ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សន្តិសុខ​ត្រូវរឹត​បន្តឹង​មុន​ពេល​សវនាការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ


រូបឯកសារ៖ កម្លាំងប៉ូលិសរក្សាសណ្តាប់ធ្នាប់​បិទផ្លូវមួយនៅក្បែរតុលាការឧទ្ធរណ៍នៅទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។ កាលពីថ្ងៃអង្គារ
រូបឯកសារ៖ កម្លាំងប៉ូលិសរក្សាសណ្តាប់ធ្នាប់​បិទផ្លូវមួយនៅក្បែរតុលាការឧទ្ធរណ៍នៅទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។ កាលពីថ្ងៃអង្គារ

ក្រុម​មន្ត្រី​នៃ​អង្គការ​សង្គម​ស៊ីវិល​ ​បាន​ចាត់​ទុក​ ​បទបញ្ជា​របស់​ក្រសួង​មហាផ្ទៃ​ ​ដែល​ស្នើ​ឲ្យ​អភិបាល​រាជ​ធានី​ខេត្ត​ ​ឃ្លាំមើល​សកម្មភាព​នានា​របស់​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​ ​មុន​ថ្ងៃ​សវនាការ​លើ​បណ្តឹង​រំលាយ​គណបក្ស​ប្រឆាំង ​ថា​ជា​ចេតនា​បំបិទ​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​នយោបាយ​ ​និង​បញ្ចេញ​មតិ​ហើយ​ក៏​ជា​ការ​រំលោភ​លើ​រដ្ឋធមនុញ្ញ​កម្ពុជា​ផង​ដែរ។​

ក្នុង​លិខិត​ជូន​លិខិត​ជូន​ដំណឹង​មួយ​ ដែល​មាន​កម្រាស់​ ១​ទំព័រ​ ​ចុះពី​ថ្ងៃទី១៣​ ខែវិច្ឆិកាកន្លង​ទៅ​ ​លោក​ ស ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​បាន​បញ្ជា​ឱ្យ​ចៅ​ហ្វាយ​ក្រុង​ និង​ខេត្ត​នា​នា​ ក្នុង​ខ្លឹមសារ​ដើម​ថា៖​

«ខ្ញុំ​សូម​ជម្រាប​ជូន​ឯកឧត្តម​ ​លោក​ជំទាវ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត​ ជ្រាបថា​ ​ដើម្បី​គ្រប់​គ្រង​ តាម​ដាន​សភាពការណ៍​ និង​ដោះស្រាយ​បញ្ហា​នានា​ បាន​ទាន់​ពេល​វេលា​ និង​ឆាប់​រហ័ស​ នៅ​តាម​រដ្ឋបាល​រាជធានី​ ខេត្ត​ក្រសួង​មហាផ្ទៃ​ស្នើ​ឯកឧត្តម​ លោក​ជំទាវ ​រៀបចំ​ក្រុម​ការងារ​ប្រចាំ​បញ្ជា​ សម្រាប់​តាម​ដាន​ និង​ដោះស្រាយ​បញ្ហានានា​ពាក់​ព័ន្ធ​នឹង​ឧបាយកល​ផ្តួល​រំលំ​រដ្ឋអំណាច​ស្រប​ច្បាប់​នៅ​កម្ពុជា​ ចាប់​ពីថ្ងៃ​ទី​ ១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ តទៅ និង​រាយការណ៍​មក​ក្រសួង​មហាផ្ទៃ»។​

លោក​ ​អ៊ិន គង់ជិត​ ​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ ​ប្រចាំខេត្ត​កោះកុង​ ​មាន​ប្រសាសន៍​ប្រាប់ VOA​ ​នៅថ្ងៃ​អង្គារនេះ​ថា​ ​អាជ្ញាធរ​បាន​ចាប់​ផ្តើម​បង្កើន​ការ​ឆែកឆេរ​ប្រជា​ពលរដ្ឋ​ ដែល​ធ្វើ​ដំណើរ​ចេញចូល​ខេត្ត​ចាប់​តាំងពីថ្ងៃ​អាទិត្យ​មក​ ​ដោយ​អាជ្ញាធរ​បាន​ស្ទាក់​សួរអ្នក​ដំណើរ​ចេញ​ចូល​នៃ​ផ្នែក​មួយ​ចំនួន​របស់​ខេត្ត​កោះកុង។​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​បន្ត​ថា​ ​សកម្មភាព​របស់​អាជ្ញាធរ​បាន​បន្ត​រហូត​ដល់​ថ្ងៃ​អង្គារ​នេះ។​

«យើង​ឃើញថា​ ដាក់​កម្លាំងហ្នឹង​ គឺបាន​ឆែក​ឆេរ​ និង​សួរ​នាំ​អ្នក​ដំណើរ​ទាំងអស់​គ្រប់ៗគ្នា​សួរនាំ​ ទៅ​ណា​មក​ណា​អីណ៎ា។​ បាទ​អាហ្នឹង​វា​ អីចឹង​សកម្មភាព​ទាំង​អស់​ហ្នឹង​វា​ ប៉ះពាល់​ទៅដល់​សេរីភាព​របស់​ប្រជាពលរដ្ឋ​ ទាំង​ក្នុងការ​ធ្វើ​ដំណើរ​ ទាំង​ក្នុងការ​សម្តែង​មតិ​ ហើយ​និង​សេរីភាព​ សិទ្ធិ​នយោបាយ​របស់​គាត់​ អីចឹង​ទៅណា៎! ​បាទ!»។ ​

ការ​សម្រេច​រឹតបន្តឹង​ផ្នែក​សន្តិ​សុខ​ ​ទូទាំង​ប្រទេស​កម្ពុជា​របស់​ក្រសួង​មហាផ្ទៃ​ ​ធ្វើ​ឡើង​២ថ្ងៃ​មុន​ពេល​តុលាការ​កំពូល​បើ​សវនាការ​លើ​បណ្តឹង​ស្នើ​សុំ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​ដែល​គេ​ស្គាល់​ថា​ជា​ដៃគូ​ប្រ​ជែង​ដ៏​ធំ​របស់បក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។​

លោក​ ​អ៊ិន គង់ជិត​ យល់​ថា​ ចំណាត់​ការ​របស់​ក្រសួង​មហាផ្ទៃ បាន​បង្ហាញពី​ការ​ភ័យ​ខ្លាច​ ជ្រុលហួស​ហេតុ​ ​ចំពោះ​ហេតុការណ៍​ដែល​មិន​អាច​នឹង​កើតមាន​ឡើង​ ក្នុងនោះ​មាន​ចលនា​បះបោរ​ឬ​ក៏​សកម្មភាព​ធ្វើ​បដិវត្តន៍។​

«តាម​ដែល​ខ្ញុំ​សង្កេត​មើល​ទិដ្ឋភាព​ នៅ​ក្នុង​ខេត្តកោះកុង​នេះ​គឺ​ ដូចជា​ពុំមាន​អ្នកណា​មួយ​ដែល​មាន​គំនិត​ផ្តួចផ្តើម​ ឬចង់​ទៅ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួលរំលំ​រដ្ឋាភិបាល​ដូចអត់​ទេ​ ពីព្រោះ​រាល់ថ្ងៃ​ហ្នឹង​ ប៉ូលិស​ប៉ុស្តិ៍​គ្រប់​ឃុំ​ ប៉ូលិសប៉ុស្តិ៍​គ្រប់​ឃុំហ្នឹង​បាន​ តាមដាន​ទៅលើ​សកម្មភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ តាមភូមិហ្នឹង​ឡើង​ជាប់​លាប់​បាទ។ អីចឹង​សូម្បីតែ​ប្រជាពលរដ្ឋ​ចេញ​ទៅណាៗ​ ទៅ​គាត់​ធ្វើ​ដំ​ណើរ​ទៅ​ភ្នំពេញ​ ដែល​មាន​កិច្ចការ​ងារ​ផ្ទាល់​ខ្លួន​ គ្រាន់​តែ​គាត់​ឈឺថ្កាត់​ទៅ​ព្យាបាល​ហ្នឹង​ ក៏សួរនាំ​គាត់​ដែរ»។​

រូបភាពឯកសារ៖ ស្លាក​គណបក្ស​សង្គ្រោះជាតិ​ ដែល​រូប​លោក សម រង្សុី​ អតីត​ប្រធាន​គណបក្ស​ ត្រូវបាន​លុបចេញ​ ក្រោយ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ នៅក្នុង​ខេត្ត​មណ្ឌលគីរី​ នៅថ្ងៃ​ទី២៥​ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)​
រូបភាពឯកសារ៖ ស្លាក​គណបក្ស​សង្គ្រោះជាតិ​ ដែល​រូប​លោក សម រង្សុី​ អតីត​ប្រធាន​គណបក្ស​ ត្រូវបាន​លុបចេញ​ ក្រោយ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ នៅក្នុង​ខេត្ត​មណ្ឌលគីរី​ នៅថ្ងៃ​ទី២៥​ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)​

នៅ​មុន​ការ​ចេញ​បទបញ្ជា​របស់​លោក​ ​ស ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្តកោះកុង​ បាន​ចេញ​សេចក្តីជូន​ដំណឹង​ ដោយបាន​ស្នើឲ្យ​ប្រជាពលរដ្ឋ​រក្សា​ភាពស្ងៀម​ស្ងាត់​ ហើយ​ថា​ខ្លួន​នឹង​ចាត់​ការ​លើ​សកម្មភាព​ណាមួយ​ ក្នុងការ​ទៅ​រារាំង​ចំណាត់​ការ​របស់​តុលាការ​កំពូល​ ដែល​នឹង​បើក​សវនាការ​កាត់​ក្តី​គណបក្ស​សង្គ្រោះជាតិ​ ដោយហេតុ​ ​មេដឹកនាំ​គណបក្ស​នេះ​ គឺ​លោក​ កឹម សុខា​ និង​បក្ស​ពួក​ បាន​ឃុបឃិត​ជាមួយ​បរទេស​ក្នុងការ​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួលរំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ កើត​ចេញ​ពីឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ។​

លិខិត​របស់​រដ្ឋបាល​ខេត្ត​កោះកុង ​ចុះថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​ន័យ​ដើម​ថា៖​

«សូម​ជូន​ដំណឹង​ដល់​ប្រជាពល​រដ្ឋ​ ​និង​សកម្ម​ជន​នានា​របស់​គណ​បក្ស​សង្គ្រោះជាតិ​ សូម​ឈប់​គាំ​ទ្រ​ដល់​គណបក្ស​ បុគ្គល​ និងបក្សពួកដែល​ក្បត់​ជាតិ​នេះ​ ព្រោះវិធាន​ការ​របស់​តុលាការ​ គឺ​សំដៅ​តែ​ទៅ​លើ​បុគ្គល​ កឹម​ សុខា​ និង​អ្នកពាក់​ព័ន្ធ​កំពូល​តែ​ប៉ុណ្ណោះ។​ ​ក្នុង​ន័យ​នេះ​ ​ប្រសិន​បើ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ពិនិត្យ​ឃើញថា​ សកម្ម​ជន​ និង​អ្នកពាក់​ព័ន្ធ​មួយចំនួន​ក្នុង​ខេត្តកោះកុង​ នឹង​ទៅ​រារាំង​ចំណាត់​ការ​របស់​តុលាការ​កំពូល​ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ នឹង​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​ដល់​អ្នក​ទាំង​នោះ»។​

លោក​ ​យឿង សុធារ៉ា​ ​មន្រ្តី​ច្បាប់​ ​និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ខុមហ្វ្រែល​ បានប្រាប់​ ​VOA​ ​នៅថ្ងៃ​អង្គារនេះ​ ថាវិធានការ​របស់​ក្រសួង​មហាផ្ទៃ​ គឺធ្វើ​ឡើង​ ដោយ​ផ្ទុយ​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ដែល​នៅ​មាន​សុពលភាព​នៅឡើយ​ ហើយ​ដែល​បាន​ធានា​នូ​វសិទ្ធិ​របស់​ពលរដ្ឋ​ ក្នុងការ​ប្រមូល​ផ្តុំ​តវ៉ា​ សម្តែង​មតិ​ដោយ​សន្តិវិធី។​

«ដោយសារ​តែ​ប្រទេសយើង​ រដ្ឋធម្មនុញ្ញ​មិន​ទាន់​ត្រូវបាន​ព្យួរ​នៅឡើយ​ទេ​ ដូច្នេះ​ប្រជាពលរដ្ឋ​ នៅតែ​មាន​សិទ្ធិ​ជួបជុំ​ មាន​សិទ្ធិតវ៉ា​ សម្តែង​មតិ​ ទោះបី​ជា​ការ​សម្តែង​មតិនោះ​ជា​ ការ​សម្ងែង​មតិ​យ៉ាង​ណា​ក៏​ដោយ​ ឲ្យតែ​ស្របច្បាប់​ កុំ​ឲ្យតែ​ការ​សម្តែង​មតិ​របស់​គាត់​ ពោរពេញ​ទៅដោយ​អំពើ​ហិង្សា​ ការ​កាប់​សម្លាប់​ ឬ​ក៏​ការ​រើស​អើង​ពូជសាសន៍​ ឬ​ក៏រើស​អើង​សាសនាដែល​ឈាន​ទៅដល់អំពើ​ហិង្សា​ទ្រង់​ទ្រាយ​ធំ​ អានោះ​គឺថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុងការ​ទប់​ស្កាត់​ គាត់​មាន​សមត្ថកិច្ច​ សិទ្ធិត្រឹម​ទប់​ស្កាត់​ មិន​អាច​មាន​ ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅលើ​ប្រជាពលរដ្ឋ​ទេ»។​

លោក​ ​អ៊ូច ទូច​ នាយក​រដ្ឋបាល​សាលាខេត្ត​កោះ​កុង​ ​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ចំពោះ​ការ​រឹត​បន្តឹង​សន្តិសុខ​នៅ​ក្នុងខេត្ត។​ ​ក៏ប៉ុន្តែ​លោក​ សុខ​ សុធី​ ​អភិបាល​រង​ខេត្តកោះកុង​ ​បាន​បញ្ជាក់​ ​VOA ​ថា​ អាជ្ញាធរ​ មិន​បាន​ចុះឃ្លាំ​មើល​សកម្មភាព​របស់​ប្រជាពលរដ្ឋ​នៅតាម​ឃុំនានា​នោះទេ​ ហើយ​ថា​ ការ​ឆែកឆេរ​ និង​ឃាត់​សួរ​នាំ​នៅតាម​ផ្លូវ​ គឺ​ជា​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​តែប៉ុណ្ណោះ។

«ការណ៍ដែល​ឃាត់​ហ្នឹង​មិន​មែន​ឃាត់​សួរនាំ​គាត់​ថា​ ទៅណាៗ​ទេ​ គឺ​អ្វីដែល​សំខាន់​ទីមួយ​ នៅពេល​នេះ​ គឺ​ចំពេល​ដែល​ខាង​សមត្ថកិច្ច​ប៉ូលិស​ហ្នឹង​គាត់​ គេហៅថា​ រឹតបន្តឹង​ ច្បាប់​ចរាចរណ៍​ទេ​ ពីព្រោះ​អីពី​មុនមក​ មុន​នឹង​មាន​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ហ្នឹង​ ខាង​គណៈអភិបាល​ក៏ដូច​ជា​ មន្ទីរ​ក៏ដូចជា​ខាង​ជំនាញ​ សមត្ថកិច្ច​ប៉ូលិស​ហ្នឹង​ គាត់បាន​ទៅចែក​មួក​សុវត្ថិភាព​ នឹង​អប់រំ​ប្រជាពលរដ្ឋ​ថា​ ធ្វើ​យ៉ាង​ម៉េច​ឲ្យគោរព​ច្បាប់​ចរាចរណ៍​ ហើយ​ចាប់​ពីថ្ងៃ​ទី​១២​នេះ​ទៅ​ ខាង​សមត្ថកិច្ច​នឹង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​តែ​ប៉ុណ្ណឹង​ទេ»។

លោក​ សុន​ ឆ័យ​ ប្រធានក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ បាន​ប្រាប់​ VOA ​កាលពីថ្ងៃ​ច័ន្ទថា​ វិធានការ​របស់​ក្រសួង​មហាផ្ទៃ​ មាន​ចេតនា​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ប្រជាពរដ្ឋ​ក្នុង​ការ​សម្តែង​មតិ។ លោក​បាន​បញ្ជាក់បន្ថែម​ថា​ ក្នុង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នេះ​ គណបក្ស​ប្រឆាំង​មិន​មាន​ផែនការ​តវ៉ា​ណាមួយ​នោះ​ឡើយ​ ហើយ​ថា​គណបក្ស​នៅតែ​ប្រកាន់​យក​គោលការណ៍​អហិង្សា​ដើម្បី​ដោះស្រាយ​ជម្លោះ​ផ្សេងៗ។

«​ប្រហែល​ជាក្រសួង​មហាផ្ទៃ​ មាន​ការព្រួយ​បារម្ភ​ ថា​ពលរដ្ឋ​មួយចំនួនអាច​ធ្វើ​សកម្ម​ភាព​អី​អានេះ​អានោះ​ ក៏ប៉ុន្តែ​គណបក្ស​មិន​មានការ​រៀបចំ​ធ្វើ​អី​បាទ​ គណបក្ស​នៅតែ​សង្ឃឹម​ថា ​យើង​នៅបន្ត​កិច្ច​ការងារ​យើង​ដោយ​សន្តិ​វិធី​ ហើយ​សង្ឃឹមថា​មាន​ មាន​និន្នាការ​ដោះស្រាយ​ តាម​រូបភាព​ណាមួយ​យើង​មិនដឹង​ទេ​ ប៉ុន្តែយើង​គួរតែ​មាន​ការ​ដោះស្រាយ​ ហើយ​ចំាបាច់​ណាស់​វា​ ​វាត្រូវ​តែមាន​ការ​ជជែក​រវាង​ភាគី​ខ្មែរ​យើង​ជាមួយ​គ្នា​បាទ»។​

នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨​ ដែល​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​យល់​ថា​ ​ជា​ឆ្នាំ​សំខាន់​បំផុត​នៃ​ការ​ឈ្នះចាញ់​របស់​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​ ​រដ្ឋាភិបាល​ខ្មែរ​របស់​លោក​ ហ៊ុន សែន​ ​បាន​ផ្តើម​ការ​បង្ក្រាប​លើ​ស្ថាប័ន​ពង្រឹង​ប្រជាធិបតេយ្យ​នា​នា​គំាទ្រ​ ដោយ​សហរដ្ឋ​អាមេរិក​ ដែល​មិន​ធ្លាប់​មាន​ពីមុន​ គិត​ចាប់​តាំង​ពីការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣​ ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​បណ្តោះ​អាសន្ន​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា ហៅ​កាត់​ថា​ (អ៊ុនតាក់)។

អាជ្ញាធរ​កម្ពុជា​ ក៏បាន​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក​ កឹម សុខា​ ក្រោម​បទ​សង្ស័យ​ថា​ បាន​សម​គំនិត​ជាមួយ​សហរដ្ឋអាមេរិក​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ​ដែល​ស្មើនឹង​អំពើ​ក្បត់​ជាតិ។​

ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ ​និង​តែ​មួយ​គត់​នៅ​សភាជាតិ​ខ្មែរ​ ​បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ប្រទេស​ ដែល​ជា​ម្ចាស់​ជំនួយ​ដល់​ប្រទេស​កម្ពុជា។​ ​រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត​ ដែល​ជា​ម្ចាស់​ជំនួយ​ធំ​ទី​បួន​របស់​កម្ពុជា​ បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​ថា​ ​ខ្លួន​នឹង​ពិចារណា​លើចំណង​ការ​ទូត​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ឡើងវិញ​ ​ប្រសិន​បើ​មានការ​រំលាយ​គណបក្ស​ប្រឆាំង។

សមាជិក​ព្រឹទ្ធ​សភា​ និង​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល​មួយ​ចំនួន​ ​មកពី​គណបក្ស​សាធារណ​រដ្ឋ​ ដែល​កំពុង​កាន់​អំណាច​ និង​គណបក្ស​ប្រជាធិបតេយ្យ​ក៏​បាន​គំរាម​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ ​រួមទាំង​ការ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​ ​ប្រសិន​បើ​បក្ស​កាន់​អំណាច​កម្ពុជា​រំលាយ​ និង​មិន​ដោះលែង​ប្រធាន​ និង​សមាជិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG