ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​នឹង​ប្រកាស​សមាជិក​គ.ជ.ប​ថ្មី​នៅ​ខែ​មេសា


រូប​ឯកសារ៖ បាតុកម្ម​ទាមទារ​កំណែទម្រង់​គ.ជ.ប.​ក្នុង​ពេល​ក​ន្លង​មក។
រូប​ឯកសារ៖ បាតុកម្ម​ទាមទារ​កំណែទម្រង់​គ.ជ.ប.​ក្នុង​ពេល​ក​ន្លង​មក។

លោកនាយ​ករដ្ឋមន្ត្រី​ ហ៊ុនសែន​ និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋសភា​ជាតិបាន​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​ពុធនេះ​ថា​ រដ្ឋសភា​ជាតិ​នឹង​ប្រកាស​សមាជិក​ថ្មី​៩រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​នៅ​ពាក់​កណ្តាល​ខែ​មេសា​ខាង​មុខ​នេះ។

ការអះអាង​នេះ​គឺ​មួយ​ថ្ងៃ​មុនពេលដែល​រដ្ឋ​សភានៃ​គណ​បក្ស​ប្រជាជន​កម្ពុជា​និង​គណបក្សសង្គ្រោះ​ជាតិ​នឹង​ត្រូវ​ប្រជុំ​ពិភាក្សា​ដើម្បី​អនុម័ត​សេច​ក្តី​ព្រាង​ច្បាប់​ចំនួន​ពីរ​គឺសេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​«ស្តី​ពី​ការរៀបចំ​និងការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត»​និង​សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​«ស្តី​ពី​ការបោះឆ្នាត​ជ្រើស​តាំង​តំណាងរាស្រ្ត»។

ថ្លែង​ទៅ​កាន់​ប្រជារាស្ត្រ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​កាល​ពី​ព្រឹក​មិញ​នេះ​ លោក​ ហ៊ុន សែន​ បាន​ប្រកាស​ថា ​គណ​បក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​រួចរាល់​ហើយ​លើ​ការ​កែ​ទម្រង់​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ហើយ​សមាជិ​ក​ថ្មី​ទាំង​៩​រូប​របស់​គណៈកម្មាធិការ​នឹង​ត្រូវ​ប្រកាស​នា​ថ្ងៃទី​១៣​ខែ​មេសា។

«ស្អែក​នេះ​គឺ​ជាថ្ងៃ​ប្រជុំ​រដ្ឋសភាអនុម័ត​ច្បាប់​ពីរ​ គណបក្ស​ទាំង​ពីរ​គឺ​ស្រុះស្រួល​គ្នា​ឯកឧត្តម ​សម រង្ស៊ី​គាត់​ថា​គាត់​ពេញ​ចិត្ត។ ប៉ុន្តែ​យ៉ាងណា ​ក៏​ត្រូវ​តែ​ចេញ​ដែរ​ប្រជុំ​ទាល់​តែ​ចប់​នឹង​ វេច​បាយ​ទៅ​ប្រជុំ»។​

សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ​ទទួល​រង​ការ​រិះគន់​ពី​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​រួម​ទាំង​ការរិះ​គន់​ពី​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ផង​ដែរ។

លោក​ ឈាង វុន សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និងអ្នក​នាំពាក្យ​រដ្ឋសភា​ជាតិ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​១៨ ខែមីនា ឆ្នាំ​២០១៥ នៅ​វិមាន​រដ្ឋសភា។ (រូប​ផ្តល់​ឲ្យ)
លោក​ ឈាង វុន សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និងអ្នក​នាំពាក្យ​រដ្ឋសភា​ជាតិ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​១៨ ខែមីនា ឆ្នាំ​២០១៥ នៅ​វិមាន​រដ្ឋសភា។ (រូប​ផ្តល់​ឲ្យ)

លោក​ ឈាង វុន ​សមាជិក​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​និងអ្នក​នាំ​ពាក្យ​សភាជាតិ​បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​ដែរ​ថា​សភា​ជាតិ​នឹង​អាច​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​២៣​ទំព័រ​នេះ​ក្នុង​ពេល​ឆាប់ៗ​ដើម្បី​ធានា​ស្ថិរភាព​នយោបាយ​ ​ការ​បោះ​ឆ្នោត​ដោយ​សេរី ​និង​ យុត្តិធ៌មនៅ​កម្ពុជា។​

លោក​បាន​បន្ថែម​ទៀត​ថា​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ទំនងអាច​នឹង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ ៨​នាក់​របស់​សមាជិក​គណៈកម្មាធិការ​ថ្មី​នេះ​នា​ថ្ងៃទី​២៧​ខែមិនា​ខាងមុខ​នេះ​បន្ទាប់​ពី​សេចក្តី​ព្រាង​ច្បាប់​នេះ​ចូល​ជា​ធរមាន ​ក្រោយ​ពី​ព្រះមហា​ក្សត្រ ​ឡាយ​ព្រះហស្ថ​លេខា​និង​ប្រថាប់​ត្រា។

«ថ្ងៃ​ទី​២៧​ហ្នឹង​គឺ​គណៈកម្មា​ធិកា​អចិន្ត្រៃយ៍​ត្រូវ​ប្រជុំ​ចុង​ក្រោយពី​រឿង​ពិនិត្យ​នីតិវិធី​នៃ​ការ​ប្រកាស​និង​ការ​ជ្រើសរើស​បេក្ខភាព​និង​បេក្ខ​ជន​អ្នក​ចង់​ធ្វើ​សមាជិក​គណៈកម្មាធិការ​នៃ​ការ​បោះឆ្នោត»។

សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការ​រៀបចំ​និងការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតមាន​៧​ជំពូក​នឹង​៦៦មាត្រា។ ច្បាប់​នេះ​រួមមាន​ការ​ដាក់​គជប​ឲ្យ​ជា​ស្ថាប័ន​ឯករាជ្យ​ ស្រប​តាម​ច្បាប់​វិសោធនកម្ម​ថ្មី​របស់​រដ្ឋធម្មនុញ្ញ​ និង​កំណត់​កញ្ចប់​ថវិកា​ដាច់​ដោយ​ឡែក​មួយ។​

​សមាជិក​គណៈ​កម្មាធិការ​នេះ​មាន​សមាសភាព​៩រូប​ដែល​ក្នុងនោះ​មាន​៤រូប​ជ្រើស​តាំង​ដោយ​បក្ស​កាន់​អំណាច​ ៤រូប​ផ្សេងទៀត​ត្រូវ​ជ្រើស​តាំង​ដោយ​បក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុងរដ្ឋសភា​ហើយ​មួយ​រូប​ផ្សេង​ទៀត​ត្រូវជ្រើសរើស​ដោយ​មាន​ការ​ឯកភាព​ពី​គណបក្ស​ទាំង​អស់​ដែល​មាន​អាសនៈ​នៅ​ក្នុងរដ្ឋសភា។ ក៏ប៉ុន្តែច្បាប់​ដដែល​នេះ​បាន​តម្រូវ​ឲ្យ​សមាជិក​នៃគណៈ​កម្មាធិការ​មួយ​នេះ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់។​

​គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​រួច​ហើយ​ថា​នឹង​ទទួល​យក​លោក​ស្រី​ ពុង ឈីវកេក​ដែល​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដ៏​ល្បីល្បាញ​មួយ​នៅ​កម្ពុជាមក​ធ្វើ​ជា​សមាជិក​ឯករាជ្យ​ទី​៩របស់​ គណៈ​កម្មាធិការ​នេះ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោកឈាង វុន​និង​ ​អ្នក​នាំ​ពាក្ស​គណបក្ស​សង្គ្រោះ​ជាតិ ​លោក​ យ៉ែម បុញ្ញឫទ្ធិ។​ មន្ត្រី​របស់​គណបក្ស​ទាំង​ពីរ​នេះ​បាន​ប្រាប់ ​VOA​ ខេមរភាសា​ថា ​គណបក្សរ​បស់​ពួកគាត់​មិន​ទាន់​សម្រេច​ចិត្ត​ថា​នឹង​យក​បេក្ខភាព​ណា​នៅ​ឡើយ​ទេ​សម្រាប់​សមាជិក​៨​រូប​ផ្សេង​ទៀត​នៅ​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​នេះ។

​ទោះ​ជា​យ៉ាង​ណា​លោក​ អ៊ូ វីរៈ​ អ្នក​វិភាគ​នយោបាយ​កម្ពុជា​មួយ​រូប​យល់​ថា​ សមាសភាព​គជប​អាច​នឹង​ត្រូវ​រៀប​ចំ​រួច​រាល់​ហើយ​ប៉ុន្តែ​គណបក្ស​ទាំង​ពីរ​មិន​ហ៊ាន​បញ្ចេញ​ជា​សាធារណៈ​នៅ​ពេល​នេះ។

«ហើយ​ប្រសិន​ជា​ចូល​ជា​ធរ​មានហើយ​ គ.ជ.ប ​បង្កើត​ហ្នឹង​បាន​ន័យ​ថា​គ្មាន​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​និង​ដំណើរ​ការ​បើក​ចំហរ​អី​ទេ​គឺ​គេ​រើស​ទុកមុន​ហើយ​សមាជិក​ទាំងអស់​ហ្នឹង​ណា។ គេ​រើស​ទុក​អស់​ហើយ​ មិនមាន​ដំណើរ​ការ ដាក់ពាក្យ​ ដូច​ប្រកាស​នោះ​ទេ។ ខ្ញុំ​ជឿ​ជាក់​ថា​សមាជិក​គណបក្ស​ប្រឆាំង​ក៏​មិន​ប្រកាស​ដែរ»។

គេ​ដឹង​ថា​លោក​ស្រី​ ពុង ឈីវកេក​ មាន​សញ្ជាតិ​ពីរ​គឺ​បារាំង​និង​ខ្មែរ ​ហើយ​ការណ៍​នេះ​វា​ខុស​និង​ច្បាប់​ថ្មី​នេះ។​

លោកស្រី​ ពុង ឈីវកេក​ ដែល​ជា​ស្ថាបនិក​របស់​អង្គការ​ សម្ព័ន្ធ​ខ្មែរ​ជំរឿននិង​ការពារ​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​ LICADHO​ មិនអាច​ទំនាក់ទំនង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេដោយ​អ្នកលើក​ទូរស័ព្ទ​របស់​លោក​ស្រី​ឆ្លើយ​ថា​គាត់​ជាប់​រវល់​ប្រជុំ៕

XS
SM
MD
LG