ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​ស្នើ​ឲ្យ​ចាត់ការ​លើ​ការបន្ត​ប្រើប្រាស់​រូប​សញ្ញា​រដ្ឋសភា​ដោយ​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង


រូបឯកសារ៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ និងជា​​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ជាតិ និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​អង្គប្រជុំ​រដ្ឋ​សភា កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ និងជា​​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ជាតិ និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​អង្គប្រជុំ​រដ្ឋ​សភា កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

លិខិត​របស់​​អគ្គលេខាធិការ​រដ្ឋសភា​ជាតិ​​​នេះ​ ​ធ្វើ​ឡើង​បន្ទាប់​ពី​​លោក​ ​អេង ឆៃអ៊ាង​ ​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៤​ ​ខែ​មករា​ ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ដែល​មាន​រូប​សញ្ញា​របស់​រដ្ឋ​សភា ​ប្រើ​ក្នុង​នាម​តំណាងរាស្ត្រ​ ​ចូលរួម​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព​លោក​ ​ស៊ាន ប៉េងសែ​ ​អតីត​​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ ​ដែល​បាន​ទទួល​មរណភាព​​នៅ​ប្រទេស​បារាំង។​

អគ្គលេខាធិការ​រដ្ឋសភា​ជាតិ​កម្ពុជា​ ​ស្នើ​ក្រសួង​មហាផ្ទៃ ​ឲ្យ​មាន​ចំណាត់​ការ​លើ​អតីត​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ​ ​ពាក់ព័ន្ធ​នឹង​ការ​បន្ត​ប្រើប្រាស់​រូប​សញ្ញា​នៃ​ស្ថាប័ន​រដ្ឋសភា​ ​ដោយ​លើក​ឡើង​ថា​ ​ការ​ធ្វើ​បែប​នេះ គឺ​ជាសកម្មភាព​ខុស​ច្បាប់។​

លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​៣០​ ​ខែ​មករា​ ​ចេញ​ដោយ​លោក​ ​ឡេង ប៉េងឡុង​ ​អគ្គលេខាធិការ​រដ្ឋ​សភា ដែល​ផ្ញើ​ទៅ​លោក​ ​ស ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ដោយ​សុំ​ឲ្យ​ចាត់​វិធានការ​លើ​អតីត​តំណាង​រាស្ត្រគណបក្សសង្គ្រោះ​ជាតិ​នោះ ​បញ្ជាក់​ថា​ ​អតីត​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ ​នៅ​តែ​បន្ត​ប្រើប្រាស់​រូប​សញ្ញារដ្ឋសភាលើ​លិខិត​ផ្សេងៗ​របស់​ពួកគេ។

លោក​ ​ឡេង ប៉េងឡុង​ ​អគ្គលេខាធិការ​រដ្ឋសភា​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ យ៉ាង​ដូច្នេះ៖

«ច្បាប់​កំណត់​យ៉ាង​ម៉េច​គឺ​ថា​សុំ​ឲ្យ​សមត្ថកិច្ច​អនុវត្ត​តាម​ច្បាប់ ​គឺ​ច្បាប់​បើ​មាន​ល្មើស​ត្រង់​ណា ខ្ញុំ​មិន​ទាន់​បាន​មើល​ទេ ប៉ុន្តែ​សំខាន់​គឺ​គាត់​អត់​មាន​សិទ្ធិ​ប្រើ​ស្លាក​សញ្ញា​របស់​រដ្ឋសភា​ ហើយ​អត់​មាន​សិទ្ធិ​ប្រើ​តួនាទី​អី​ជា​តំណាង​រាស្ត្រ​រដ្ឋសភា​ទៀត​ទេ​ ​ហើយ​គាត់​សព្វ​ថ្ងៃនេះ​គឺ​កំពុង​ត្រូវ​តុលាការ​កាត់​ទោស​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ទៀត។​ ​ដូច្នេះ​ហើយ​គាត់​មាន​ល្មើស​ច្បាប់​ជា​ច្រើន ដូច្នេះ​ហើយ​បាន​ជា​មាន​តែ​សមត្ថកិច្ច​ទេ​ដែល​អាច​បង្ខំ​គាត់​ឲ្យ​អនុវត្ត​តាម​ច្បាប់​បាន»។​

លិខិត​របស់អគ្គលេខាធិការ​រដ្ឋសភា​ជាតិ​នេះ​ ​ធ្វើ​ឡើង​បន្ទាប់​ពីលោក​ ​អេង ឆៃអ៊ាង​ ​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៤​ ​ខែ​មករា​ ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ដែល​មាន​រូប​សញ្ញា​របស់​រដ្ឋ​សភា ​ប្រើ​ក្នុង​នាម​តំណាងរាស្ត្រ​ ​ចូលរួម​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព​លោក​ ​ស៊ាន ប៉េងសែ​ ​អតីតប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ ​ដែល​បាន​ទទួល​មរណភាពនៅ​ប្រទេស​បារាំង។​

រូបឯកសារ៖ លោក អេង ឆៃអ៊ាង អតីត​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ និង​ជា​ប្រធាន​គណៈកម្មការ​ទី១ នៃ​រដ្ឋសភា និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​វិមាន​រដ្ឋសភា​នៅ​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក អេង ឆៃអ៊ាង អតីត​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ និង​ជា​ប្រធាន​គណៈកម្មការ​ទី១ នៃ​រដ្ឋសភា និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​វិមាន​រដ្ឋសភា​នៅ​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក​ ​អេង ឆៃអ៊ាង​ ​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក ប្រាប់​ ​VOA​ ​ថា​ ​រដ្ឋសភា​កម្ពុជា​បច្ចុប្បន្ន​ ​គឺជា​រដ្ឋសភា​ដែល​មិន​ស្រប​ច្បាប់​ បន្ទាប់ពី​មាន​តំណាង​រាស្ត្រ​ថ្មី​ចំនួន​៥៥​រូប​មក​ពី​គណបក្ស​ផ្សេង​ ​មកជំនួសកៅអី​របស់​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​មិន​មាន​ការ​បោះឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ។

លោក​បន្ថែម​ថា​ ​លោក​នៅ​តែ​បន្ត​ប្រើប្រាស់​រូប​សញ្ញា​របស់​រដ្ឋសភា​ ​ក្នុង​នាម​ជា​តំណាង​រាស្ត្រ​ដែល​គាំទ្រ​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ។​

លោក​ ​អេង ឆៃអ៊ាងបញ្ជាក់​ថា៖

«ខ្ញុំ​គឺជា​តំណាង​ស្រប​ច្បាប់​ដែល​ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​ជ្រើស​តាំង​កាល​ពី​ឆ្នាំ​២០១៣​កន្លង​មក​នេះ​ ​ហើយ​មាន​តែ​ប្រជាពលរដ្ឋ​ទេ​ដែល​អាច​ទម្លាក់​តំណាង​របស់​គាត់​វិញបាន​ ​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ ​ត្រឹមត្រូវ​ ​និង​យុត្តិធម៌។​ ​ដូច្នេះ​គ្មាន​ស្ថាប័ន​ណា​ ​ឬក៏​បុគ្គល​ណា​ដែល​អាច​ទម្លាក់​តំណាង​ស្របច្បាប់​ដែល​កើត​ចេញ​ពី​ប្រជាពលរដ្ឋ​បាន​ទេ»។​

គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ ​ដោយ​ចោទ​ថា គណបក្សនេះ​ឃុបឃិត​ជាមួយ​បរទេស​ ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន។​ ​ចំណែកអតីត​តំណាង​រាស្ត្រ​គណបក្ស​នេះ​ចំនួន​៥៥​រូប​ ​ក៏​ត្រូវ​បាន​តុលាការ​សម្រេច​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ម្នាក់ៗ​ចំនួន​៥​ឆ្នាំ។

ភ្លាមៗ​ក្រោយ​ការ​សម្រេច​នោះ​ ​រដ្ឋសភា​ដែល​មាន​តែ​ក្រុម​តំណាង​រាស្ត្រមកពី​គណបក្ស​កាន់​អំណាច សម្រេចធ្វើ​វិសោធនកម្ម​បែង​ចែក​អាសនៈ​របស់​អតីតក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ទៅ​ឲ្យ​គណបក្ស​ផ្សេង។​

រូបឯកសារ៖ លោក ​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ និយាយ​ជាមួយអ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (VOA)
រូបឯកសារ៖ លោក ​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ និយាយ​ជាមួយអ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (VOA)

នាយ​ឧត្ដម​សេនីយ៍​ ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា ក្រសួង​មហាផ្ទៃ​កំពុង​តាម​ដាន​សកម្មភាពរបស់​អតីត​តំណាង​រាស្ត្រ​ ​និង​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដើម្បី​ប្រមូល​ភស្តុតាង​ដាក់​បន្ទុក​លើ​ការ​មិន​គោរព​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល។​

លោក​បន្ថែម​ថា​ ​ប្រសិន​បើ​ពួកគេ​ នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​នយោបាយ​ ​នោះ​ពួកគេ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ។

នាយ​ឧត្ដម​សេនីយ៍​ ខៀវ សុភ័គ​ បញ្ជាក់​ថា៖

«ទី១ បំពាន​ទៅ​លើ​សាល​ដីកា​របស់​តុលាការ​កំពូល​ ​អា​ហ្នឹង​មាន​ទោស​បាត់​ទៅ​ហើយ។​ ​ទី២​ ​ទៅ​បង្កើត​ចលនា​ខុស​ច្បាប់​ ​អញ្ចឹង​ទោស​រឹត​តែ​ធ្ងន់​បន្ថែម​លើ​ហ្នឹង​ទៀត។​ ​ដូច្នេះ​ខ្លះ​២​ឆ្នាំ​៥​ឆ្នាំ​ ​ខ្លះ​១០​ឆ្នាំ ១៥​ឆ្នាំ​ល្មម»។

រូបឯកសារ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)
រូបឯកសារ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)

ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​និង​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​ដែល​គេ​ដឹង​ថា​ ជា​គូ​ប្រជែង​នយោបាយ​ដ៏​ធំ​ជាមួយគណបក្ស​កាន់​អំណាច​នោះ​ ​អង្គការ​សង្គម​ស៊ីវិល​ ​ស្ថាប័ន​ជាតិ​ និង​អន្តរ​ជាតិ​ជា​ច្រើន​ បាន​រិះគន់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ជា​បន្ត​បន្ទាប់។​ ​ពួកគេ​បាន​បង្ហាញ​ពី​ការ​បារម្ភ​នូវ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​ហើយ​ថា​ ​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​នេះ ​នឹង​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ការ​បោះឆ្នោតខាង​មុខ។​

បើ​ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​រំលាយ​ ​ហើយ​អតីត​ប្រធាន​គណបក្ស​នេះ​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ ខណៈ​មន្ត្រី​ជាន់ខ្ពស់​ ​និង​តំណាងរាស្ត្រ​ជាច្រើន​រូប​ទៀត​កំពុង​ភៀស​ខ្លួន​ទៅ​បរទេស​ក៏​ដោយ ក៏​មន្ត្រី​គណបក្ស​នេះ អះអាង​ថា ​គណបក្ស​សង្គ្រោះ​ជាតិ ​មិនទាន់​បាត់​ព្រលឹង​ពី​ក្នុង​ចិត្ត​អ្នកគាំទ្រ​របស់​ពួកគេនៅ​ឡើយ​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG