះ​គឺ​ជា​ការ​ប្រសើរ​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ដែល​ជា​គណបក្ស​កាន់​អំណាច​របស់​លោក​ក្នុង​ការ​ឈ្នះ​ការ​បោះ​ឆ្នោត។

ជ័យជម្នះ​របស់​សម្ពន្ធភាព​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ការ​បោះ​ឆ្នោត​មុន​កាល​កំណត់​នេះ​នឹង​ទំនង​ជា​ធានា​ថា លោក Shinzo Abe អាច​នឹង​ក្លាយជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរី​មួយ​អាណត្តិ​ទៀត​ដែល​មាន​រយៈពេល ៣ ឆ្នាំ ដែល​អាច​ពន្យារ​អាណត្តិ​ជា​នាយករដ្ឋមន្ត្រី​របស់​លោក​បន្ថែម​ទៀត។

ការ​ស្ទង់​មតិ​របស់​ប្រជាពលរដ្ឋ​មុន​ការ​បោះ​ឆ្នោត​បាន​បង្ហាញ​ថា អ្នក​បោះ​ឆ្នោត​ចាត់​ទុក​រដ្ឋាភិបាល​របស់​លោក Shinzo Abe ថា​ជា​ជម្រើស​ដែល​មាន​សុវត្ថិភាព​មួយ ស្រប​ពេល​ដែល​ប្រទេស​ជប៉ុន​កំពុង​ពើប​ប្រទះ​ជាមួយ​នឹង​ក្ដី​កង្វល់​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

បញ្ហា​ដែល​អាច​បង្អាក់​ដល់​ការ​ចេញ​មក​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ជប៉ុន​នៅ​ថ្ងៃ​អាទិត្យ​នេះ គឺ​ខ្យល់​ព្យុះ​ទីហ្វុង​ដែល​មាន​ឈ្មោះ​ថា Lan ដែល​បោក​បក់​ចំ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​អាទិត្យ​នេះ៕

XS
SM
MD
LG