មានរយៈពេលបីខែមកហើយចាប់តាំងពីមេបញ្ជាការកំពូលនៃកងកម្លាំងស.រ.អា. និងកងកម្លាំងអន្តរជាតិនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបាននិយាយថាលោកត្រូវការទាហានពីរបីពាន់នាក់ថែមទៀតដម្បីបំបែក «ភាពទាល់ច្រក» នៅក្នុងប្រទេសនេះដែលបែកបាក់ដោយសារសង្គ្រាម ហើយរដ្ឋបាល Trump មិនទាន់បានប្រកាសអំពីផែនការគោលនយោបាយរបស់ខ្លួននៅឡើយទេ។
លោក Sean Spicer អ្នកនាំពាក្យសេតវិមានបាននិយាយនៅក្នុងសប្តាហ៍នេះថាមិនទាន់មានសេចក្តីសម្រេចនៅឡើយទេ ហើយលោកបានសុំអ្នកកាសែតកុំឱ្យ «ធ្វើអ្វីលឿនជាង» ដំណើរការនៃការរៀបចំគោលនយោបាយ។
មន្ត្រីយោធាបាននិយាយប្រាប់ VOA ថាផែនការគោលនយោបាយអាចមានរួម បញ្ចូលការបញ្ជូនទាហានអន្តរជាតិពីរបីពាន់នាក់ថែមទៀតទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន។
លោកឧត្តមសេនីយ៍នៃក្រុមទាហានជើងទឹកស.រ.អា. Joseph Dunford ប្រធានក្រុមនាយអគ្គសេនាធិការចម្រុះនៃកងយោធពលស.រ.អា.បានមានប្រសាសន៍នៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអង្គារថា ចំនួនទាហានដែលស.រ.អា.នឹងបន្ថែមទៅក្នុងការប្រយុទ្ធក្នុងប្រទេសអាហ្វហ្គានីស្ថាននឹងអាស្រ័យទៅលើថាតើអង្គការអូតង់នឹងបន្ថែមកងកម្លាំងប៉ុន្មាននាក់សម្រាប់ពង្រីកការប្រយុទ្ធប្រឆាំងនឹងពួកភេរវជននៅទីនោះ។
ពួកមន្ត្រីបាននិយាយប្រាប់ VOA ថាប្រធានាធិបតី Donald Trump មិនទាន់បាននិយាយប្រាប់ត្រួសៗអំពីផែនការខាងការពារប្រទេសនៅក្នុងប្រទេស អាហ្វហ្គានីស្ថាននៅឡើយទេ ក៏ប៉ុន្តែពួកអ្នកជំនាញបានថ្លែងថាពួកគេរំពឹងថាផែនការទាំងនេះនឹងត្រូវលើកយកមកពិភាក្សាគ្នានៅខែនេះ៕