គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅសប្តាហ៍នេះបានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយឯកជន ផ្តល់ឲ្យម៉ោងផ្សព្វផ្សាយ ឬ លក់ម៉ោងឲ្យគណបក្សនយោបាយដោយឈរលើគោលការណ៍ស្មើភាព ខណៈយុទ្ធនាការឃោសនាបោះឆ្នោតរបស់ព្រឹទ្ធសភារយៈពេល ១៤ថ្ងៃនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប។
គ.ជ.ប ក៏បានបញ្ជាក់ឲ្យដឹងដែរថា ផ្លូវ វិថី និងមហាវិថី ទីប្រជុំជន និងទីសាធារណៈជាច្រើន ត្រូវបានហាមឃាត់មិនឲ្យគណបក្សនយោបាយធ្វើការឃោសនា ក្នុងអំឡុងពេលយុទ្ធនាការស្វែងរកសំឡេងឆ្នោតនេះ។
ទន្ទឹមពេលជាមួយគ្នានេះ ក្រុមអ្នកសង្កេតការណ៍ បានថ្លែងថា ការមិនមានវត្តមានបេក្ខជនគណបក្សសង្គ្រោះជាតិ នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នឹងបង្កឲ្យមានការចោទសួរភាពជាតំណាងនៃអង្គបោះឆ្នោតទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ នៅពេលមានបេក្ខជនមកពីគណបក្សនយោបាយដែលមិនត្រូវបានជ្រើសរើសដោយម្ចាស់ឆ្នោតនៅក្នុងការបោះឆ្នោតនៅឆ្នាំ ២០១៣។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃពុធ បានបញ្ជាក់ឲ្យដឹងថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ ២០១៨ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។
ដើម្បីធ្វើឲ្យការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព គ.ជ.ប បានស្នើឲ្យមានកម្មវិធីពិភាក្សាតុមូលតាមប្រធានបទរបស់បេក្ខជនចូលរួមប្រកួតក្នុងការបោះឆ្នោត តាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ។ កម្មវិធីនេះនឹងចាក់ផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា (ទទក) ដោយមានពេលមួយម៉ោង ក្រោយពីអាហារថ្ងៃត្រង់ និងមួយម៉ោង ក្រោយពីអាហារពេលល្ងាច។
គ.ជ.បបានចេញគោលការណ៍ស្នើសុំឲ្យម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ឯកជន ដែលមានបំណងលក់ ឬជួលម៉ោងផ្សព្វផ្សាយឲ្យគណបក្សនយោបាយដើម្បីធ្វើការផ្សព្វផ្សាយអំពីកម្មវិធីគោលនយោបាយ ផ្អែកទៅតាមគោលការណ៍ស្មើភាព។ ទីមួយ គឺម្ចាស់ស្ថានីយវិទ្យុនិងទូរទស្សន៍ឯកជន ត្រូវប្រកាសជាសាធារណៈ អំពីម៉ោងសម្រាប់ជួលនិងតម្លៃទៅគ្រប់គណបក្សនយោបាយ និងត្រូវផ្តល់ព័ត៌មានមក គ.ជ.ប ហើយទីពីរ ការលក់ ឬជួលម៉ោងឲ្យគណបក្សនយោបាយ ត្រូវផ្អែកតាមគោលការណ៍ស្មើភាព តម្លាភាព និងហាមដាច់ខាតចំពោះការលក់ ឬជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយណាមួយផ្តាច់មុខ។
លោក សំ គន្ធាមី នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត Nicfec មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ជារឿងពិបាកដែលតម្រូវឲ្យម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ឯកជន ធ្វើទៅតាមសំណើរបស់គ.ជ.ប ដែលកាលពីពេលកន្លងមកមិនហ៊ានចេញសេចក្តីណែនាំ ឬហាមឃាត់ស្ថានីយវិទ្យុ និងទូរទស្សន៍ឯកជន ដែលបានបំពានគោលការណ៍របស់ គ.ជ.ប។
លោកបញ្ជាក់ថា៖
«ជាក់ស្តែងហ្នឹងគឺ មិនអាចអន្តរាគមន៍អីបានទេ ដោយសារ គ.ជ.ប ខ្លួនឯង គាត់ធ្លាប់បានដោះសារថា អាហ្នឹងជាសិទ្ធិរបស់ម្ចាស់ស្ថានីយនីមួយៗទេ ព្រោះរបស់ឯកជនបាទ ហើយចឹងហើយ បានថា យើងពិនិត្យមើលទៅ បញ្ហាការផ្សាយដូចជា ទូរទស្សន៍ វិទ្យុឯកជនអីមិនអាច ស្មើភាពគ្នាបានទេបាទ»។
ក្រៅពីការស្នើឲ្យរាល់ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ឯកជនឈរលើគោលការណ៍ស្មើភាពក្នុងការជួល ឬលក់ម៉ោងផ្សាយឲ្យបក្សនយោបាយនីមួយៗនោះ ស្ថាប័នបោះឆ្នោតជាតិ គ.ជ.ប ក៏បានប្រកាសអំពីការហាមឃាត់ ក្បួនឃោសនាបក្សនយោបាយនីមួយៗ ហែក្បួនឃោសនាផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់ខ្លួននៅតាមផ្លូវ វិថី មហាវិថី ទីប្រជុំប្រជុំ និងទីសាធារណៈមួយចំនួនធំ នៅកណ្តាលរាជធានីភ្នំពេញ។ ការហាមឃាត់នេះ គឺត្រូវបានធ្វើឡើង ទៅតាមការស្នើរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.បចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០១៨ បានពន្យល់ថា ការធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនគណបក្សនយោបាយទាំងអស់គឺជាផ្នែកមួយនៃការដាក់បម្រាមនេះ។ ការហាមឃាត់មិនឲ្យហែរក្បួនក្នុងចំណុចកណ្តាលទីក្រុងភ្នំពេញ ក៏នឹងចូលរួមដល់ការសម្រួលការកកស្ទះចរាចរផងដែរ។
អ្នកសង្កេតការណ៍បោះឆ្នោត លោក សំ គន្ធាមី បានចាត់ទុកថាការកំណត់បែបនេះ គឺជាការរឹតត្បិតលំហនៃការឃោសនាទ្រង់ទ្រាយ ដែលអាចនឹងធ្វើឡើងបានតែពីរដងប៉ុណ្ណោះ ក្នុងអំឡុងពេលឃោសនារកសំឡេងគាំទ្រដល់បេក្ខជនមកពីគណបក្សនយោបាយផ្សេងៗ។
«តាមខ្ញុំ ខ្ញុំគិតថា មិនមានអីជា បញ្ហាស្ទះចរាចរ អីធ្ងន់ធ្ងរទេ ក្នុងការហែក្បួន ព្រោះអីឱកាស ហែតែពីរដងទេ ក្បួន ក្នុងរយៈពេល ១៤ថ្ងៃហ្នឹង។ យើងមានសន្តិសុខ មាននគរបាល ជួយសម្រួលចរាចរណ៍អស់ហើយ ដូច្នេះការហាមឃាត់តំបន់ច្រើនហ្នឹង វាប៉ះពាល់ដល់ដំណើរការឃោសនារបស់គណបក្សមួយៗហ្នឹងបាទ»។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានការពារវិធានការរបស់សាលាក្រុង ដែលធ្លាប់បានដាក់ចេញនៅក្នុងអំឡុងពេលនៃការបោះឆ្នោត កាលពីពេលកន្លងមក។
«ពិតណាស់ថា មានការលើកឡើង ដូចលោកមានប្រសាសន៍មិញ អីចឹង ក៏ប៉ុន្តែវាមិនមែនជាការរឹតត្បិត ឬក៏ការបិទមិនឲ្យមានការ ឬក៏មិនឲ្យមានយុទ្ធនាការនៃការឃោសនាបោះឆ្នោតនោះទេ។ ពេលវេលារបស់យើងត្រូវបានផ្តល់ជូន ទីតាំងរបស់យើងមួយចំនួន ដែលយើងបានហាមឃាត់ ប៉ុន្តែទីតាំងជាច្រើនផ្សេងៗទៀត នៅក្នុងសមត្ថកិច្ច ឬនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មិនត្រូវបានធ្វើការហាមឃាត់ ឬក៏មិនឲ្យធ្វើការ ឃោសនានៅទីតាំងទាំងអស់នោះទេ។ អ្វីដែលយើងហាមឃាត់ គឺតែទីប្រជុំជន»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក ឌឹម សុវណ្ណារុំ និង លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.បបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
គណបក្សនយោបាយចំនួន ៤ បានចុះឈ្មោះចូលរួមស្វែងរកការគាំទ្រក្នុងការបោះឆ្នោតនេះ ក្នុងនោះមានគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិបង្កើតឡើងដោយលោក ញឹក ប៊ុនឆៃ ដែលកំពុងស្ថិតក្នុងពន្ធនាគារ និងគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍កន្លងទៅគឺស្ថាប័នរៀបចំការឆ្នោតនេះ បានបោះពុម្ពសន្លឹកឆ្នោតចំនួន២៥.៩៥០សន្លឹករួចរាល់ហើយ ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ។ គ.ជ.បគ្រោងនឹងចំណាយចំនួន២លានដុល្លារដែលជាថវិកាជាតិសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា។ នេះបើតាមការបញ្ជាក់របស់លោក ឌឹម សុវណ្ណារុំ។
ដោយឡែក ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ មិនមានវត្តមានអង្គបោះឆ្នោតថ្នាក់ជាតិនិងមូលដ្ឋានរបស់គណបក្សប្រឆាំងនោះទេ ដោយសារតែបក្សកាន់អំណាចបានរឹបអូស និងយកទៅឱ្យគណបក្សដែល «បម្រើ» គណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមការអះអាងរបស់អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូ សុខហួរ។
លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គមថ្លែងថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នឹងស្ថិតក្នុងការសង្ស័យ អំពីថា តើអង្គបោះឆ្នោតតាំងពីថា្នក់មូលដ្ឋាន និងជាតិមកពីគណបក្សនយោបាយដែលមិនជាប់ឆ្នោតក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៣នោះ នឹងតំណាងឲ្យឆន្ទៈ ឬសេចក្តីប្រាថ្នារបស់ម្ចាស់ឆ្នោតដែលមិនគាំទ្របក្សកាន់អំណាចឬយ៉ាងណា។
«បើសិនជានិយាយអំពីខុសច្បាប់ ឬមួយក៏ត្រូវច្បាប់នោះ អាហ្នឹងវាត្រូវច្បាប់ហើយ ត្រូវជាមួយនឹងច្បាប់ដែលគេកែថ្មីណាស់ អីចឹងយើងមិនអាចនិយាយថា ខុសច្បាប់ទៀតបានទេ មកដល់ពេលនេះ ក៏ប៉ុន្តែ បើសិនជានិយាយអំពីឆន្ទៈរាស្រ្ត អាហ្នឹងគឺវាត្រូវប្រឈមនឹង ការបាត់បង់នូវអ្វីដែលជាទំនុកចិត្តរបស់ពលរដ្ឋជាងបីលាននាក់ អានេះវាជារឿងសំខាន់ ក្នុងការបោះឆ្នោត។ អីចឹង ការបោះឆ្នោតនេះ បើតាមខ្ញុំមើលទៅ ក៏ដូចជាមិនមានអ្នកណាដែលអាចប្រណាំងជាមួយគណបក្សកាន់អំណាចបានដែរ»។
អ្នកវិភាគដដែលក៏បានលើកឡើងបន្ថែមថា សាធារណៈជនទូទៅនឹងបន្តតាមដាន ទៅលើកិច្ចការរបស់សមាជិកព្រឹទ្ធសភាថ្មី ដែលទំនងជានឹងត្រូវរណបជាមួយគណបក្សកាន់អំណាច។
«យើងឃើញថា គណបក្សសង្គ្រោះជាតិ មានរហូតដល់៥៥ កៅអីនៅក្នុងសភា ក៏គេហៅតួនាទីរបស់សង្គ្រោះជាតិនៅសភា ក៏មិនត្រូវបានគេមកប្រើឲ្យបានត្រឹមត្រូវដែរ យើងឃើញថា អ្វីៗគឺស្ថិតនៅលើសម្រេចលើគណបក្សតែមួយ ទោះបីគណបក្សហ្នឹងមិនបានឈ្នះឆ្នោតទៅដល់ ភាគច្រើនក៏ដោយ ប៉ុន្តែគេបាន៥០បូកមួយ»។
បន្ទាប់ពីតុលាការកំពូល បានរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមសំណើរបស់រដ្ឋាភិបាល សហគមន៍ប្រជាធិបតេយ្យធំៗពីរ បានដកការគំាទ្រសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨។ សាលដីការបស់តុលាការកំពូលក៏បានហាមប្រាមអ្នកតំណាងរាស្ត្រ និងមន្ត្រីគណបក្សប្រឆាំងចំនួន ១១៨ នាក់មិនធ្វើឲ្យនយោបាយដែរ។
ប៉ុន្តែលោក ហ៊ុន សែន ដែលបានកាន់អំណាចជាង៣០ឆ្នាំមកនេះ មិនខ្វល់ពីការគាំទ្ររបស់អន្តរជាតិចំពោះការបោះឆ្នោតនាពេលខាងមុខ ហើយថែមទាំងបានប្រកាសថា លោកនឹងបន្តកាន់អំណាចយ៉ាងតិចមួយទសវត្សរ៍ទៀត។ ចំណែកឯលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំក្រោមបទចោទថាបានសមគំនិតជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិ ធ្លាប់បានសរសេរលិខិតពីពន្ធនាគារ ថា ក្រោយការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧ កម្ពុជាជួបមានវិបត្តិនយោបាយធំៗ ដែលនាំឲ្យដល់ការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ៕