ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​សុំ​ឱ្យ​លុបចោល​មាត្រា​ដែល​រិត​ត្បិត​សិទ្ធិ​និង​សេរីភាព


ព្រះ​សង្ឃ​ចូល​រួម​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៣។
ព្រះ​សង្ឃ​ចូល​រួម​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៣។

រយៈពេលមួយ​ថ្ងៃមុន​ពេល​ដែល​សមាជិក​សភា​ទាំង​១២៣​រូប​មក​ពី​គណបក្ស​សង្គ្រោះជាតិ​ និង គណបក្ស​ប្រជាជន​កម្ពុជា​គ្រោង​នឹង​យក​សេចក្តី​ព្រាង​ច្បាប់​ចំនួន​ពីរ​ គឺ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​និង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ការ​រៀប​ចំ​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​ រៀបចំការ​បោះឆ្នោត​យក​មក​អនុម័ត​នោះអង្គការ​សង្គមស៊ីវិល​ដែល​តាម​ដាន​ឃ្លាំ​មើល​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា​បាន​ទាមទារ​ឱ្យ​គណបក្ស​ទាំង​ពីរ​លុប​ចោល​បទ​ប្បញ្ញត្តិ​មួយ​ចំនួន​នៃ​មាត្រា​ ៨៤​ ១៣៧​ ១៤៨​ ១៥៩​ និង​ ១៦០​ នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ លើ​ប្បញ្ញត្តិ​ដែល​ចែង​ពី​ការ​ដាក់​ទោស​ពិន័យ​ទៅ​លើ​សិទ្ធិ​ចូល​រួម​សកម្ម​ក្នុង​ជីវភាព​នយោបាយ​និង​សេរីភាព​បញ្ចេញ​មតិ​របស់​ សមាគម​ និង​ អង្គការ​សង្គម​ស៊ីវិល​មិន​មែន​រដ្ឋាភិបាល។​

មាត្រា​ទី​៨៤​ នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​បាន​ចែង​ថា៖​ «អង្គការ​មិនមែន​រដ្ឋាភិបាល​ ឬ​ សមាគម​ក្នុង​ស្រុក​ និង​ សមាគម​ ឬ ​អង្គការ​អន្តរជាតិ​ដែល​បំពេញ​ការ​ងារ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ មិន​ត្រូវ​ធ្វើ​សកម្មភាព​ណាមួយ​ ទោះ​បី​ដោយ​ផ្ទាល់​ក្តី​ ឬ​ដោយ​ប្រយោល​ក្តី​ ដែល​រួម​មាន​ផ្តួច​ផ្តើមឬ ចូល​រួម​ក្នុង​ការ​ឃោស​នា​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ​ណាមួយ‍។​ ចេញ​សេចក្តី​ថ្លែង​ការណ៍​ ឬ​ ធ្វើ​សកម្មភាព​ណាមួយ​ក្នុង​គោល​បំណង​គាំទ្រ​ ឬ​ បង្ហាញ​ការ​លម្អៀង​ទៅ​រក​ ឬ ​ប្រឆាំង​ទៅ​រក​គណបក្ស​នយោបាយ​ណាមួយ​ ឬ​ បេក្ខជន​ណា​ម្នាក់‍»។​

រាល់​សកម្មភាព​ក្នុង​ការ​ចូល​រួម​ក្នុង​ជីវភាព​នយោបាយ​ខាង​លើ​ បែរ​ទៅ​ជា​បទ​ល្មើស​ដែល​ត្រូវ​ផ្តន្ទាទោស​ ផាក​ពិន័យ​តាម​មាត្រា​ ១៥៩​ និង​ មាត្រា​ ១៤៨​ ដែល​មាន​ចំនួន​ទឹក​ប្រាក់​ពី​១០​លាន​ រៀល​ ទៅ​ ២០​ លាន​រៀល​ដោយ​គជប។​

លោក​ ហង្ស ពុទ្ធា​ នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ឈ្មោះ​ និកហ្វិក​ មាន​ប្រសាសន៍​ថា ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​អាក្រក់​ជាង​ច្បាប់​ចាស់​ទៅ​ទៀត​ដោយ​សារ​តែ​មាន​ចំណុច​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​នេះ​បាន​គំរាម​កំហែង​ បំភិត​បំភ័យ​អង្គការ​សង្គម​ស៊ីវិល​មិន​ឱ្យ​ចូល​រួម​ដំណើរ​ការ​បោះ​ឆ្នោត។​

លោក​និយាយ​ថា៖ ​«គោលការណ៍​ធម្មជាតិ​ទឹក​ត្រូវ​ហូរ​ពី​លើ​ចុះ​មក​ក្រោម​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បើ​សិន​ជា​ច្បាប់​ហ្នឹង​ធ្វើ​ឱ្យ​ទឹក​ហ្នឹង​ហូរ​បញ្ច្រាស​ពី​ក្រោម​ទៅ​លើ​នោះ​ជា​ការ​ផ្ទុយ​និង​ក្រឹត្យ​ក្រម​ធម្មជាតិ​ហើយ។​ទីពីរ​គោលការណ៍​យុត្តិធម៌​ យុត្តិធម៌​ពាក់​ព័ន្ធ​ នឹង​ សិទ្ធិ​របស់​មនុស្ស»។​

លោក​ យ៉ង់ គិមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ​និង​សន្តិភាព​ និង​ ជា​សមាជិក​សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត​មាន​ប្រសាសន៍​ថា​សេចក្តី​ព្រាង​ច្បាប់​នេះ​អត់​បានដាក់​ឱ្យ​ពិភាក្សា​ពេញ​លេញ​និង​មាន​តម្លាភាព។​

លោក​និយាយ​ថា៖ ​«បញ្ញត្តិ​មួយ​ចំនួន​ហ្នឹង​មាន​ចំណុច​អវិជ្ជមាន​ខ្លាំង​ហើយ​នឹង​វា​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដែរ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​យើង​ ហើយ​នឹង​ការ​ដក​សិទ្ធិ​និង​សេរីភាព​របស់​សមាគម​ អង្គការ​សង្គម​ស៊ីវិល​ អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ក៏​ដូច​ជា​គណបក្ស​នយោបាយ​ ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត»។​

រដ្ឋសភា​របស់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​ដើម្បី​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ និង​ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពីការ​រៀប​ចំការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះឆ្នោត បើ​ទោះ​បីសេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​បាន​ទទួល​រង​ការ​រិះ​គន់​ខ្លាំង​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាលនិង​អង្គការ​អន្តរជាតិ​ ​ក៏​ដោយ។​

លោក​ ឈឹម ផលវរុន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​អ្វី​ដែល​ជា​ការ​ស្នើ​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​មិន​មាន​ហេតុផល​សម​ស្រប​ទេ​ពី​ព្រោះ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ច្រើន​ណាស់​ដែល​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ។​

លោក​និយាយ​ថា៖ ​«ការ​ស្នើ​របស់​អង្គការ​ ERA​ គឺ​ជា​វត្ថុបំណង​ឯក​ជន​របស់​ខ្លួន​មិន​មែន​ជា​វត្ថុបំណង​របស់​ប្រជាពលរដ្ឋ​និង​របស់​ម្ចាស់​ឆ្នោត​ទេ»។​

លោក​ អេង ឆៃអាង​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចូល​រួម​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​ប្រសាសន៍​ថា​សេចក្តី​ស្នើ​ច្បាប់​នេះ​បាន​មក​ដល់​ដៃ​របស់​រដ្ឋសភា​ហើយ។ ហើយ​ការ​លុប​ឬ​ដាក់​ថែម​យ៉ាង​ណា​នោះ​គឺ​អាស្រ័យ​ទៅ​លើ​សភា​ពេញ​អង្គ​ដែល​នឹង​ប្រជុំ​ពិភាក្សា​អនុម័ត​នៅ​ថ្ងៃ​ស្អែក​នេះ។​

លោក​និយាយ​ថា៖​ «ខ្ញុំ​មាន​ជំនឿ​ថា​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​នេះ​គឺ​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​ហ្នឹង​ច្បាស់​ជា​យក​ទៅ​ពិនិត្យ​និង​ពិចារណា។ ​ប៉ុន្តែ​អ្វី​ដែល​ជា​សំខាន់​គោល​បំណង​គោល​ដៅ​យើង​គឺ​យើង​ចង់​ឱ្យ​មាន​គជប​ថ្មី»។​

អង្គការ​ឃ្លាំ​មើល​ការ​រំលោភ​ សិទ្ធិមនុស្ស​មួយ​ដែល​មាន​ឈ្មោះ​ Human Rights Watch​កាល​ពី​ថ្ងៃ​អង្គារ ​បាន​បរិហារ​រិះ​គន់​សេចក្តី​ព្រាង​ច្បាប់​ថ្មី​សម្រាប់​ការ​កែទម្រង់​ការបោះ​ឆ្នោត​ថា​បាន​រំលោភ​សិទ្ធិ​មនុស្ស​ជា​មូល​ដ្ឋាន​ និង​ រំលោភ​ទៅ​លើ​បទ​ដ្ឋាន​នៃ​លទ្ធិ​ប្រជាធិបតេយ្យ៕

XS
SM
MD
LG