ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ម្ចាស់​ឆ្នោត​ដែល​គាំទ្រ​បក្ស​ប្រឆាំង​ហៅ​ការ​បោះឆ្នោត​ជាតិ​២០១៨​ «គ្មាន​ន័យ» បើ​គ្មាន​បក្ស​សង្រ្គោះ​ជាតិ


រូបឯកសារ៖ ប្រជាពលរដ្ឋ​​​តម្រង់​ជួរ​​​ចូលបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤, នៅ​រាជធានី​ភ្នំពេញ​​, នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន​ សុជាតា​​/ VOA)

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ផ្តល់​សេចក្តីទុកចិត្ត​ដល់​គណបក្ស​ប្រឆាំង​ បាន​ថ្លែង​ថា នឹង​ធ្វើ​ពហិកា​មិន​ចូលរួម​បោះ​ឆ្នោត​ឆ្នាំ​ ២០១៨​ ក្នុង​ករណី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​ឡើង​ដោយ​លោក​សម រង្ស៊ី​ និង​លោក​ កឹម សុខា ត្រូវ​រំលាយ។ ពួកគេ​និយាយ​ថា​ ការ​បោះឆ្នោត​ដោយ​គ្មាន​គណបក្ស​ប្រឆាំង គឺ​ជា​ការ​បោះឆ្នោត​មួយ​គ្មាន​ន័យ​ និង​ឥត​តម្លៃ​សម្រាប់​ពួកគេ។

អង្គុយ​ក្នុង​អង្រឹង​ជាមួយ​ចៅ​ប្រុស​ម្នាក់​ នៅ​ក្នុង​តូបលក់​សាំង​មួយ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ ក្នុង​ក្រុង​ច្បារមន​ ខេត្តកំពង់​ស្ពឺ លោកស្រី​ ហ៊ាង​ ង៉ែត ជា​អ្នកធ្លាប់​ចូលរួម​តវ៉ា​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ ជាមួយ​លោក​ ជា វិជ្ជា​ ប្រធាន​សហជីព​សេរី​កម្មករ​ ដែល​ត្រូវ​បាន​គេ​បាញ់​ស្លាប់​កាល​ពី​ដើម​ឆ្នាំ​ ២០០៤។

លោកស្រី ហ៊ាង ង៉ែត អាយុ​៥៤​ឆ្នាំ បាន​លើក​ឡើង​ថា បើគ្មាន​គណបក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក​ កឹម សុខា ទេ​ លោកស្រី​នឹង​មិន​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ ២០១៨​ឡើយ។

ដោយ​បារម្ភ​ពី​សុវត្ថិភាព លោកស្រី ង៉ែត បាន​ប្រាប់​ VOA ដោយ​មិន​ឲ្យ​ថត​សំឡេង​នៅ​ក្នុង​ន័យ​ដើម​ថា៖

«បើ​អត់​បក្សប្រឆាំង អត់​បោះ​ ព្រោះ​ខ្ជិល​ ព្រោះ​មាន​តែ​មួយ»។

លោកស្រី​ថ្លែង​បន្ត​ថា​ ទោះ​បី​មាន​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត ក្រៅ​ពី​គណបក្ស​សង្គ្រោះជាតិ​ ក៏​លោក​ស្រី​មិន​ចូលរួម​ការ​បោះ​ឆ្នោត​ដែរ។ លោកស្រី​បាន​ថ្លែងក្នុង​ន័យ​ដើម​ថា៖

«បើ​មាន​បក្សប្រឆាំង​ផ្សេង​ទៀត​ តែ​មិន​មែន​របស់​លោក​ សម រង្ស៊ី​ ឬលោក​ កឹម​ សុខា​ ខ្ញុំ​អត់​ទៅ​បោះ​ទេ»​។

ម្ចាស់​ឆ្នោត​ម្នាក់​ទៀត មក​ពី​ស្រុក​សំរោងទង​នៅ​ក្នុង​ខេត្តកំពង់​ស្ពឺ​ដដែល លោកស្រី ហែម លីដា បាន​បន្ទរ​តាម​យោបល់​របស់​លោកស្រី ហ៊ាង​ ង៉ែត​ ថា​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ​នេះ​ នឹង​ក្លាយ​ជា​រឿង​ឥត​ន័យ​ ប្រសិន​បើ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន។

«​អត់ន័យទេ​អូន។ ព្រោះអី​ការ​មាន​គណបក្ស​ប្រឆាំង​គឺជួយ​ពង្រឹង​ស្មារតី​កូន​ខ្មែរ​ខ្លះ​។ អ្នក​ខ្លះ​ក៏​គេ​ចាប់​អារម្មណ៍​ អ្នក​ខ្លះ​ក៏​គេ​អត់​បាន​ចាប់​អារម្មណ៍​លើ​ការ​សង្គ្រោះជាតិ​ជាតិ​យើង​ ដូច​ថា​ បើ​បណ្តោយ​ឲ្យ​តែ​គណបក្ស​ម្ខាង​ឈរ​ឈ្មោះ​អីចឹង​ទៅ​ អាច​ហ្នឹង​ ដូចថា​ ធ្វើ​អី​ស្រេច​ចិត្ត​ណ៎ា​។ បើ​មាន​គណបក្ស​ប្រឆាំង​ ចូលរួម​ខ្លះ​អាច​ល្អ​ច៎ា»។

ប្រទេស​កម្ពុជា​ បាន​កំណត់​យក​ថ្ងៃអាទិត្យ​ទី​ ២៩​ ខែ​កក្កដា​ ឆ្នាំ២០១៨ ជា​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ ជ្រើស​រើស​តំណាងរាស្រ្ត សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​ ស្រប​តាម​ច្បាប់​ស្តីពី​ការ​រៀបចំ​ការបោះឆ្នោត។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​។

នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨​ ដែល​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​យល់​ថា​ ​ជា​ឆ្នាំ​សំខាន់​បំផុត​នៃ​ការ​ឈ្នះចាញ់​របស់​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង រដ្ឋាភិបាល​ខ្មែរ​របស់​លោក​ ហ៊ុន សែន​ បាន​ផ្តើម​ការ​បង្ក្រាប​លើ​ស្ថាប័ន​ពង្រឹង​ប្រជាធិបតេយ្យ​នានាគំាទ្រដោយ​សហរដ្ឋ​អាមេរិក​ ដែល​មិន​ធ្លាប់​មាន​ពីមុន​ គិត​ចាប់​តាំង​ពីការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣​ ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​បណ្តោះ​អាសន្ន​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា ហៅ​កាត់​ថា​ (អ៊ុនតាក់)។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)

អាជ្ញាធរ​កម្ពុជា​ ក៏បាន​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក​ កឹម សុខា​ ក្រោម​បទ​សង្ស័យ​ថា​ បាន​សម​គំនិត​ជាមួយ​សហរដ្ឋអាមេរិក​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែល​ស្មើនឹង​អំពើ​ក្បត់​ជាតិ។

តុលាការ​កំពូល​របស់​កម្ពុជា ក៏​កំពុង​ធ្វើ​ការ​លើ​រឿងក្តី​រំលាយ​គណបក្ស​ប្រឆាំង​ តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ ហើយ​គ្រោង​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ខាង​មុខ។ លោក​ ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​អះអាង​ថា បក្ស​សង្រ្គោះជាតិ​នឹង​ត្រូវ​រំលាយ​នា​ពេល​នោះ ដោយ​លោក​អំពាវនាវ​ឲ្យ​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​របស់​គណបក្ស​ប្រឆាំង​ចូលរួម​ជាមួយ​គណបក្ស​កាន់​អំណាច ដើម្បី​រក្សា​មុខ​តំណែង​ និង​តួនាទី​របស់​ខ្លួន។

បន្ថែម​លើ​ដំណើរ​ការ​រំលាយ​បក្សប្រឆាំង លោក​ហ៊ុន សែន​ ដែល​ដឹក​នាំ​ប្រទេស​កម្ពុជា​ជាង​៣០​ឆ្នាំ​ កាល​ពី​ពេលថ្មីៗ​នេះ​ បាន​អះអាង​ថា ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០០​នាក់ ​នឹង​ត្រូវ​ហាម​ឃាត់​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ នៅ​ពេល​គណបក្ស​ប្រឆាំង​មួយ​នេះ​ត្រូវ​រំលាយនា​ពេល​ខាង​មុខ។​

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ,​ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន​ សុជាតា​/ VOA)
រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ,​ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន​ សុជាតា​/ VOA)

លោក​ សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​ បាន​ប្រាប់​ VOA ​កាល​ពីដើម​សប្តាហ៍​នេះ​ថា​ ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​ ២០១៨​ នឹង​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ ទោះ​បី​គ្មាន​វត្តមាន​គណបក្ស​សង្រ្គោះជាតិ​ក៏​ដោយ។

លោក​មាន​ប្រសាសន៍​ថា៖

«យើង​អនុវត្ត​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុ​បក្ស​។​ អីចឹង​ មិន​មែន​អត់​ពី​បក្ស​មួយ​ទៅ​គណបក្ស​ដទៃ​ទៀត​ ស្លាប់​អស់​ទេ​។​ បាទ​អីចឹង​ទេ​ យើង​នៅ​តែ​ សេរី ពហុបក្ស​ដដែល​ វា​អត់​មាន​បញ្ហា​អី​ អត់​ពី​គណបក្ស​សង្គ្រោះជាតិ​មួយ​ទៅ​ គឺថា​ គេ​ធ្វើ​ការ​បោះ​ឆ្នោត​ មិន​កើត​នោះ​ គឺ​ថា​មិន​មាន​ន័យ​អីចុង​ទេ​បាទ»។

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​ ថ្លែងបន្ត​ទៀត​ថា​ ការ​បដិសេធ​មិន​ចូលរួម​ការ​បោះ​ឆ្នោត​របស់​មនុស្ស​មួយ​ចំនួន​នឹង​គ្មាន​ឥទ្ធិពល​អ្វី​ជា​ដុំ​កំភួន​មក​លើ​ការ​បោះ​ឆ្នោត​នោះ​ឡើយ។

«អ្នក​ដែល​គំរាម​មិន​ទៅ​បោះ​ឆ្នោត​នោះ​វា​ចំនួន​តិច​តួច​ទេ​បាទ​ ព្រោះ​កន្លង​ទៅ​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៧​ វា​រហូត​ដល់​ ៩១​ភាគរយ​ ដែល​បាន​ទៅ​បោះ​ឆ្នោត។ ដូច្នេះ​ យើង​មិន​ព្រួយ​បារម្ភ​ទេ​ អ្នក​បន្តិច​បន្តួច​ ដោយ​យក​តាម​អានេះ​ គេ​ហៅ​ថា និន្នាការ​នយោបាយ​ អាហ្នឹង​គឺ​ថា វា​មិន​អាច​ តែ​លើស​ចាប់​ពី​៦០​ភាគរយ​ យើង​ចាត់​ទុក​ថា​ វា​ជា​ជ័យ​ជម្នះ​ដ៏​ធំធេង​ហើយ​ ការ​បោះឆ្នោត​នោះ។​ មាន​ប្រទេស​ខ្លះ​ហ្នុង​ បោះ​មិន​ដល់​ ៤០ភាគរយ​ផង​ វា​ចាត់​ទុក​ជា​បាន​ការ​ដដែល​ អាហ្នឹង​យើង​គិត​មើល»។

តែទោះ​ជា​យ៉ាងណា​ក្តី​ ​ម្ចាស់​ឆ្នោត​ដែល​ជា​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ បាន​ប្រាប់​ VOA ​បន្ត​ទាំង​ក្តី​ភ័យ​ខ្លាច​ថា​ ប្រសិន​បើគ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចូលរួម​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​ក្នុងការ​បោះឆ្នោត​នាពេល​ខាងមុខ​ពួកគេ​នឹង​មិន​ចូលរួម​ការ​បោះឆ្នោត​នេះ​ឡើយ។

លោក​ សឿន វ័យ​ ៥៥​ឆ្នាំ រស់​នៅ​ក្នុង​ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ដែល​សុំ​ផ្តល់​តែឈ្មោះ​ហៅ​ក្រៅ​ ដោយបារម្ភពីសុវត្ថិភាព​ផ្ទាល់​ខ្លួន​ បាន​ថ្លែង​ថា​ ការ​បោះឆ្នោត​ដែល​គ្មាន​បក្ស​ប្រឆាំង​សង្គ្រោះ​ជាតិ​ចូល​រួម​ នឹង​បង្ហាញ​ថា​ ការ​បោះឆ្នោត​នោះ​គ្មាន​ភាព​យុត្តិធម៌​ និង​ធ្វើ​ឲ្យអ្នក​បោះឆ្នោត​ផ្សេង​ទៀត​ បោះ​ចោល​សន្លឹក​ឆ្នោត​របស់​ពួកគេ​។ លោក​បាន​និយាយ ដោយ​មិន​ឲ្យ​ថត​សំឡេង​នៅ​ក្នុង​ន័យ​ដើមថា៖

«​ភាគី​ចង់​ចាញ់​ឈ្នះ​ ទាល់​តែមាន​ភាគី​សងខាង​។ បើ​ឈរ​មា្នក់​ឯង​ មាន​អ្នក​ណា​ទៅ​បោះ»។

លោក​ សឿន​បាន​បន្ត​ទៀត​ថា​ ទាក់​ទិន​នឹង​ជម្លោះ​នយោបាយ​នាពេល​បច្ចុប្បន្ន​ បាន​ធ្វើ​ឲ្យលោក​ខក​ចិត្ត​ ហើយ​ថា​ អ្នកនយោបាយ​ខ្មែរមិន​ចោល​ទម្លាប់​ដើម​នៃ​ការ​ចង​ពៀរ​គ្នា​ទៅ​វិញ​ ទៅ​មក​ដើម្បី​ឡើង​កាន់​អំណាច​។​ លោក​បាន​និយាយ​តាម​ន័យដើម​ថា៖​

«ខ្ញុំ​បាន​ឆ្លង​កាត់​ច្រើន​សង្គម។​ ចង់​ចាញ់​ឈ្នះ​ធ្វើ​ធំ​ កាប់​ចាក់​គ្នា​ សម្លាប់​គ្នា​ ដណ្តើម​គ្នា​ធ្វើ​ធំ»។

ខណៈ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់ រហូត​ដល់​មាន​គម្រោង​រំលាយ​គណបក្ស​សង្រ្គោះជាតិ សហគមន៍​អន្តរជាតិ​នានា​រួមមាន​សហភាព​អឺរ៉ុប​ បានសម្តែង​ក្តី​អាក់​អន់​ចិត្តអំពី​ការ​ធ្លាក់​ចុះ​ធ្ងន់​ធ្ងរនៃ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ប្រតិភូ​សភា​សហភាព​អឺរ៉ុប​មួយ​ក្រុម​ បាន​ព្រមាន​អំពី​ចំណាត់​ការ​ខាង​ពាណិជ្ជកម្ម​មក​លើ​ប្រទេស​កម្ពុជា​ចំពោះ​ដំណើរ​ទៅ​រក​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​លោក​ ​កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។

គ្រា​មានការ​អំពាវ​នាវ​ពី​សហគមន៍​អន្តរជាតិ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​ស្តារ​ឡើង​វិញ​នៃ​ស្ថាន​ភាព​លទ្ធិប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ដែល​បាន​ធ្លាក់​ចុះដុនដាប​ គិត​ចាប់តាំង​ពី​ថ្ងៃ​នៃ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស គណបក្ស​សង្គ្រោះជាតិ​ត្រូវ​អ្នក​សង្កេត​ការណ៍​នយោបាយ​កម្ពុជា​មើល​ឃើញ​ថា​ បាន​ប្រឈម​នឹង​ជម្លោះ​ផ្ទៃ​ក្នុង​។

រូបឯកសារ៖ លោក Sebatian Strangio អ្នក​និពន្ធ និង​អ្នក​សារព័ត៌មាន ពិភាក្សា​អំពី​ការ​បោះឆ្នោត​ឃុំសង្កាត់ ឆ្នាំ​២០១៧​នៅ​ប្រទេស​កម្ពុជា​នៅក្នុង​កិច្ចពិភាក្សា​មួយដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។ (ហុង ចិន្តា/VOA)​
រូបឯកសារ៖ លោក Sebatian Strangio អ្នក​និពន្ធ និង​អ្នក​សារព័ត៌មាន ពិភាក្សា​អំពី​ការ​បោះឆ្នោត​ឃុំសង្កាត់ ឆ្នាំ​២០១៧​នៅ​ប្រទេស​កម្ពុជា​នៅក្នុង​កិច្ចពិភាក្សា​មួយដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។ (ហុង ចិន្តា/VOA)​

លោក​ Sebastian Strangio អ្នក​និពន្ធសៀវ​ភៅ​មាន​ចំណង​ជើង​ថា​ «កម្ពុជារបស់​លោកហ៊ុន សែន»​ ឬ​ «Hun Sen's Cambodia»​ បាន​ប្រាប់​ VOA តាម​សារ​អេឡិចត្រូនិក​ ឬ​ Email កាល​ពី​ថ្ងៃ​សៅរ៍​ថា លោក​មិន​មាន​ការ​ភ្ញាក់​ផ្អើល​សម្រាប់​ការ​រំលាយគណបក្ស​ប្រឆាំង​ ដែល​ជា​ការ​ចង់​បាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​បំណង​របស់​លោក​ ហ៊ុន សែន​ ដែល​ចង់​ឃើញ​បក្ស​កាន់​អំណាច​របស់​លោក​ លេច​ឡើង​មក​វិញ​ជាមួយ​ការ​គាំទ្រខ្លំាង​នៅ​ឆ្នាំ​ ២០១៨។​ លោក​បាន​ថ្លែងតាម​ន័យដើមថា៖

«អ្វីៗ​ដែល​លោក​ ហ៊ុន សែន​បាន​និយាយ បង្ហាញ​ថា​ គាត់​ចង់​ឲ្យគណបក្ស​សង្គ្រោះជាតិ​រលាយ ប៉ុន្តែ ការណ៍​នេះ​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​នោះ​ទេ​នៅ​ដំណាក់កាល​នេះ។ ដំណាល​គ្នានោះ​ គោល​បំណង​របស់​លោក​ហ៊ុន សែន​ គឺ​ធានា​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ លេច​ឡើង​ពី​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨​ ជាមួយ​ការ​គាំទ្រ​ច្រើន​ជាង​មុន»។

ក្រៅ​ពី​ប្រឈម​នឹង​ការធ្វើ​ទុក្ខបុកម្នេញ​ខាង​ផ្លូវ​ច្បាប់​ និង​ទំនាស់​ផ្ទៃក្នុង​បក្ស​នោះ​ គណបក្ស​សង្គ្រោះជាតិ​ក៏​កំពុង​ប្រឈម​នឹង​ការ​ចាកចេញ​ជា​បណ្តើរៗ​ នៃ​សមាជិក​របស់​ខ្លួន​ទាំងនៅ​ក្នុង​រដ្ឋសភា និង​ក្នុង​រដ្ឋបាល​ថ្នាក់​មូលដ្ឋាន។ ម្ចាស់​ឆ្នោត​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ មិន​បាន​តាម​ដាន​លម្អិត​នៃ​ភាព​បែក​បាក់​ផ្ទៃ​ក្នុង​របស់​បក្ស​ប្រឆាំង​នោះ​ទេ។

ប៉ុន្តែ​លោក​ Sebastian ​បាន​ថ្លែង​ឲ្យដឹង​បន្តថា​ សម្ពាធ​ជាច្រើន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បង្ក​ឲ្យ​មាន​ការ​ប្រេះស្រាំ​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ ដែល​បាន​បង្កើត​ឡើង​ក្រោម​សម្ព័ន្ធភាព​រវាង​លោក​ សម រង្ស៊ី​ និង​លោក​ កឹម សុខា។ លោក​ Sebastian និយាយ​ថា​ ការ​ប្រេះ​ស្រាំនេះ​ គឺច្បាស់​ណាស់​ជា​ការ​ចង់​បាន​របស់លោក​ ហ៊ុន សែន។ លោក​បាន​ហៅ​ ការ​បង្ខំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​ចុះ​ចូល​ ថា​ ជា​យុទ្ធសាស្ត្រ​ចាស់​ តែ​យុទ្ធសាស្ត្រ​នេះ​ មិន​មាន​ឥទ្ធិពល​ខ្លាំងក្លា នោះ​ទេ។ ទាក់​ទិន​នឹង​ការ​បោះ​ឆ្នោត​ ដែល​គ្មានគណបក្ស​ប្រឆាំង​ចូលរួម​ លោក Sebastian ដែល​ជា​អ្នកវិភាគ​នយោបាយ​កម្ពុជា​និយាយ​ថា ការ​បោះឆ្នោត​នៅ​តែ​កើត​មាន​ឡើង​ដដែល​ ហើយ​គណបក្ស​ប្រជាជនកម្ពុជា​ នឹង​ឈ្នះ។ លោក​ថ្លែង​បន្ត​ថា​ បន្ទាប់​មក​សហគមន៍​អន្តរជាតិ​ នឹង​ធ្វើ​ការ​តវ៉ា​ថា​ «ការ​បោះឆ្នោត​នោះ​គ្មាន​ន័យ​អ្វី​ទាំង​អស់»។

រូបឯកសារ៖ លោក​តំណាងរាស្ត្រ​ ស្ទីវ ឆាបុត (Steve Chabot) ផ្តល់​បទសម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​នឹង​លោក​ សុខ ខេមរា នៃ​ VOA កាលពី​ថ្ងៃទី១ ខែវច្ឆិកា ឆ្នាំ២០១៧ នៅ​ការិយាល័យ​របស់​លោក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន អំពី​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។ (VOA Khmer) Congressman
រូបឯកសារ៖ លោក​តំណាងរាស្ត្រ​ ស្ទីវ ឆាបុត (Steve Chabot) ផ្តល់​បទសម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​នឹង​លោក​ សុខ ខេមរា នៃ​ VOA កាលពី​ថ្ងៃទី១ ខែវច្ឆិកា ឆ្នាំ២០១៧ នៅ​ការិយាល័យ​របស់​លោក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន អំពី​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។ (VOA Khmer) Congressman

ដោយ​ឡែក​ លោក​ ស្ទីវ ឆាបុត​ (Steve Chabot) ​សមាជិក​សភា​អាមេរិក​មក​ពី​រដ្ឋ​ អូហៃ​យ៉ូ​ (Ohio)​ ខាង​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ដើម​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៧​ បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​របស់​លោក​ ចំពោះ​ភាព​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ នៅ​គ្រា​មាន​ការ​បង្ក្រាប​លើ​អ្នកនយោបាយ​ក្រុម​ប្រឆាំង​ និង​សារព័ត៌មាន​មុន​ការ​បោះឆ្នោត​។​

«​ពេល​ដែល​អ្នកហាម​ប្រាម​ គណបក្ស​ប្រឆាំង​ ចាប់​អ្នកប្រឆាំង​ដាក់​គុក​ ហើយ​មិន​អនុញ្ញាត​ឲ្យ​មាន​សារព័ត៌មាន​ឯករាជ្យ​សម្រាប់​រឿង​រ៉ាវ​ពិត​ និង​ប្រាប់​រឿងរ៉ាវ​ទាំង​សង​ខាង​អំពីការ​បោះឆ្នោត​នោះ​ អ្នក​មិន​បាន​ធ្វើ​តាម​កាតព្វកិច្ច​ ដែល​គួរ​ធ្វើ​នោះទេ​ ដូច្នេះហើយ​ វាពិបាក​ណាស់​ ក្នុង​ការ​គិត​ថា​ ការ​បោះឆ្នោត​នេះ​ នឹង​មាន​លក្ខណៈ​យុត្តិធម៌​ ប្រសិន​បើ​ដំណាក់​កាល​មុន​ការ​បោះឆ្នោត​ មិន​យុត្តិធម៌​នោះ»។

បើ​រំឭក​អំពី​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០១៣ បរិយាកាស​មុន​ការ​បោះ​ឆ្នោត​នៅ​គ្រា​នោះ​ ត្រូវ​អ្នក​សង្កេត​ការណ៍​ការបោះឆ្នោត​និង​នយោបាយ​ក្នុង​ស្រុក​មើល​ឃើញ​ថា​ មាន​ភាព​តានតឹង​ ដោយ​ហេតុ​អតីតមេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ លោក​ សម រង្ស៊ី​ ត្រូវ​បាន​រដ្ឋាភិបាល​ព្យា​យាម​បង្ខាំង​មិន​ឲ្យ​ចូល​ប្រទេស​ គ្រា​ដែល​អ្នក​នយោបាយ​រូប​នេះ​ ប្រឈម​នឹង​ការ​ចាប់​ដាក់​ក្នុង​ពន្ធ​នាគារ ទាក់​ទិន​សំណុំ​រឿង​ដក​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម។

កម្តៅ​នយោបាយ​បាន​កើន​ឡើងកាន់​តែខ្លាំង​ ក្នុង​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​ ឈ្នះ​អាសនៈ​ជិត​ពាក់​កណ្តាល​ នៅ​រដ្ឋសភា​ដែល​មាន​អាសនៈ​សរុប​ចំនួន​ ១២៣។ គណបក្ស​ប្រឆាំង​បាន​ដឹកនាំ​ មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ ដែល​បាន​ធ្វើ​ឲ្យ​ដំណើរ​ការ​នយោបាយ​តាម​បែប​ប្រជាធិប​តេយ្យ​ជាប់​គាំង​ជិត​មួយ​ឆ្នាំ។ តែ​ក្រោយ​ការ​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​ ដែល​មាន​ការ​ផ្តល់​តំណែង​កំពូល​ក្នុងសភា ការ​បែង​ចែក​គណៈកម្មការ​ជំនាញក្នុង​សភា​ និង​កំណែ​ទម្រង់​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប) ភាព​ជាប់​គាំង​នយោបាយ​នោះ​ក៏​បាន​បញ្ចប់​ទៅ​។

ទោះ​បី​អ្នកគាំទ្រគណបក្សប្រឆាំង​បាន​លើកឡើង​ថា ពួកគេមិន​ចូលរួមការ​បោះឆ្នោត​ឆ្នាំ​២០១៨​ ប្រសិន​បើគ្មាន​គណបក្សសង្គ្រោះជាតិក៏ដោយ​ ក៏ពួកគេ​នៅបន្ត​តាមមើល​ស្ថានភាព​នយោបាយ​ ដែល​រមែង​តែ​ជួប​ភាព​តាន​តឹងនៅមុនការ​បោះឆ្នោត។​ លោក​ស្រី ហ៊ាង ង៉ែត​ និយាយថា​ ប្រទេស​កម្ពុជា​ អាច​នឹងមានការកែទម្រង់​ថ្មីៗទៀត​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​សង្គ្រោះជាតិ​មានឱកាសចូល​ប្រកួតក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ ២០១៨​ និង​បាន​ឈ្នះដឹកនាំប្រទេស​។ ប្រជាពលរដ្ឋ​ដែលជាម្ចាស់​ឆ្នោត​នៅខេត្តកណ្តាល​ និង​នៅរាជធានី​ភ្នំពេញ​មួយចំនួន​ ក៏​បាន​លើក​ឡើង​ថា​ ពួកគេមិន​ទាន់​ដឹង​ប្រាកដ​នៅឡើយទេថា​ នឹងមានការ​រំលាយ​គណបក្ស​ប្រឆាំង​ពិតមែននោះ ឬយ៉ាងណា​។ ពួកគេថា​ ប្រសិន​បើគណបក្សសង្គ្រោះ​ជាតិ​ត្រូវរំលាយ​មែននោះ គណបក្ស​កាន់អំណាចរបស់​លោកហ៊ុន សែន​ មុខ​ជា​នឹង​ឈ្នះ​ទោះជា​ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​ មាន​តិចតួច​ក៏ដោយ៕

XS
SM
MD
LG