សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសម រង្ស៊ីចំនួន៤៩រូប នៅថ្ងៃច័ន្ទនេះ បានអនុម័តលើសេចក្តីព្រាងច្បាប់ចំនួនពីរគឺ សេចក្តីព្រាងស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ការអនុម័តសេចក្តីព្រាងច្បាប់ទាំងពីរនេះ ធ្វើឡើងដោយមិនមានការពិភាក្សាអ្វីទាំងអស់ ពោលគឺគណបក្សទាំងពីរបានអានសេចក្តីព្រាងច្បាប់នេះមួយជំពូកម្តងៗ រួចហើយបានស្នើសុំសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភាអនុម័ត ដោយលើកដៃដោយមិនមានការបោះឆ្នោតជាសម្ងាត់ទេ។
សេចក្តីព្រាងសេចក្តីស្នើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)មានចំនួន៧ជំពូក និង៦៦មាត្រា។ ចំណែកសេចក្តីព្រាងសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមានចំនួន១២ជំពូក និងមាន១៧១មាត្រា។
លោកឈឹម ផលវរុន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអបអរសាទរចំពោះសមាជិកព្រឹទ្ធសភាដែលបានអនុម័តសេចក្តីព្រាងច្បាប់ទាំងពីរនេះ។ លោកមានប្រសាសន៍ថា ច្បាប់ទាំងពីរនេះល្អនឹងគោរពទៅតាមស្តង់ដារអន្តរជាតិ។
លោកនិយាយថា៖ «នីតិវិធីហ្នឹងត្រឹមត្រូវហើយ។ នៅអាមេរិកអញ្ចឹងដែរ ដោយសារច្បាប់នៅក្នុងសភាពេញអង្គរាប់អាទិត្យ រាប់ថ្ងៃទេ រាប់នាទី។ ប្រទេសខ្លះគេធ្វើតែបីនាទី ខ្លះធ្វើកន្លះម៉ោងហើយយើងច្រើនជាងគេហើយ»។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សមាជិករដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានអនុម័តសេចក្តីស្នើច្បាប់ដ៏ចម្រូងចម្រាស់ទាំងពីរនេះដោយមានសំឡេងឯកឆន្ទៈដែលមន្ត្រីនៃគណបក្សទាំងពីររំពឹងថា សេចក្តីព្រាងច្បាប់នេះនឹងជួយសម្រួលដល់ការរៀបចំការបោះឆ្នោតនាពេលអនាគតខាងមុខ។
លោកគុល បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលដំណើរការបោះឆ្នោតមួយដែលមានឈ្មោះថា Comfrel នៅតែជំទាស់នឹងការអនុម័តសេចក្តីព្រាងច្បាប់ទាំងពីរនេះ។ លោកជំរុញឲ្យក្រុមប្រឹក្សាធម្មនុញ្ញគួរតែពិនិត្យច្បាប់នេះឡើងវិញ មុននឹងសម្រេចថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខាចុងក្រោយ។
លោកនិយាយថា៖ «ត្រូវតែឲ្យក្រុមប្រឹក្សាធម្មនុញ្ញមើលមែនទែនទៅលើច្បាប់ហ្នឹង ជាពិសេសពាក់ព័ន្ធទៅនឹងការដកសិទ្ធិប្រជាពលរដ្ឋក្នុងការបង្កើតជាក្រុមអង្គការមិនមែនរដ្ឋាភិបាល សមាគម អង្គការសង្គមស៊ីវិលដែលមិនឲ្យគេចូលរួមនៅក្នុងសកម្មភាពជីវភាពនយោបាយ»។
សេចក្តីព្រាងសេចក្តីស្នើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះមានចែងពីឯករាជ្យភាពរបស់ គ.ជ.ប. កំណត់កញ្ចប់ថវិកានៃស្ថាប័នបោះឆ្នោតជាតិនេះដាច់ដោយឡែក។សមាជិកគ.ជ.ប.មានសមាជិកចំនួន៩រូបដូចមុនដែរ ប៉ុន្តែសមាជិកទាំងនោះត្រូវមានសញ្ជាតិខ្មែរពីកំណើត។ ហើយស្ថាប័នមួយនេះត្រូវដឹកនាំដោយបុគ្គលឯករាជ្យដែលស្នើដោយគណបក្សជាប់ឆ្នោតទាំងពីរ។
ចំណែកឯសេចក្តីព្រាងច្បាប់ផ្សេងមួយទៀតស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានបន្ថែមអាសនៈនៅក្នុងរដ្ឋសភាគឺបង្កើនពី១២៣អាសនៈដល់ទៅ១២៥អាសនៈ។ មានការចែងអំពីការបាត់បង់អាសនៈនៅក្នុងរដ្ឋសភា ប្រសិនបើគណបក្សនយោបាយណាមួយធ្វើពហិការមិនចូលរួមសម័យប្រជុំដំបូងនិងមិនព្រមធ្វើសច្ចាប្រណិធានចូលកាន់តំណែងបន្ទាប់ពីការប្រកាសលទ្ធផលឆ្នោតរួច។ ក្រៅពីនោះ ច្បាប់នេះហាក់ដូចជាដាក់កំហិតទៅលើអង្គការក្រៅរដ្ឋាភិបាលឲ្យប្រកាន់ជំហរ អព្យាក្រិត្យឥតលម្អៀង។ បុគ្គលដែលប្រព្រឹត្តខុសនឹងមាត្រានេះអាចត្រូវផាកពិន័យពី១០ទៅ២០លានរៀល ឬស្មើនឹងពី២៥០០ទៅ៥០០០ដុល្លារអាមេរិក។
សេចក្តីព្រាងច្បាប់ដដែលបានបន្ថយចំនួនថ្ងៃឃោសនាបោះឆ្នោតពីរយៈពេល៣០ថ្ងៃមកត្រឹមចំនួន២១ថ្ងៃវិញ៕