ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ការ​ទូត​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​សង្កេត​ការ​ចរចា​សន្តិភាព​ស្តី​ពី​ប្រទេស​ស៊ីរី​នៅ​ក្នុង​រដ្ឋធានី​អាស្តាណា


ជនស៊ីវិល​ប្រមូល​ផ្តុំ​គ្នា​នៅ​ជុំវិញ​កម្ទេច​គ្រាប់​បែក​ឡាន​នៅ​ក្នុង​ជំរំ Rukban សម្រាប់​ជន​ភៀស​ខ្លួន​ស៊ីរិ នៅ​នៅ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ហ្ស៊កដានី កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។
ជនស៊ីវិល​ប្រមូល​ផ្តុំ​គ្នា​នៅ​ជុំវិញ​កម្ទេច​គ្រាប់​បែក​ឡាន​នៅ​ក្នុង​ជំរំ Rukban សម្រាប់​ជន​ភៀស​ខ្លួន​ស៊ីរិ នៅ​នៅ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ហ្ស៊កដានី កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។

សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹងកាល​ពី​ថ្ងៃ​សៅរ៍​ថា ​ខ្លួន​នឹង​មិន​បញ្ជូន​គណៈ​ប្រតិភូ​ទៅ​កាន់​ការ​ចរចា​សន្តិភាព​ប្រទេស​ស៊ីរី​លើក​ដំបូង​នៅ​សប្តាហ៍​ក្រោយ​នៅ​ក្នុង​រដ្ឋធានី​អាស្តាណា​នៃប្រ​ទេស​កាហ្សាក់ស្ថាន​ទេ ​ហើយ​និង​បញ្ជូន​អ្នក​សង្កេតការណ៍​ការ​ទូត​នាំ​មុខ​ម្នាក់​ជំនួស​វិញ។

ដោយ​លើក​ហេតុ​ផល​ពី​តម្រូវការ​នៃ​អន្តរកាល​ផ្ទេរ​អំណាច​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក George Kroll ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កាហ្សាក់ស្ថាន​នឹង​ចូល​រួម​ការ​ចរចា​នោះ​ដែល​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​ដោយ​គ្មាន​សហរដ្ឋ​អាមេរិក។​ ការ​ចរចា​នោះ​មាន​តែ​ប្រទេស​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ស៊ីរី​ តួកគី​ និង​ប្រទេស​អ៊ីរ៉ង់។ ប្រធានាធិបតី Bashar al-Assad ​នៃ​ប្រទេស​ស៊ីរី​បាន​និយាយ​ថា ​រដ្ឋាភិបាល​របស់​លោក​បាន​ប្រុង​ប្រៀប​ខ្លួន​ហើយ​ដើម្បី​ពិភាក្សា​អ្វីៗ​ទាំងអស់​នៅ​ក្នុង​ការ​ចរចា​នោះ​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ ខណៈ​ដែល​ភាគី​ឧទ្ទាម​និយាយ​ថា ​ពួកគេ​នឹង​កម្រិត​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​លើ​ការ​អនុវត្ត​ការ​ឈប់​បាញ់​គ្នា​ដែល​បន្ត​មាន​ឡើង​ហើយ​និង​បញ្ហា​ជំនួយ​មនុស្ស​ធម៌។​ ពួក​ឧទ្ទាម​ក៏​បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ដែរ​ថា ​ពួកគេ​នឹង​មិន​ចូល​រួម​ក្នុង​ការ​ចរចា​ស្តី​ពី​ដំណោះ​ស្រាយ​ខាង​នយោបាយ​ដើម្បី​បញ្ចប់​វិបត្តិ​នេះ​ទេ។

​ការ​ធ្វើ​ឲ្យ​មាន​ភាព​ស្មុគ្រ​ស្មាញ​បន្ថែម​ទៀត​ដល់​កិច្ច​ខំ​ប្រឹងប្រែង​សន្តិភាព​គឺ ជន​សកម្ម​ប្រយុទ្ធ Fatah al-Sham ​ដែល​មាន​ចំណង​ទាក់​ទង​ជាមួយ​ក្រុម al-Qaida ​ដែល​មិន​ចូលរួម​នៅ​ក្នុង​ការ​ចរចា​នោះ​បាន​ហៅ​ការ​ចរចា​នោះ​ថា​ជា​ការ​រួម​គំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។​ សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ជីហាដ​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ប្រៀប​ធៀប​ការ​ចូល រួម​ដោយ​ក្រុម​ឧទ្ទាម​នៅ​ក្នុង​ការ​ចរចា​ថា​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​លោក​អាសាដ​ដែល​ពួក​ឧទ្ទាម​បាន​ប្រយុទ្ធ​ដើម្បី​បណ្តេញ​ចេញ​ពី​អំណាច​ចាប់​តាំង​ពីឆ្នាំ​២០១១​មក៕

XS
SM
MD
LG