នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិយាយថា រដ្ឋាភិបាលប្រទេសស៊ីរីបានបញ្ឈប់សកម្មភាពប្រតិបត្តិការយោធានានាទាំងអស់នៅទីក្រុង Aleppo ហើយកិច្ចប្រជុំគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍រវាងអ្នកជំនាញខាងយោធាអាមេរិកនិងរុស្ស៊ី ដើម្បីពិភាក្សាអំពីស្ថានការណ៍ទៅមុខទៀត។
លោក Sergei Lavrov និយាយថា កិច្ចព្រមព្រៀងធ្វើកិច្ចប្រជុំរវាងអ្នកជំនាញយោធានិងមន្ត្រីរបស់រុស្ស៊ី និងស.រ.អា.នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសធ្វើឡើងដើម្បីបញ្ចប់កិច្ចការដែលកំពុងធ្វើក្នុងពេលកន្លងមកទាក់ទងនឹងឯកសារកំណត់វិធានការរកដំណោះស្រាយចុងក្រោយសម្រាប់ទីក្រុង Aleppo។ កងទ័ពទាំងអស់ត្រូវចាកចេញ ហើយជនស៊ីវិលក៏អាចចាកចេញដែរ បើគេចង់។
កាលពីថ្ងៃព្រហស្បតិ៍ លោក John Kerry រដ្ឋមន្ត្រីការបរទេសស.រ.អា.និយាយថា លោកមានសង្ឃឹមលើកិច្ចព្រមព្រៀងជាមួយរុស្ស៊ីអំពីបទឈប់បាញ់នៅទីក្រុង Aleppo។ ក្រោយពីបានជួបលោក Sergei Lavrov លោក John Kerry និយាយប្រាប់អ្នកយកព័ត៌មានថា លោកនៅរង់ចាំការឆ្លើយតបជាក់លាក់ ប៉ុន្តែលោកមិននិយាយលម្អិតទេ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Bashar al-Assad ប្រធានាធិបតីស៊ីរី បង្ហាញឲ្យដឹងថា ទាហានរបស់លោកនឹងបន្តប្រយុទ្ធរហូតដល់ជម្លោះរយៈពេល៥ឆ្នាំនេះត្រូវបញ្ចប់។ លោក Bashar al-Assad ធ្វើការតាំងចិត្តនេះក្នុងបទសម្ភាសន៍ជាមួយកាសែត al-Watan៕