រដ្ឋសភានៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានអនុម័តជាឯកឆន្ទនូវសេចក្តីស្នើច្បាប់ដ៏ចម្រូងចម្រាស់ចំនួនពីរនៅថ្ងៃព្រហស្បតិ៍នេះ ដែលមន្ត្រីនៃគណបក្សទាំងពីររំពឹងថា សេចក្តីព្រាងច្បាប់នេះនឹងជួយសម្រួលដល់ការរៀបចំការបោះឆ្នោតនាពេលខាងមុខ។
មានតំណាងរាស្ដ្រសរុបចំនួន១០៣រូប ដែលមានវត្តមានក្នុងកិច្ចប្រជុំវិសមញ្ញនេះ ដែលក្នុងនោះមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកសម រង្ស៊ីផងដែរ បានអនុម័តដោយលើកដៃមួយជំពូកម្តងៗនូវសេចក្តីស្នើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត» និងសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ហើយការអនុម័តនេះធ្វើឡើងដោយមិនមានការពិភាក្សាដេញដោលណាមួយឡើយ វៀរលែងតែការជួស និងបន្ថែមពាក្យពេចន៍ពីរបីម៉ាត់តែប៉ុណ្ណោះ។ ការមិនជជែកពិភាក្សាដេញដោលលម្អិតនេះគឺដោយសារមានការស្នើឡើងដោយប្រធានគណបក្សសង្គ្រោះជាតិគឺលោកសម រង្ស៊ី។
ប្រធានគណបក្សជំទាស់លើកឡើងថា គណបក្សទាំងពីរបានជជែកពិភាក្សាគ្នាដើម្បីតាក់តែងសេចក្តីព្រាងច្បាប់ទាំងពីរយ៉ាងល្អិតល្អន់ជាច្រើនខែមកហើយ។ ដូច្នេះមិនចាំបាច់មានការពិភាក្សាបន្ថែមនោះទេ។
ក្រោយពីសមាជិកសភាលើកដៃអនុម័តបញ្ចប់សេចក្តីព្រាងច្បាប់ទាំងពីរខាងលើ លោកប៊ិន ឈិន ប្រធានក្រុមការងារកិច្ចការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងថា ច្បាប់នេះមានសារៈសំខាន់សម្រាប់ការរៀបចំការបោះឆ្នោត ដោយមានប្រសិទ្ធភាព។
«អត្ថបទច្បាប់នេះនឹងក្លាយទៅជាឧបករណ៍និងយន្តការដ៏មានសារៈសំខាន់សម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរៀបចំការបោះឆ្នោតនាពេលខាងមុខ ពិសេសការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្តិទី៦នៃរដ្ឋសភាប្រកបដោយប្រសិទ្ធភាព និងតម្លាភាព»។
សេចក្តីព្រាងសេចក្តីស្នើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះមាន៧ជំពូកនិង៦៦មាត្រា។ ច្បាប់នេះមានចែងពីឯករាជ្យភាពរបស់គ.ជ.ប.ដោយកំណត់ថា កញ្ចប់ថវិកានៃស្ថាប័នបោះឆ្នោតជាតិនេះត្រូវដាច់ដោយឡែក។ សមាជិកគ.ជ.ប.មានសមាជិកចំនួន៩រូប ដូចមុនដែរ ប៉ុន្តែត្រូវមានសញ្ជាតិខ្មែរពីកំណើត។ ហើយអង្គការរដ្ឋនេះត្រូវដឹកនាំដោយបុគ្គលឯករាជ្យដែលស្នើដោយគណបក្សជាប់ឆ្នោតទាំងពីរ។
រីឯសេចក្តីព្រាងច្បាប់ផ្សេងមួយទៀតស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមាន១២ជំពូក និង១៧១មាត្រា។ សេចក្តីស្នើច្បាប់នេះបានបន្ថែមអាសនៈនៅក្នុងរដ្ឋសភាពី១២៣ដល់ទៅ១២៥។ មានការចែងអំពីការបាត់បង់អាសនៈនៅក្នុងរដ្ឋសភា ប្រសិនបើគណបក្សនយោបាយណាមួយធ្វើពហិការមិនចូលរួមសម័យប្រជុំដំបូង និងមិនព្រមធ្វើសច្ចាប្រណិធានចូលកាន់តំណែង បន្ទាប់ពីការប្រកាសលទ្ធផលឆ្នោតរួច។ ក្រៅពីនោះ ច្បាប់នេះហាក់ដូចជាដាក់កំហិតទៅលើអង្គការក្រៅរដ្ឋាភិបាលឲ្យប្រកាន់ជំហរអព្យាក្រិត្យឥតលម្អៀង។ បុគ្គលដែលប្រព្រឹត្តខុសនឹងមាត្រានេះអាចត្រូវផាកពិន័យពី១០ទៅ២០លានរៀល ឬស្មើនឹងពី២៥០០ទៅ៥០០០ដុល្លារអាមេរិក។
សេចក្តីព្រាងច្បាប់ដដែលក៏បានបន្ថយចំនួនថ្ងៃឃោសនាបោះឆ្នោតពីរយៈពេល៣០ថ្ងៃមកត្រឹមចំនួន២១ថ្ងៃវិញ។
កាលពីថ្ងៃពុធម្សិលមិញនេះ ក្រុមអង្គការសង្គមស៊ីវិលដែលតាមដានឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជា បានទាមទារឱ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិលុបចោលមាត្រា៨៤ មាត្រា១៣៧ មាត្រា១៤៨ មាត្រា១៥៩ និងមាត្រា១៦០នៃសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មូលហេតុគឺដោយសារបទបញ្ញត្តិទាំងនេះចែងពីការដាក់ទោសពិន័យទៅលើសិទ្ធិចូលរួមសកម្មក្នុងជីវភាពនយោបាយ និងសេរីភាពបញ្ចេញមតិរបស់ សមាគម និងអង្គការក្រៅរដ្ឋាភិបាល។
អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សមួយដែលមានឈ្មោះ Human Rights Watch កាលពីថ្ងៃអង្គារ ក៏បានបរិហាររិះគន់ផងដែរថា សេចក្តីស្នើច្បាប់ថ្មីសម្រាប់ការកែទម្រង់ការបោះឆ្នោតបានរំលោភសិទ្ធិមនុស្សជាមូលដ្ឋាន និងរំលោភទៅលើបទដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក៏បានសម្តែងការព្រួយបារម្ភដូចគ្នាចំពោះសេចក្តីព្រាងច្បាប់ខាងលើនេះដែរ។
ទោះជាមានការរិះគន់បែបនេះក្តី ក៏លោកសម រង្ស៊ីបកស្រាយថា គណបក្សរបស់លោកយល់ស្របជាមួយគណបក្សប្រជាជនកម្ពុជាលើសេចក្តីស្នើច្បាប់ទាំងពីរ ដោយសារស្ថានការណ៍នយោបាយ។
«ស្ថានការណ៍នយោបាយបែបនេះយើងទទួលយកច្បាប់នេះ តែយើងនឹងរង់ចាំឱកាសណាមួយ។ ថ្ងៃក្រោយយើងនឹងកែលំអថែមទៀត»។
ជាគោលការណ៍ សេចក្តីស្នើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»និងសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនេះនឹងត្រូវពិនិត្យដោយព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ មុននឹងច្បាប់នេះត្រូវព្រះមហាក្សត្រឡាយព្រះហស្ថលេខាដាក់ឲ្យប្រើប្រាស់៕