សភាកម្ពុជាបានអនុម័តជាឯកច្ឆន្ទនូវច្បាប់បោះឆ្នោតដ៏ចម្រូងចម្រាសចំនួន២បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនខែរវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង។
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចហើយនឹងគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំង បានសាទរច្បាប់ទាំង២ថា ជាលទ្ធផលប្រកបដោយជោគជ័យបន្ទាប់ពីការចរចាដែលជារឿយៗមានការតឹងតែងអស់រយៈពេលជាច្រើនខែក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលជាការបោះឆ្នោតមួយដែលគណបក្សប្រឆាំងបានខិតជិតជ័យជម្នះហើយដែលគណបក្សប្រឆាំងបានអះអាងថា ការបោះឆ្នោតនោះមានការលួចបន្លំ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងមានប្រសាសន៍ថា ភាគីទាំង២ មិនបានពេញចិត្ត១០០ភាគរយទេ ក៏ប៉ុន្តែសម្បទានបានត្រូវធ្វើឡើងដើម្បីឲ្យភាគីទាំង២បានទទួលជោគជ័យ។
មនុស្សផ្សេងទៀតមានសញ្ញាវិជ្ជមានតិចតួច។
នៅដើមសប្តាហ៍នេះ អង្គការសិទ្ធិមនុស្ស Human Rights Watch បានព្រមានថា ច្បាប់បោះឆ្នោតនេះនឹងកម្រិតសេរីភាពនៃការបញ្ចេញមតិនិងការជួបប្រជុំ ហើយអាចធ្វើឲ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្រុមអង្គការសង្គមស៊ីវិលកម្ពុជាបានធ្វើការរិះគន់ប្រហាក់ប្រហែលគ្នានេះដែរ។
លោក អ៊ូ វីរៈ ប្រធានក្រុមស្រាវជ្រាវឯករាជ្យមានឈ្មោះថា វេទិកាអនាគត និយាយថា ច្បាប់ស្តីពីការបោះឆ្នោតរបស់សមាជិកសភាជាតិ វែងអន្លាយស្រពេចស្រពិលហើយនឹងពោរពេញដោយចំណុចដែលអាចប្រើខុស។
ក្នុងចំណោមការព្រួយកង្វល់ដ៏សំខាន់ៗរបស់លោកគឺ ច្បាប់នោះ អនុញ្ញាតឲ្យសមាជិកកងកម្លាំងប្រដាប់អាវុធធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។ យោធាកម្ពុជាមានចំណងទាក់ទងដ៏ខ្លាំងជាមួយគណបក្សកាន់អំណាច ហើយកងពលខ្លះរបស់កងទ័ពបានជាប់ជំពាក់ជំពិននៅក្នុងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ។
លោក អ៊ូ វីរៈ និយាយបន្តទៀតថា ច្បាប់នោះ ក៏រឹតត្បិតអង្គការសង្គមស៊ីវិលដែរ។«ហើយនេះ ជាការប៉ះពាល់ទៅលើអង្គការសង្គមស៊ីវិលទាំងអស់ មិនមែនត្រឹមតែអង្គការមិនមែនរដ្ឋាភិបាលដែលផ្តល់ថវិកាដោយបរទេសទេ ក៏ប៉ុន្តែអង្គការសង្គមស៊ីវិលទាំងអស់។ អស់លោកអ្នកមិនអាចធ្វើការស្រាវជ្រាវឲ្យបានត្រឹមត្រូវហើយនឹងបញ្ចេញការស្រាវជ្រាវនោះក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត មិនមែនការស្ទង់មតិទេ អស់លោកអ្នក មិនអាចចេញសេចក្តីថ្លែងការណ៍ដែលអាចត្រូវបានគេចាត់ទុកថា ជាការប្រមាថមើលងាយគណបក្សណាមួយទេ»។
លោកនិយាយទៀតថា ច្បាប់កម្រិតតួនាទីរបស់អង្គការសង្គមស៊ីវិលក្នុងអំឡុងពេលដ៏សំខាន់ភាគច្រើននៃដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ។
«ហើយដោយគ្មានអង្គការសង្គមស៊ីវិល ខ្ញុំមិនដឹងថា តើអស់លោកអ្នក ធ្វើការជជែកដេញដោលយ៉ាងដូចម្តេច តើអស់លោកអ្នកអាចមានការសង្កេតមើលនិងការបញ្ចូលនៃគំនិតនិងផលប្រយោជន៍ផ្សេងៗយ៉ាងដូចម្តេច។ ហើយខ្ញុំគិតថា ច្បាប់នេះនឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់លទ្ធិប្រជាធិបតេយ្យទាំងមូល ខ្ញុំគិតថា បើនិយាយពីលទ្ធិប្រជាធិបតេយ្យនឹងមានផលប៉ះពាល់ដោយច្បាប់ថ្មីនេះ»។
បទប្បញ្ញត្តិខ្លះ នឹងធ្វើឲ្យគណបក្សនយោបាយ លែងមានសិទ្ធិចូលរួមបោះឆ្នោតបាន ប្រសិនបើ សមាជិកណាម្នាក់របស់គណបក្សរំលោភវិន័យខ្លះ។
លោក អ៊ូ វីរៈ និយាយថា បទប្បញ្ញត្តិដែលធ្វើឲ្យគណបក្សនយោបាយ លែងមានសិទ្ធិចូលរួមការបោះឆ្នោតប្រសិនបើ សមាជិកណាម្នាក់របស់គណបក្ស រំលោភច្បាប់បោះឆ្នោត អាចត្រូវបានគេរំលោភបានយ៉ាងស្រួល។
«ហើយនៅក្នុងប្រទេសដូចជាកម្ពុជា អ្វីដែល ជាសេចក្តីត្រូវការសម្រាប់គណបក្សប្រជាជនកម្ពុជាគឺស្វែងរកបេក្ខជនណាម្នាក់ដែលញុះញង់ឲ្យមានការស្អប់ខ្ពើមឬរំលោភមាត្រាហើយអាចត្រូវដកគណបក្សប្រឆាំងទាំងមូលឬពួកគេ អាចបញ្ជូនមនុស្សណាម្នាក់ឲ្យធ្វើដូច្នេះ»។
ច្បាប់មួយទៀត គ្រប់គ្រងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) ដែលសមាជិករបស់គណៈកម្មាធិការនោះបានត្រូវគេចោទប្រកាន់ជាយូរយារណាស់មកហើយបានលម្អៀងគណបក្សកាន់អំណាច។
សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៩រូប នឹងមាន៤នាក់មកពីគណបក្សនិមួយៗ ដោយមានមនុស្សឯករាជ្យទី៩ដែលធ្វើការបោះឆ្នោតដោយសេរី។
លោក អ៊ូ វីរៈ និយាយថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី គួរតែមានភាពប្រសើរឡើង ថ្វីបើចេញមកពីថ្នាក់ទាបក៏ដោយ។
កាសែតភ្នំពេញប៉ុស្តិ៍ បានដកស្រង់សម្តីលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងយកមកចុះផ្សាយថា យើង ចង់ធ្វើអ្វីៗឲ្យបានល្អឥតខ្ចោះ ក៏ប៉ុន្តែ យើង មិនអាចទទួលបានជោគជ័យតែម្នាក់ឯង១០០ភាគរយទេ។
លោក អ៊ូ វីរៈនិយាយថា គណបក្សប្រឆាំង ទំនងជាគិតថា ខ្លួន អាចធ្វើសម្បទាន ប្រសិនបើខ្លួន បានទទួលអាសនៈ៤នៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយខ្លួន នឹងឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៨។ លោក និយាយថា ការសន្មត់នេះ ជាកំហុសមួយ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន