ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតព្រឹទ្ធសភានៅចុងខែកុម្ភៈនេះ ដោយគ្មានការបង្អង់ទេ ក្នុងខណៈពេលដែលគណបក្សសង្គ្រោះជាតិ ចាត់ទុកថា នេះជាការបោះឆ្នោត «ឡប់ឡែ» និងសុំកុំឱ្យអន្តរជាតិទទួលស្គាល់។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ គឺស្ថាប័នរៀបចំការឆ្នោតនេះ បានបោះពុម្ពសន្លឹកឆ្នោតចំនួន២៥.៩៥០សន្លឹករួចរាល់ហើយ ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ។
លោក ស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា អង្គបោះឆ្នោតនៅថ្នាក់មូលដ្ឋាន គឺសុទ្ធតែជារបស់គណបក្សប្រជាជនកម្ពុជាបូកនឹងរបស់គណបក្សសង្គ្រោះជាតិ ដែលគណបក្សកាន់អំណាចបានរឹបអូសយក ហើយនៅថ្នាក់ជាតិ គឺអង្គបោះឆ្នោតរបស់គណបក្សប្រឆាំងត្រូវបានគណបក្សកាន់អំណាចយកទៅឱ្យគណបក្សដែល «បម្រើ» គណបក្សប្រជាជនកម្ពុជា។
«ដូច្នេះទាំងអស់នេះឃើញថាការបោះឆ្នោតនេះគឺជាការបោះឆ្នោតឡប់ឡែមិនសមស្របនឹងអ្វីដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញពីព្រោះវាមិនមែនជាសេរីពហុបក្សទៀតទេ។ អីចឹងយើងឃើញថាការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅស្ថាប័នដ៏កំពូលនៅ ព្រឹទ្ធសភាជាតិយើងនេះគឺមែនទែនទៅជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យទៅវិញទេ។ យើងមិនគាំទ្រជាដាច់ខាត»។
គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៧ ពីបទឃុបឃិតជាមួយនឹងបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអ្នកនាំពាក្យបានបញ្ជាក់ថា៖
«គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្មានជម្រើសអ្វីក្រៅពីធ្វើកិច្ចការរបស់ខ្លួនទៅតាមច្បាប់។ ច្បាប់ចែងយ៉ាងម៉េចត្រូវអនុវត្តយ៉ាងដូច្នោះ។ អ្នកណាទៅអ្នកណាមកអ្នកណាអីហូរហែរមិនមែនជារឿងរបស់គ.ជ.បទេ»។
លោក ឌឹម សុវណ្ណារុំ បានបន្ថែមថា៖
«អ្វីដែលយើងបានធ្វើគឺយើងមិនអាចរំលងពីគន្លងច្បាប់បានទេ។ យើងគ្មានជម្រើសអ្វីទេពីព្រោះគ.ជ.បជាស្ថាប័នច្បាប់អីចឹងយើងធ្វើកិច្ចការរបស់ខ្លួនទៅតាមច្បាប់ហើយគ.ជ.បខិតខំប្រឹងប្រែងធ្វើកិច្ចការរបស់ខ្លួនឱ្យបានកាន់តែមានតម្លាភាពមានឯករាជ្យភាពដើម្បីបញ្ជាក់ថាអង្គបោះឆ្នោតដែលមាននៅក្នុងការបោះឆ្នោតព្រឹទ្ធសភាជាតំណាងរាស្រ្តនិងជាក្រុមប្រឹក្សាឃុំសង្កាត់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ការបោះឆ្នោតរបស់ខ្លួនត្រូវបានរាប់យ៉ាងត្រឹមត្រូវ»។
គ.ជ.ប គ្រោងនឹងចំណាយចំនួន២លានដុល្លារដែលជាថវិកាជាតិសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា។ នេះបើតាមការបញ្ជាក់របស់លោក ឌឹម សុវណ្ណារុំ។
មានគណបក្សនយោបាយចំនួន៤ បានចុះឈ្មោះចូលរួមប្រកួតក្នុងការបោះឆ្នោតនេះ ក្នុងនោះមានគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។
លោកស្រី មូរ សុខហួរ យល់ថា អន្តរជាតិ មិនត្រូវទទួលស្គាល់ និងធ្វើការជាមួយនឹងស្ថាប័នព្រឹទ្ធសភាថ្មីនេះទេ។
«យើងខ្ញុំបានទៅដល់ប្រទេសស៊ុយអែត ទៅដល់សហគមន៍អឺរ៉ុប យើងខ្ញុំបានលើករឿងហ្នឹងច្បាស់ណាស់ពីព្រោះសហគមន៍អឺរ៉ុបបានជួយទៅដល់ការបោះឆ្នោតនៅគ.ជ.ប ឥឡូវគេដកឈប់ជួយទៅហើយ។ ហើយនៅតាមស្ថាប័នដែលមានកម្មវិធីដូចជាព្រឹទ្ធសភាប្រទេសនានាដូចជាស៊ុយអែតខ្ញុំជឿជាក់ថាគេនឹងដកហើយពីព្រោះគេមិនអាចយកថវិការបស់គេជួយទៅដល់លទ្ធិប្រជាធិបតេយ្យមួយក្លែងក្លាយរបៀបនេះបានទេ»។
សមាជិកព្រឹទ្ធសភាមានចំនួន៦១រូប ដោយបួនរូបមិនបាច់ឆ្លងកាត់ការបោះឆ្នោតទេគឺត្រូវតែងតាំងដោយព្រះមហាក្សត្រចំនួនពីររូបនិងដោយសភាជាតិចំនួន២រូប៕