តំណាងរាស្ត្រវ័យក្មេងមណ្ឌលខេត្តព្រះវិហារនិងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានថ្លែងការពារបែបផែននៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបានចាត់ទុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាមេដឹកនាំស្នូលរបស់កម្ពុជា។
ថ្លែងជាមួយនឹងអ្នកសម្ភាសន៍ម្នាក់នៅក្នុងវីដេអូឃ្លីបដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកឈ្មោះ «យុវជន៧មករា» កាលពីចុងខែមករាកន្លងទៅ លោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ពីការច្នៃប្រឌិតនៃលទិ្ធប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងដូច្នេះ៖
«ប្រជាធិបតេយ្យខ្មែរគឺគុណធម៌ ហើយគុណធម៌មានបួនយ៉ាងដែលយើងប្រើរៀងរាល់ថ្ងៃ ហើយប្រជាជនខ្មែរតែងតែប្រើគ្រប់ការបង្រៀនប្រដៅកូនចៅទាំងអស់ គឺមេត្តា ករុណា មុទិតា និងឧបេក្ខា។ នេះហើយជាលទ្ធិប្រជាធិបតេយ្យពិតប្រាកដរបស់កម្ពុជា នៅពេលដែលបានមេដឹកនាំ ដែលមានអនុវត្តន៍នយោបាយបែបនេះហើយ គឺការប្រកួតប្រជែង សេរីភាពនៃការបញ្ចេញមតិអីទៅក្នុងច្បាប់ និងក្នុងគោលការណ៍ប្រជាធិបតេយ្យ ចឹងបានបងលើកឡើងមកថា ប្រជាធិបតេយ្យមិនមែនជារដ្ឋធម្មនុញ្ញទេ ដែលមនុស្សទាំងអស់ត្រូវតែធ្វើតាមដូចចឹងទាំងអស់នោះទេ។ ប្រជាធិបតេយ្យជាទស្សនវិជ្ជានិងគំនិត ហើយនិងជាគោលការណ៍មួយដែលទាំងអស់គ្នាយកមកច្នៃតាមប្រទេសរៀងៗខ្លួនៗ។ នេះហើយដែលយើងពិតប្រាកដ»។
ការអធិប្បាយរបស់តំណាងរាស្ត្ររូបនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវគេសង្កេតឃើញថាបានបើកការវាយបង្រ្កាបមិនញញើតដៃទៅលើអង្គការសង្គមស៊ីវិលដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ការចាប់ឃុំខ្លួនមេបក្សប្រឆាំងក្រោមបទចោទថា បានប្រព្រឹត្តអំពើក្បត់ជាតិ ការរំលាយចោលគណបក្សសង្គ្រោះជាតិ ដោយអំណាចតុលាការកំពូលទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ការហាមឃាត់មិនឲ្យអ្នកនយោបាយប្រឆាំងចំនួន១១៨នាក់ ធ្វើនយោបាយនៅក្នុងប្រទេសកម្ពុជា និងការបង្ខំឲ្យអង្គភាពព័ត៌មានឯករាជ្យ The Cambodia Daily បិទទ្វារ ពាក់ព័ន្ធនឹងបញ្ហាពន្ធដារប្រាក់រាប់លានដុល្លារ ហើយនិងការហាមឃាត់វិទ្យុ FM ក្នុងស្រុកមិនឲ្យធ្វើការផ្សាយបន្តផ្ទាល់ព័ត៌មានរបស់សំឡេងសហរដ្ឋអាមេរិក VOA និងវិទ្យុអាស៊ីសេរី។ វិទ្យុអាស៊ីសេរី ក្រោយមកបានប្រកាសបិទទ្វារការិយាល័យរបស់ខ្លួននៅកម្ពុជា ក្រោមហេតុផលថា រដ្ឋាភិបាលលោក ហ៊ុន សែន គ្មានចេតនាផ្តល់សេរីភាពដល់ក្រុមការងារខ្លួនធ្វើការងារដោយគ្មានការភ័យខ្លាច។
ការថ្លែងរបស់អ្នកនាំពាក្យវ័យក្មេងនៃគណបក្សកាន់អំណាចរូបនេះ ក៏បានកើតមានឡើង ក្រោយការប្រកាសជាផ្លូវការនៃចលនាសង្គ្រោះជាតិ ដោយលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងដែលបានគេចចេញពីប្រទេសកម្ពុជា ដើម្បីបញ្ចៀសការចាប់ឃុំខ្លួនដោយអាជ្ញាធរកម្ពុជា តាមបណ្តឹងរបស់ក្រុមមេដឹកនាំកម្ពុជា គ្រាដែលសហការីលោក គឺលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិកំពុងជាប់ឃុំក្នុងពន្ធនាគារនៅខេត្តត្បូងឃ្មុំ ដែលនៅត្រើយខាងកើតនៃទន្លេមេគង្គ និងមានព្រំប្រទល់ជាប់ប្រទេសកុម្មុយនិស្តវៀតណាម។
ក្នុងវីដេអូខ្លីរយៈពេលប្រមាណជាង៤នាទី អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ក៏បានបញ្ជាក់ឲ្យដឹងទៀតថា មហាសន្និបាតបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា «បក្សប្រជាជនបដិវត្តន៍ខ្មែរ» បានផ្តល់សេចក្តីទុកចិត្តជ្រើសរើសលោក ហ៊ុន សែន ជាឯកច្ឆន្ទ ជាមេដឹកនាំស្នូលរបស់កម្ពុជា ហើយថា លោក ហ៊ុន សែន នឹងបន្សល់ទុកប្រជាធិបតេយ្យមួយដែលមានគុណភាពដល់ប្រជារាស្ត្រខ្មែរ។
លោក សួស យ៉ារ៉ា ថ្លែងបន្តក្នុងវីដេអូនោះថា៖
«ចឹងកម្ពុជាចាប់ផ្តើមកសាងគ្រឹះខ្លួនឯង ដោយស្គាល់ថា មេដឹកនាំខ្លួនពិតប្រាកដជានរណា? ចំណុចនេះហើយ ចំណុចពិសេសណាស់ដែលវេទិកាថ្ងៃនេះ ខ្ញុំសូមជូនចំពោះមតិសាធារណជន ហើយនិងបងប្អូនទាំងអស់ដែលស្តាប់នៅទីនេះ ឲ្យបានជ្រាបថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំស្នូល សម្តេច ហ៊ុន សែន គឺជាអគ្គមគ្គុទ្ទេសក៍នៃប្រជាជន។ បើយើងបានហើយ គោរពគាត់ស្រឡាញ់គាត់ អ្វីដែលគាត់បន្សល់ឲ្យយើងសម្រាប់ ១០០ឆ្នាំ ៥០ឆ្នាំ ទៅ១០០ឆ្នាំទៀតនោះ គឺប្រជាធិបតេយ្យដែលមានគុណភាព គឺរដ្ឋធម្មនុញ្ញដែលត្រូវបានគោរពយូរអង្វែង នីតិរដ្ឋមួយនឹងត្រូវកសាង ហើយការធានារ៉ាប់រងផ្នែកសង្គមកិច្ច និងត្រូវបានគិតគូរដោយពេញលេញទាំងស្រុង»។
របាយការណ៍មួយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch (HRW) ដែលចេញផ្សាយមិនប៉ុន្មានថ្ងៃ មុនមហាសន្និបាតបក្សប្រជាជនកម្ពុជា បានរិះគន់លើការបង្ក្រាបចុងក្រោយនានារបស់រដ្ឋាភិបាលលោក ហ៊ុន សែន ទៅលើប្រព័ន្ធផ្សព្វផ្សាយ គណបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្ស។
យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការឃ្លំាមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានឈ្មោះថា «របាយការណ៍ពិភពលោកឆ្នាំ២០១៨» និងមានកម្រាស់៦៤៣ទំព័រ បានលើកឡើងអំពីប្រទេសកម្ពុជា ដោយផ្តោតលើការបង្ក្រាបខាងនយោបាយយ៉ាងទូលំទូលាយនៅក្នុងឆ្នាំ ២០១៧ ដែលបានធ្វើឲ្យរលត់យ៉ាងមានប្រសិទ្ធភាពនៃប្រព័ន្ធប្រជាធិបតេយ្យដែលមិនមាំទាំរបស់ប្រទេស ដោយមិនខ្វល់ពីសិទ្ធិមូលដ្ឋានផ្សេងៗ។
របាយការណ៍បានឲ្យដឹងថា លោក ហ៊ុន សែន ដែលគ្រប់គ្រងកិច្ចការសន្តិសុខនិងតុលាការប្រទេសកម្ពុជា បានពង្រីកយុទ្ធនាការចាប់ខ្លួនគេឯងតាមតែអំពើចិត្តរបស់លោក និងការកាត់ទោសមិនពេញលេញតាមនីតិវិធីច្បាប់ប្រឆាំងនឹងសកម្មជន និងក្រុមជំទាស់ខាងនយោបាយ។ របាយការណ៍បានបន្តទៀតថា រយៈពេលពេញមួយឆ្នាំ២០១៧នេះ អាជ្ញាធរបានគាបសង្កត់ការតវ៉ានិងដាក់បម្រាមលើការជួបជុំ និងការហែរក្បួន។ អង្គការក្រៅរដ្ឋាភិបាលជាច្រើនត្រូវបានគំរាមកំហែងជាមួយនឹងការបិទទ្វារ ឬត្រូវបានបិទ។ ហើយនៅដំណាច់ឆ្នាំ២០១៧ មានអ្នកទោសនយោបាយប្រមាណ២០នាក់ បន្តជាប់ក្នុងការឃុំឃាំង។
របាយការណ៍នោះបានសរសេរក្នុងន័យដើមថា៖
«សកម្មភាពរបស់លោក ហ៊ុន សែន ប្រឆាំងនឹងក្រុមប្រឆាំងរបស់ប្រទេសកម្ពុជា ហាក់ដូចជាត្រូវបានធ្វើឡើងដោយការភ័យខ្លាចថា គណបក្សប្រជាជនកម្ពុជានឹងចាញ់ការបោះឆ្នោតជាតិដែលគ្រោងនឹងរៀបចំនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។ គណបក្សប្រឆាំងបានទទួលបានការគាំទ្រយ៉ាងច្រើនតាមការបោះឆ្នោតក្នុងអំឡុងពេលបោះឆ្នោតជាតិឆ្នាំ២០១៣ និងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧»។
លោក ប្រេដ អាដាមស៍ (Brad Adams) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី ត្រូវបានដកស្រង់សម្តីក្នុងរបាយការណ៍ តាមន័យដើមថា៖
«កេរដំណែលនៃរដ្ឋាភិបាលប្រជាធិបតេយ្យចុងក្រោយនៅកម្ពុជា បានរសាត់បាត់ទៅនៅក្នុងឆ្នាំ ២០១៧»។
លោកបានថ្លែងបន្តថា៖
«លោក ហ៊ុន សែន បានបុកគ្រឹះការពារអំណាចរបស់លោកតាមរបៀបផ្តាច់ការរយៈពេល៣៣ឆ្នាំ ដោយមិនខ្វល់ពីសិទ្ធិមូលដ្ឋាននានារបស់ប្រជាជនកម្ពុជាឡើយ»។
នៅគ្រាដែលលោក ហ៊ុន សែន ត្រូវគេជឿថា មិនព្រមបន្ធូរបន្ថយដៃ ធ្វើបាបក្រុមមន្ត្រីនៃគណបក្សប្រឆាំង លោក សម រង្ស៊ី អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ បានផ្តើមបង្កើតចលនាសង្គ្រោះជាតិ ដែលកំពុងប្រឈមនឹងការបង្រ្កាបមិនបង្អង់ដៃផងដែរ ដោយក្រុមអាជ្ញាធរនៅកម្ពុជា។ លោក សម រង្ស៊ី អះអាងថា ចលនានេះនឹងជួយឲ្យមានការដោះលែងអ្នកទោសមនសិការ និងការបោះឆ្នោតត្រឹមត្រូវមួយនៅកម្ពុជា។
ចំណែកឯលោក ឈឹម ផលវរុណ អ្នកនាំពាក្យម្នាក់ទៀតនៃគណបក្សប្រជាជនកម្ពុជា និងជាអ្នកអត្ថាធិប្បាយផងនោះ បានហៅការរំលាយគណបក្សប្រឆាំងថា ជាជោគជ័យមួយនៃការបំផ្លាញអង្គការចាត់តាំងនយោបាយដែលគាំទ្រដោយសហរដ្ឋអាមេរិក។
លោក បានអះអាងនៅលើទំព័រហ្វេសប៊ុក «យុវជន៧មករា» កាលពីចុងខែមករាឆ្នាំ២០១៨ ថា សេនារីយោ ថ្មីនៃការបង្កើតចលនាសង្គ្រោះជាតិ គឺជាសេនារីយោថ្មីរបស់សហរដ្ឋអាមេរិក ដែលលោកចាត់ទុកថា ជាឪពុកម្តាយនយោបាយរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ទៀតផង៕