ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ Human Rights Watch រិះគន់​ច្បាប់​បោះឆ្នោត​ថ្មី


រូបឯកសារ៖ កម្មករ​ខ្មែរ​ឈរ​នៅ​ក្រោម​បដា​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស​ថា «Where is my vote» ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «សន្លឹក​ឆ្នោត​របស់​ខ្ញុំ​នៅ​ឯណា» នៅ​គ្រាដែល​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូល​ផ្តុំ​គ្នា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ .
រូបឯកសារ៖ កម្មករ​ខ្មែរ​ឈរ​នៅ​ក្រោម​បដា​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស​ថា «Where is my vote» ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «សន្លឹក​ឆ្នោត​របស់​ខ្ញុំ​នៅ​ឯណា» នៅ​គ្រាដែល​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូល​ផ្តុំ​គ្នា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ .

អង្គការ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស​មួយ​ដែល​មាន​ឈ្មោះ​ Human Rights Watch ​បាន​បរិហារ​រិះ​គន់​សេចក្តី​ព្រាង​ច្បាប់​ថ្មី​សម្រាប់​ការ​កែទម្រង់​ការ​បោះ​ឆ្នោត​ថា​បាន​រំលោភ​សិទ្ធិ​មនុស្ស​ជាមូល​ដ្ឋាន​ និង​ រំលោភ​ទៅ​លើ​បទ​ដ្ឋាន​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ក៏​ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជំទាស់។​

នៅ​ក្នុង​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​Human Rights Watch ​ពី​បុរី​ ញ៉ូវយក​ របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ឱ្យ​ដឹង​ថា​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​គួរ​តែ​ត្រូវ​ធ្វើ​ការ​កែលម្អ​ឡើង​វិញ​មុន​នឹង​យក​ទៅ​អនុម័ត​ក្នុង​រដ្ឋសភា​ដែល​គ្រោង​ធ្វើ​ក្នុង​សប្តាហ៍​នេះ។​

លោក​ Brad Adams​ នាយក​អង្គការ​Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា​ «ច្បាប់​បែប​នេះ​ដែល​កំហិត​សេរីភាព​បញ្ចេញមតិ ​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​ សមាគម​ និង​ធ្វើ​ឱ្យ​វា​មើល​ទៅថា​ការបោះឆ្នោត​នៅ​កម្ពុជា​នាពេល​អនាគត​នឹងមិនមាន​លក្ខណៈ​ប្រជាធិបតេយ្យ»​។​

លោក​បាន​បញ្ជាក់​ទៀត​ថា​ «វាស្ទើរ​តែ​គ្មាន​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទេ​ដែលគណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ស្នើ​ឱ្យ​មាន​សេចក្តី​ព្រាង​ច្បាប់ទាំង​នេះ​ទេ។​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ គួរតែ​ត្រូវ​បានរួម​ចំណែក​ទទួល​ការស្តីបន្ទោស​ចំពោះ​ការយល់​ព្រម​ក្នុង​ការ​ត្រួតពិនិត្យ​ជាមុន​និង​ធ្វើ​ឱ្យការ​និយាយ​ស្តី​ក្លាយ​ជា​បទឧក្រិដ្ឋនិង​ការ​កំហិត​សិទ្ធិ​ធ្វើ​យុទ្ធនាការ​ជា​សាធារណៈ‍»។

សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ ជ្រើស​តាំង​តំណាង​រាស្ត្រ​ មាន​១២​ជំពូក​និង​១៧១​មាត្រា។ ​សេចក្តី​ព្រាង​ច្បាប់​នេះ​បានបញ្ចូល​មាត្រា​មួយ​ចំនួន​ ដែល​រួម​មាន​ ការ​បន្ថែម​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ ពី​១២៣អាសនៈ ​ដល់​ទៅ​១២៥​អាសនៈ។​ ការ​បាត់បង់​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ ប្រសិន​បើ​គណបក្ស​នយោបាយ​ណាមួយ​ធ្វើ​ពហិការ​មិន​ចូលរួម​សម័យ​ប្រជុំ​ដំបូង​ និង​មិន​ព្រម​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់តំណែង​បន្ទាប់​ពី​ការ​ប្រកាស​ លទ្ធផល​ឆ្នោត។​

នៅ​ក្នុង​មាត្រា​ទី​៨៤​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ហាក់បីដូច​ជា​ដាក់​កំហិត​ទៅ​លើ​ការបញ្ចេញ​មតិ​របស់​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ នៅ​ត្រង់​ចំណុច​ដែល​បាន​ចែង​ថា៖​ «អង្គការ​មិនមែន​រដ្ឋាភិបាល​ ឬ​សមាគម​ក្នុង​ស្រុក​ និង​សមាគម​ ឬ​អង្គការ​អន្តរជាតិ ​ដែល​បំពេញ​ការងារ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ឬ​ជនបរទេស​ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រិត​ឥតលម្អៀង ​នៅ​ក្នុង​ការ​បោះឆ្នោត​ ជ្រើសតាំង​តំណាងរាស្ត្រ»។​

នៅ​ក្នុង​មាត្រា​ដដែល​ក៏​បាន​បញ្ជាក់​ផងដែរ​មិន​ឲ្យ​អង្គការ​មិនមែន​ រដ្ឋាភិបាល​ធ្វើ​សកម្មភាព​រួមមាន​៖​ការបញ្ចុះបញ្ចូល​ប្រជាជន​ឲ្យ​ដង្ហែរ​ ការឃោសនា​ ផ្សព្វផ្សាយ​គោលនយោបាយ​ ការចូលរួម​ជា​សមាជិក​គណបក្ស​នយោបាយ​ ការស្ទង់​មតិ​ក្នុង​គោលបំណង​បម្រើ​បក្សនយោបាយ​ណា​មួយ​ ការសរសេរ​ឬ​ផ្តល់​បទសម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​បក្ស​នយោបាយ​ណា​មួយ។ ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​នឹង​មាត្រា​នេះ​អាច​ត្រូវផាកពិន័យ​ពី​១០​ទៅ​ ២០​លាន​រៀល។ ​

លោក​ គួយ ប៊ុនរឿន​ តំណាង​ក្រុម​ចរចា​ខាង​គណបក្ស​សង្គ្រោះជាតិ​ដែល​សកម្មក្នុង​ការ​ចូល​រួម​ពិភាក្សា​បង្កើត​សេចក្តី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ​ដោយ​លោក​បាន​បង្វែរ​សំណួរ​ ទៅ​សួរ​អ្នក​នាំ​ពាក្យ​គណបក្ស​វិញ។​

លោក​និយាយ​ថា៖​«និយាយ​រួម​ទៅ​ខ្ញុំ​អត់​ចង់​ឆ្លើយ​ ពី​ព្រោះ​ខ្ញុំចង់​ឱ្យ​សួរ​អ្នក​នាំ​ពាក្យ​វិញ​ទៅ​ពី​ព្រោះ​ខ្ញុំ​ផុត​ការ​ងារ​របស់​ខ្ញុំ​ហើយ»។​

លោក​ យ៉ែម បុញ្ញឫទ្ធិ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​មិន​អាច​ទំនាក់​ទំនង​បាន​ទេ​ ដោយ​ទូរស័ព្ទ​របស់​លោក​មិន​មាន​អ្នក​ទទួល។​

លោក​ ឈឹម ផលវរុន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជំទាស់​ទៅ​នឹង​ការ​រិះគន់​របស់​អង្គការ​Human Rights Watch ។​

លោក​បាន​បញ្ជាក់​ថា​អង្គការ​Human Rights Watch ​មិន​បាន​ឈរ​ទៅ​លើ​គោល​ការណ៍​នៃ​ការ​គោរព​ និង​ ទទួល​ស្គាល់​សិទ្ធិ​សេរី​ភាព​របស់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​ទេ។​

លោក​និយាយ​ថា៖​«អង្គការ​Human Rights Watch ​នេះ​ពុំ​មាន​សិទ្ធិសម្រេច​ ឬ​ក៏​លូក​លាន់​ចូល​ដល់​ដំណើរ​ការ​តាក់​តែង​ច្បាប់​របស់​កម្ពុជា​ទេ​ពី​ព្រោះ​កម្ពុជា​អ្នក​ដែល​មាន​សិទ្ធិសម្រេច​តាក់​តែង​លើ​ច្បាប់​ជា​ផ្លូវ​ការ​គឺ​តំណាង​រាស្ត្រ​ដែល​ទទួល​នីត្យានុកូលភាព​ពី​ប្រជា​ពល​រដ្ឋ​តាម​រយៈ​សន្លឹក​ឆ្នោត»។​

លោក​ យ៉ង់ គឹមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋដើម្បី​ការ​អភិវឌ្ឍ​និង​សន្តិភាព​ និង​ ជា​សមាជិក​សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត​មាន​ប្រសាសន៍​គាំទ្រ​ការ​លើក​ឡើង​របស់​Human Rights Watch ។​

លោក​និយាយ​ថា​៖​«ច្បាប់​ថ្មី​នេះ​យើង​ឃើញ​ថា​មាន​មាត្រា​ខ្លះ​ពាក់​ព័ន្ធ​នឹង​រឿង​បញ្ជី​ ឈ្មោះ​វា​បាន​ល្អ។ប៉ុន្តែ​បើ​មើល​ទៅ​លើ​មាត្រា​ដទៃ​ទៀត​ពាក់​ព័ន្ធ​នឹង​សិទ្ធិរបស់​សង្គម​ស៊ីវិល​ក្នុង​ការ​ចូល​រួម​ដំណើរ​ការ​បោះ​ឆ្នោត​មាន​បញ្ហាធំ​តែ​ម្តង»។​

លោក​បាន​បញ្ជាក់​ថា​អង្គការ​សង្គម​ស៊ីវិល​ជា​អ្នក​ឃ្លាំ​មើល​តែ​បើ​យើង​ធ្វើ​សេចក្តី​ថ្លែងការណ៍​មិន​បាន​ទាក់​ទឹន​ការ​បោះ​ឆ្នោត​ថា​តើ​ការ​បោះ​ឆ្នោត​លើក​ក្រោយ​នឹង​ទៅ​ជា​យ៉ាងណា?

XS
SM
MD
LG