ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Tillerson ជំរុញ​ដំណើរ​ការទូត​ដើម្បី​រក​ដំណោះស្រាយ​ជម្លោះ​នៅ​អាហ្វហ្គានីស្ថាន


លោក​រដ្ឋ​មន្ត្រី​ការបរទេស​ Rex Tillerson ធ្វើ​សក្ខីកម្ម​នៅ​ក្នុង​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅ​ពី​មុខ​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​របស់​ព្រឹទ្ធសភា។
លោក​រដ្ឋ​មន្ត្រី​ការបរទេស​ Rex Tillerson ធ្វើ​សក្ខីកម្ម​នៅ​ក្នុង​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅ​ពី​មុខ​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​របស់​ព្រឹទ្ធសភា។

ខណៈពេល​ដែល​រដ្ឋបាល​លោក​ប្រធានាធិបតី​ ដូណាល់ ​ត្រាំ កំពុង​តែ​ព្យាយាម​ស្វែង​រក​មូលហេតុ​មួយ​ដើម្បី​រក្សា​កងកម្លាំង​យោធា​អាមេរិក​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ ក្រោយ​ពី​សង្គ្រាម​ដែល​មាន​រយៈពេល​១៦ឆ្នាំ​មក​នេះ មន្ត្រី​អាមេរិក​មួយ​ចំនួន​ក៏​កំពុង​តែ​ពិនិត្យ​មើល​ជម្រើសផ្សេងៗ​ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ក្នុង​ជម្លោះ​នៅ​ក្នុង​តំបន់​នេះ រួមមាន​កិច្ច​សន្ទនា​មួយ​ដែល​អាច​នាំ​ឲ្យ​មាន​ដំណើរការ​សន្តិភាព។

ពួក​វាយ​ប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​នៅតែ​បន្ត​ប្រព្រឹត្ត​អំពើ​ហិង្សា​ឥត​ឈប់ឈរ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន ខណៈ​ពេល​ដែល​សហរដ្ឋ​អាមេរិក​បន្ត​ពិនិត្យ​ឡើងវិញ​លើ​គោលនយោបាយ​របស់​ខ្លួន​មក​លើ​សង្គ្រាម​ដ៏​អូស​បន្លាយ​នៅ​ប្រទេស​នេះ។

ក្នុង​តួនាទី​ជា​រដ្ឋមន្ត្រី​ការ​ទូត​ជាន់​ខ្ពស់​អាមេរិក លោក Rex Tillerson រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក មិន​បាន​គាំពារ​មតិ​សម្រាប់​ជម្រើស​ប្រើប្រាស់​កម្លាំង​យោធា​នោះ​ទេ ផ្ទុយ​ទៅ​វិញ​លោក​កំពុង​តែ​ជ្រោមជ្រែង​ឲ្យ​មាន​កិច្ច​សន្ទនា​មួយ​រវាង​រដ្ឋាភិបាល​ក្រុង Kabul និង​ពួក​តាលីបង់។

អ្នកស្រី Heather Nauert អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក បាន​អះអាង​ថា៖

«‍ជា​ទូទៅ ដូច​គ្នា​នឹង​ស្ថានភាព​ជាច្រើន​ទៀត​នៅ​ក្នុង​បណ្តា​ប្រទេស​នានា ជម្រើស​យោធា ឬ​ក៏​យុទ្ធសាស្ត្រ​យោធា​ មិន​អាច​ទទួល​ជោគជ័យ​រហូត​នោះ​ទេ​នៅ​តាម​បណ្តា​ប្រទេស​ទាំង​នោះ ហើយ​សម្រេច​បាន​សន្តិភាព​ឡើយ។ យោធា​គឺជា​ផ្នែក​មួយ​នៃ​ជោគជ័យ តែ​ក្នុង​អំឡុង​ពេល​យូរ យើង​ត្រូវតែ​ធ្វើ​ឲ្យ​ភាគី​ទាំង​ពីរ​ ឬ​ក៏​ភាគី​ជាច្រើន​ទៀត​ចូល​មក​ពិភាក្សា​គ្នា ដើម្បី​កំណត់​អនាគត​ប្រទេសជាតិ​របស់​ពួកគេ»។

នៅ​ពេល​ដែល​ត្រូវ​បាន​សួរ​ថា​តើ លោក​នឹង​សម្រេច​ឲ្យ​មាន​ការ​បញ្ជូន​កង​កម្លាំង​យោធា​អាមេរិក​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន​ដែរ​ឬ​ទេ​នោះ លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ បាន​ឆ្លើយ​ថា៖ «‍យើង​នឹង​ចាំ​មើល​សិន»។

អ្នក​វិភាគ​ខ្លះ​ព្រមាន​អំពី​គ្រោះថ្នាក់​នៃ​ការ​ផ្តល់​លទ្ធភាព​លើ​យុទ្ធសាស្ត្រ​សន្តិសុខ ជាជាង​យុទ្ធសាស្ត្រ​ការទូត ដោយ​លើក​ឡើង​ថា រដ្ឋបាល​លោក ត្រាំ អាច​នឹង​រងគ្រោះ​ខាង​ផ្នែក​នយោបាយ​សម្រាប់​ការ​ប្តេជ្ញា​ខាង​កម្លាំង​យោធា​បែប​បើក​ចំហរ​មួយ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ អ្នក​វិភាគ​អះអាង​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គួរ​តែ​ស្វែងរក​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​មួយ ដែល​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​រដ្ឋាភិបាល​ក្រុង​ Kabul កំពុង​ប្រឈម។

លោក Michael Kugelman អ្នក​ជំនាញ​ប្រចាំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Wilson Center បាន​លើក​ឡើង​ថា៖

«‍ខ្ញុំ​យល់​ថា យើង​គួរតែ​ត្រូវ​ពិចារណា​អំពី​យុទ្ធសាស្ត្រ​ការទូត និង​ជាពិសេស​យុទ្ធសាស្ត្រ​ក្នុង​ការ​ទាក់ទង​ជាមួយ​នឹង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ដែល​កំពុង​តែ​មាន​បញ្ហា​ជា​ច្រើន។ នេះ​គឺជា​វិបត្តិ​ដ៏​ធំ​មួយ»។

នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​នឹង​ VOA នា​ពេល​ថ្មីៗ​នេះ អតីត​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន លោកHamid Karzai បាន​ប្រឆាំង​យ៉ាង​ដាច់ខាត​លើ​គោលនយោបាយ​មួយ ដែល​ផ្ញើសារ​ធ្វើឲ្យ​សង្គ្រាម​នេះ​កាន់តែ​មាន​ភាព​តានតឹង។ លោក​បាន​ថ្លែង​ថា លោក​គាំទ្រ​យុទ្ធសាស្ត្រ​អាមេរិក​មួយ ​ដែល​ជំរុញ​ឲ្យ​មាន​សន្តិភាព បង្កើន​សាមគ្គីភាព និង​ជំរុញ​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​ប្រទេស​ជិតខាងរបស់​អាហ្វហ្គានីស្ថាន។

ឆ្លើយ​តប​នឹង​របាយការណ៍​មួយ​ដែល​លើក​ឡើង​ថា ប្រភព​ធនធាន​រ៉ែ​ដ៏​ធំធេង​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​អាច​នឹង​ជំរុញ​ឲ្យ​លោកប្រធានាធិបតី ត្រាំ នៅតែ​រក្សា​កម្លាំង​យោធា​អាមេរិក​នៅ​ក្នុង​ប្រទេស​នេះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក អ្នកស្រី Heather Nauert បាន​បដិសេធ​ឆ្លើយតប​ មុន​សេចក្តី​សម្រេច​ចុងក្រោយ​ណាមួយ​របស់​លោក​ប្រធានាធិបតី៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG