នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យមានការភ្នាល់ពីមនុស្សម្នា រួមទំាងអ្នកវិភាគតាមតុកាហ្វេ ចំពោះការរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ ជាពេលដែលតុលាការកំពូលបើកសវនាការលើបណ្តឹងរំលាយគណបក្សជំទាស់ ដែលគេស្គាល់ថា ជាគូប្រជែងដ៏ធំតែមួយគត់របស់លោក ហ៊ុន សែន ក្នុងពេលបោះឆ្នោតជាតិ ឆ្នាំ២០១៨។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ លោក ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ បានបង្ហាញពីជំនឿចិត្តដដែលៗថា គណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយក្នុងពេលឆាប់ៗខាងមុខ បើទោះជាគណបក្សប្រឆាំងនេះអះអាងផ្ទុយពីការគិតរបស់លោកក៏ដោយ។ លោកបន្ថែមថា យោងតាមផ្លូវច្បាប់ និងទង្វើរបស់គណបក្សប្រឆាំងដែលមិនដាក់ឯកសារ និងមេធាវីដើម្បីតតាំងក្តីនៅតុលាការកំពូលនោះ លោកប្រកាសភ្នាល់ជាមួយអ្នកនៅតាមហាងគុយទាវ និងហាងកាហ្វេនានាថា លោកហ៊ានភ្នាល់១សង១០០ ប្រសិនបើគណបក្សសង្គ្រោះជាតិមិនត្រូវបានរំលាយ។
លោក ហ៊ុន សែន ដ៏មានអំណាចបញ្ជាក់ថា៖
«គេថា អត់ទេ អត់មានរំលាយទេ។ ឥឡូវចាក់ភ្នាល់ទៅ! បើរំលាយស៊ីតែ ១ទេ បើអត់រំលាយសង១០០។ អ្នកណាចាញ់យកមកទារពីខ្ញុំ»។
នេះមិនមែនជាលើកទីមួយទេដែលលោកនាយករដ្ឋមន្រ្តីកម្ពុជាប្រកាសឲ្យមានការភ្នាល់ជាសាធារណៈ ដោយមានការភ្នាល់ដាក់លុយ ស្របពេលដែលកម្ពុជាបានប្រកាសបិទការលេងល្បែងស៊ីសងគ្រប់ប្រភេទទូទាំងប្រទេស។ កន្លងមក លោក ហ៊ុន សែន បានភ្នាល់ការប្រដាល់អន្តរជាតិ ការភ្នាល់ថា លោក ដូណាល់ ត្រាំ នឹងឈ្នះការបោះឆ្នោតប្រធានាធិបតីនៅអាមេរិក ព្រមទាំងការភ្នាល់ផ្សេងៗមួយចំនួនទៀត។
ការថ្លែងអំពីជំនឿចិត្តដដែលៗរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឡើងខណៈដែលតុលាការកំពូលប្រកាសបើកសវនាការលើបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ តាមការប្តឹងរបស់ក្រសួងមហាផ្ទៃដែលប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដោយចោទថា គណបក្សនេះមានជាប់ពាក់ព័ន្ធជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។
ថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវជាច្រើនដងតាមបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញទូរទស្សន៍ក្នុងស្រុកនានាដែលស្និទ្ធនឹងលោក ឲ្យមន្រ្តីគ្រប់ជាន់ថ្នាក់របស់គណបក្សសង្គ្រោះជាតិមកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក។
សមាជិក និងមន្ត្រីសំខាន់ៗនៃគណបក្សប្រឆាំងមួយចំនួនបន្តប្រកាសឲ្យមានការរួបរួមគ្នា និងថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន នឹងមិនអាចរំលាយគណបក្សសង្គ្រោះជាតិដូចការលើកឡើងនោះទេ។
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ប្រាប់ VOA ថា លោកនាយករដ្ឋមន្រ្តី ដែលមានអំណាចក្នុងការដឹកនាំប្រទេស អាចរំលាយគណបក្សប្រឆាំងបានគ្រប់ពេល ប្រសិនបើលោកពិតជាមានបំណងចង់រំលាយ។ លោកបន្ថែមថា គណបក្សប្រឆាំងមិនបានដាក់ឯកសារ និងមិនបានត្រៀមមេធាវី ដើម្បីតតាំងក្តីក្នុងសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះទេ ដោយលោកនៅតែរំពឹងថា គណបក្សសង្គ្រោះជាតិនឹងមិនអាចត្រូវបានរំលាយដូចការលើកឡើងរបស់លោក ហ៊ុន សែន ឡើយ។
លោក សុន ឆ័យ បញ្ជាក់ថា៖
«យើងចាំមើលថា តើតុលាការកំពូលនឹងចាត់វិធានការរបៀបយ៉ាងម៉េចក្នុងការកាត់សេចក្តីនេះ។ ដូចបានជម្រាបខាងដើម យើងចង់ឃើញតុលាការកំពូល យ៉ាងហោចណាស់ ត្រូវតែមានគោលការណ៍ច្បាស់លាស់ក្នុងការវិនិច្ឆ័យចំពោះគណបក្សសង្គ្រោះជាតិ ដែលតំណាងឲ្យប្រជាពលរដ្ឋដ៏ច្រើននេះ ចៀសវាងការសម្រេចចិត្តណាមួយដែលមិនសមស្រប មិនឆ្លុះបញ្ចាំងការណ៍ពិត ដែលនាំទៅដល់បញ្ហាសង្គមកាន់តែធ្ងន់ធ្ងរ»។
បន្ទាប់ពីលោក កឹម សុខា ប្រធានគណបក្សប្រឆាំងត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំក្នុងពន្ធនាគារ កាលពីដើមខែកញ្ញា ស្របពេលដែលគណបក្សសង្គ្រោះជាតិកំពុងប្រឈមនឹងការរំលាយដោយបណ្តឹងរបស់ក្រសួងមហាផ្ទៃ ក្រោយរងការចោទថា មានជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិនោះ គេឃើញក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងជាងពាក់កណ្តាល និងមន្រ្តីជាន់ខ្ពស់គណបក្សនេះមួយចំនួនទៀតបានភៀសខ្លួនទៅក្រៅប្រទេសជាបន្តបន្ទាប់។
បើតាមលោក សុន ឆ័យ រហូតមកដល់ពេលនេះ តំណាងរាស្រ្តគណបក្សប្រឆាំងចំនួន ៥៥រូប មានតែ ១៨រូបប៉ុណ្ណោះដែលកំពុងស្ថិតក្នុងប្រទេសកម្ពុជា ចំណែកក្រុមប្រឹក្សាឃុំសង្កាត់ចំនួនជាង ៥០នាក់ក្នុងចំណោម ៥០០៧នាក់នៅទូទាំងប្រទេស បានចុះចូលជាមួយគណបក្សកាន់អំណាច។ លោកបន្ថែមថា អ្នកដែលសម្រេចចុះចូលទាំងនោះនឹងត្រូវលុបឈ្មោះចេញពីគណបក្សសង្គ្រោះជាតិ។
លោក សូ ចន្ថា សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លើកឡើងថា ការប្រកាសពីជំនឿចិត្តរបស់លោកនាយករដ្ឋមន្រ្តីថា គណបក្សប្រឆាំងនឹងត្រូវរំលាយនោះគឺជា វោហាសាស្ត្រធ្វើឲ្យសមាជិកគណបក្សប្រឆាំងបាក់ទឹកចិត្ត ដើម្បីទាក់ទាញពួកគេឲ្យមកចូលរួមជាមួយគណបក្សខ្លួន ហើយលោកថា អ្នកដែលចាកចេញពីគណបក្សមួយទៅគណបក្សមួយទៀតដើម្បីផលប្រយោជន៍បុគ្គល គឺតែងបាត់សំឡេងក្នុងឆាកនយោបាយនៅពេលអនាគត។
លោក សូ ចន្ថា បន្ថែមថា ការយកករណីរំលាយគណបក្សប្រឆាំងមកធ្វើជាល្បែងភ្នាល់ជាសាធារណៈបែបនេះបានបង្ហាញឲ្យឃើញពីកម្សោយរបស់មេដឹកនាំ និងថា វាធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការក្នុងការកាត់សេចក្តី។
លោកសូ ចន្ថា មានប្រសាសន៍ថា៖
«វាជាការដែលធ្វើឲ្យពលរដ្ឋអស់ជំនឿទៅលើអ្នកនយោបាយផងទីមួយ។ ទីពីរ ធ្វើឲ្យស្ថានភាពនយោបាយនៅកម្ពុជាកាន់តែតានតឹងឡើងទៀតផង។ ហើយចំណុចទីបី ការប្រកាសភ្នាល់បែបនេះគឺ ធ្វើឲ្យប៉ះពាល់ទៅដល់ឯករាជ្យភាពរបស់តុលាការនៅកម្ពុជា ដែលតុលាការនៅកម្ពុជាត្រូវទទួលរងការរិះគន់ពីសាធារណជនថា ជាតុលាការដែលមិនឯករាជ្យ ហើយស្ថិតក្រោមឥទ្ធិពលនយោបាយទៀតផង»។
ចាប់តាំងពីមានការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងការត្រៀមរំលាយគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេសនោះ អង្គការសង្គមស៊ីវិល ស្ថាប័នជាតិ និងអន្តរជាតិជាច្រើនបានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់។ ពួកគេបានបង្ហាញពីការបារម្ភថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឈានទៅរកភាពខ្ទេចខ្ទី ហើយថា ការរំលាយគណបក្សប្រឆាំងនឹងជះឥទ្ធិពលដល់ដំណើរការបោះឆ្នោតក្នុងឆ្នាំ ២០១៨ ខាងមុខ។
សភាអឺរ៉ុបក៏បានព្រមានផ្ដាច់ជំនួយ និងផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្ម ដោយសារការធ្លាក់ដុនដាបនៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ ចំណែកសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកក៏បានព្រមានមិនផ្ដល់ទិដ្ឋាការដល់មន្ត្រីកម្ពុជាមួយចំនួន ដែលពាក់ព័ន្ធនឹងករណីនេះ និងបានដាក់ឱសានវាទ ឲ្យមានការដោះលែងលោក កឹម សុខា ឲ្យបានមុនថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។
ទោះជាយ៉ាងណា ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលអនុវត្តទៅតាមច្បាប់ និងថា ពួកគេមិនយកចិត្តទុកដាក់ចំពោះការព្រមានណាមួយរបស់បរទេសនោះទេ៕