ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេទ័ព​កំពូលៗ​របស់​កម្ពុជា​ ​ផ្ញើសារ​កម្ចាត់ចោល​នូវ​ចលនា​បដិវត្តន៍​ប្រឆំាង​នឹង​លោក​ ​ហ៊ុន សែន​ ​ក្នុង​ថ្ងៃ​កំណើត​កងទ័ព


រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍ ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ រង់​ចាំ​វេន​និយាយ​នៅ​កិច្ច​ប្រជុំ​កំពូល​ស្តី​អំពី​សន្តិសុខ​អាស៊ី​នៅ​វិទ្យា​ស្ថាន​អន្តរជាតិ​នៃ​ការសិក្សា​យុទ្ធសាស្ត្រ នៅ​ប្រទេស​សិង្ហបុរី ខែ​មិថុនា ឆ្នាំ​២០១២។​ (Reuters)
រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍ ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ រង់​ចាំ​វេន​និយាយ​នៅ​កិច្ច​ប្រជុំ​កំពូល​ស្តី​អំពី​សន្តិសុខ​អាស៊ី​នៅ​វិទ្យា​ស្ថាន​អន្តរជាតិ​នៃ​ការសិក្សា​យុទ្ធសាស្ត្រ នៅ​ប្រទេស​សិង្ហបុរី ខែ​មិថុនា ឆ្នាំ​២០១២។​ (Reuters)

មេទ័ព​កំពូលៗ​ពីររូប​របស់​កម្ពុជា​គឺលោក​ ​ទៀ បាញ់​ ​និង​លោក​ ប៉ុល សារឿន​ ​បាន​ព្រមាន​ធ្ងន់ៗ​ម្តង​ទៀត​ថា​ នឹង​វាយ​កម្ទេច​ចោល​ក្រុម​ដែល​ធ្វើ​សកម្មភាព​ក្នុង​ចេតនា​ទាញ​ទម្លាក់​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ សែន​ ដែល​បាន​នាំ​សន្តិភាព​ពេញ​លេញ​ដល់​កម្ពុជា។​ ​ការ​ព្រមាន​របស់​មេទ័ព​កម្ពុជាដដែលៗ​នេះ​ធ្វើ​ឡើង​ ​នៅគ្រា​ស្ថាប័ន​នីតិប្រតិបត្តិ​របស់​លោក​ ​ហ៊ុន សែន បាន​ស្នើ​ឲ្យ​មាន​ការ​រំលាយ​គណ​បក្ស​ប្រឆាំង។ ​សំណើនេះ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ ​និង​ពលរដ្ឋ​ខ្មែរ​ដែល​កាន់​និន្នាការ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស។

មេ​បញ្ជាការ​កំពូលៗ​របស់​កម្ពុជា​ ​នាសប្តាហ៍​នេះ​ ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​សារ​ជា​ថ្មី​ក្នុងការ​កម្ទេចក្រុម​ប្រឆំាង​បះបោរ​ ​ដែល​មាន​គំនិត​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន​ ​ដែល​ពួក​គេ​អះអាង​ថា​ ជា​រដ្ឋាភិបាល​ស្រប​ច្បាប់។​ ​នេះ​បើ​យោង​តាម​សារ​ថ្មីៗ​ ​ដែល​ប្រមុខ​មេទ័ព​កម្ពុជា​បាន​ថ្លែង​ក្នុង​ពេល​ប្រារព្ធ​ខួប​កំណើត​ទី​៦៤​ឆ្នាំ​នៃ​កង​ទ័ព​កម្ពុជា​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ។​

សុន្ទរក​ថា​របស់​នាយឧត្តម​សេនីយ៍​ផ្កាយ​មាសបួន​ ​ប៉ុល សារឿន​ ​ដែលបង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកកាលពីថ្ងៃ​ទី​៨ ខែវិច្ឆិកា​គឺ​មួយ​ថ្ងៃ​មុន​ថ្ងៃ​ខួប​កំណើត​របស់កងទ័ពជាតិ​ខ្មែរ បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​ខ្លឹម​សារ​ដើម​ថា៖​

«ប្រឆាំង​ដាច់ខាត​ចំពោះ​សកម្មភាព​នានា​របស់​ក្រុម​ជ្រុល​និយម​ណាមួយ​ ដែល​គាំទ្រ​ពី​បរទេស​ ក្នុង​គោល​បំណង​ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​តាម​រយៈ​ការ​ញុះញង់​បង្ក​ឲ្យមាន​អំពើ​ហិង្សា​ មាន​ចរិត​ជា​បដិវត្តន៍​ពណ៌​ ​សំដៅ​បំផ្លាញ​សុខ​សន្តិភាព​ សេចក្តីសុខ​សាន្ត​របស់​ប្រជា​ពលរដ្ឋ​ និង​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ»។​

សុន្ទរកថា​របស់​នាយ​ឧត្តម​សេនីយ៍​ដដែល​នេះ​ក៏​បាន​បញ្ជាក់​ឲ្យដឹង​បន្ត​តាម​ខ្លឹម​សារ​ដើម​ថា៖​

«ជាង​នេះទៅ​ទៀត​ ក្នុង​ភារកិច្ច​ចាំបាច់​បំផុត​ កង​យោធពល​ខេមរ​ភូមិន្ទ​ ត្រូវ​ថែ​រក្សា​ ការពារ​ឲ្យ​បាន​ដាច់​ខាត​នូវ​សន្តិភាព​ ប្រឆាំង​ដាច់​ខាត​មិន​ឲ្យមាន​បដិវត្តន៍​ពណ៌​ ​ការពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ការ​ពារ​ឯករាជ្យ​ អធិបតេយ្យ​ជាតិ​ បូរណភាព​ទឹកដី​ ចូលរួម​សហការ​ពង្រឹង​សន្តិសុខ​ សណ្តាប់​ធ្នាប់​សង្គម​ ទប់​ស្កាត់​និង​បង្ក្រាប​បទល្មើស​ផ្សេងៗ​ និងបន្ត​ពង្រឹង​ទំនាក់​ទំនងល្អ​ជាមួយ​កងកម្លាំង​ប្រទេស​ជិត​ខាង ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ ដោយ​សន្តិវិធី​ សំដៅ​កសាង​ព្រំដែន​ឲ្យ​ក្លាយ​ជា​តំបន់​សន្តិភាព​ មិត្ត​ភាព​ សហ​ប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ»។​

ការ​ព្រមាន​របស់​មេដឹកនាំ​យោធានេះ​កើត​មាន​ឡើងនៅ​ក្នុង​ពេល​ដែល​សហគមន៍​អន្តរជាតិ​ រួម​មាន​សហ​រដ្ឋ​អាមេរិក​ ​និង​សហភាព​អឺរ៉ុប បន្ត​បាន​បង្ហាញ​ក្តី​បារម្ភ​នៃ​ផល​ប៉ះពាល់​ភាព​ស្រប​ច្បាប់​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ ប្រសិន​បើ​មិន​មាន​ការចូលរួម​របស់​គណបក្ស​សង្គ្រោះ​ជាតិដែល​កំពុង​ប្រឈម​នឹង​ការ​រំលាយ​តាម​អំណាច​តុលាការ។ ​ពួក​គេ​បាន​ទទូច​ស្នើ​ឲ្យ​រដ្ឋាភិបាល​ស្តារ​ស្ថានភាព​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​ ប្រយោជន៍ធ្វើ​ឲ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ​ និង​សេរី​ដើម្បី​បើក​ផ្លូវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជ្រើស​រើស​យក​គណបក្ស​នយោបាយ​ណាមួយ​ សម្រាប់​គ្រប់គ្រង​ប្រទេស​កម្ពុជា​ ​និង​ដើម្បី​រក្សា​ឲ្យ​បាន​នូវកំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ប្រកប​ចីរភាព។​

ការ​ថ្លែង​ព្រមាន​របស់​លោក​ ​ប៉ុល សារឿន​ ត្រូវ​បាន​បន្ទរ​កាន់​តែ​ខ្លាំង​ទៀត​ ​ដោយ​ប្រមុខ​ក្រសួង​ការពារ​ជាតិ​ ​គឺ​លោក​នាយ​ឧត្តម​សេនីយ៍​ ​ទៀ បាញ់​ ​ដែល​នៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​នៃការ​បង្កើត​កងទ័ព​កម្ពុជា​ដដែល​នោះ​ ​បាន​ប្រកាស​ឲ្យ​កងទ័ព​ត្រៀម​ខ្លួន​ក្នុង​ការ​ទប់ស្កាត់​ ​បង្ក្រាប​ព្រឹត្តិ​ការណ៍​នានា​ដែល​អាច​នឹង​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៨ ដែល​លោក​យល់​ថា​ ជា​ឆ្នាំ​នៃ​ការ​កើន​កម្តៅ​នយោបាយ​ខ្លាំង។​

ថ្លែង​នៅក្នុង​វិទ្យាស្ថាន​កងទ័ព​ជើង​គោក​ ​ស្ថិតក្នុង​ខេត្ត​កំពង់ស្ពឺ ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ ​លោក ទៀ​ បាញ់​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ៖

«ដោយសារ​ស្ថាន​ការណ៍​នយោបាយ​របស់​យើង​ គឺនៅ​ក្នុង​ឆ្នាំ​២០១៨​ខាងមុខ​នេះ​ គឺ​រហូត​ដល់​ចាប់​តាំង​ពី​ពេល​នេះ​តមក​ហើយ​ គឺ​វា​មាន​សភាព​មួយគឺ​វា​រឿង​ ​បាន​ជា​យើង​ចាត់​ទុក​ថា​ ​វា​មាន​ភ្លើង​កំដៅ​ខ្លាំង​ដល់​កំពូល​មួយ​ ដែល​យើង​ចាត់​ទុក​ថា​ ជា​ស្ថាន​ភាព​មួយ​ ដែល​វិធានការ​ដែល​យើង​ត្រូវ​ចាត់​ចែង​ រៀបចំ​អ្វីៗ​ទាំង​អស់​ នឹង​មាន​រៀបរាប់​នៅ​ក្នុង​ពេល​ខាងមុខ​ ដែល​វាមាន​សភាព​ការណ៍​មួយ​ចង់​ជម្រាប​ជូន​ថា យើង​ត្រូវ​ជួបជុំ​គ្នា​ឲ្យបាន​ច្រើន​បន្តិច​ ឲ្យបាន​ឮ​ទាំងអស់​គ្នា​ វាបាន​សុះសាយ​កាន់​តែ​ខ្លាំង​បន្តិច»។​

លោក​ ​ទៀ បាញ់​ ​បាន​ថ្លែងបន្ត​ថា​ ​ព្រឹត្តិ​ការណ៍​ផ្សេងៗ​អា​ច​នឹង​កើត​ឡើងនៅ​ក្នុង​ឆ្នាំ​ ២០១៨ ដែល​តម្រូវ​ឲ្យ​កងទ័ព​ត្រូវមាន​ស្មារតី​ មូលមតិ​គ្នា​ក្នុង​ការ​សម្រេច​ចិត្តតាំង​ពី​ថ្នាក់​ក្រោម​ដល់​លើ​ ក្នុង​ការ​ចាត់​វិធានការ​ទប់ទល់។​

«ព្រឹត្តិការណ៍​ដែល​វាអាចកើត​នៅ​ក្នុង​ឆ្នាំ​២០១៨​ខាងមុខនេះ​ គឺវា​ជាស្ថាន​ការណ៍​មួយ​ ដែលយើង​គឺ​ត្រូវ​តែក្តាប់​ ស្វែងរក​ថា​ ​ក្តាប់​រួចហើយ​ គឺ​ធ្វើការ​ឯកភាព​គ្នាឲ្យ​បាន​តាំង​ពីលើ​រហូតដល់​ក្រោម​ បាន​ន័យ​ថា​ កុំឲ្យសល់​ចន្លោះ​ ​កោះកៀន​ណា​ទំាងអស់​ គឺ​ឲ្យបាន​ជ្រួត​ជ្រាប​ទាំង​អស់​គ្នាអំពី​សភាព​ការណ៍​រយៈ​ពេល​ខាងមុខ»។​

លោក​ ​ទៀ បាញ់​ ​ក៏បាន​លើក​ឡើង​ផង​ដែរថា​ ការ​ធ្វើ​បដិវត្តន៍​ពណ៌​នឹង​បង្កគ្រោះ​ថ្នាក់​ស្រដៀង​គ្នា​ដល់​កម្ពុជា​ ដូច​ក្នុង​សម័យខ្មែរ​ក្រហម​របស់​ប៉ុល ពត។​ ​លោក​បាន​អះអាង​ថា​ ​បដិវត្តន៍​ពណ៌​បាន​បង្ក​ទុក្ខ​សោក​ និង​បំផ្លាញ​ប្រទេស​ជាង​២០ ក្នុង​នោះ​មាន​ប្រទេស​យូហ្គោស្លាវី​ ​ទុយនេស៊ី​ អ៊ុយក្រែន​ និង​ស៊ីរី​ ជាដើម​ ហើយ​ថា​ រាល់​វិធានការ​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​នាពេល​ថ្មីៗ​នេះ​ប្រឆាំងនឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ មេដឹកនាំ​គណ​បក្ស​ប្រឆាំង​គឺ​លោក​ កឹម សុខា​ និង​បណ្តាញ​ព័ត៌មាន​ផ្សេង​ទៀត​នោះ​ គឺ​ជា​រឿងសម​ហេតុ​ផល។​

សុន្ទរកថាថ្លែង​អំពី​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​លោកលោក​ ​ទៀ បាញ់​ ​បាន​លើក​ឡើង​ដោយ​មាន​ខ្លឹម​សារ​ដើម​ថា៖​

«នៅថ្ងៃ​ទី៣​ ខែ​កញ្ញា​ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​បង្ហាញ​ឲ្យ​ឃើញច្បាស់​អំពី​ផែនការ​សម្ងាត់​នៃ​ការ​ឃុប​ឃិត​គ្នា​រវាង​ កឹម សុខា​ និង​បក្ខពួក​ ជាមួយ​បរទេស​ ដែល​ខ្ញុំ​តែង​បាន​និយាយ​ថា​ គឺ​ជាផល​ដែល​បាន​មក​ពី​ទេវតា​ប្រទាន​ ព្រោះ​នេះ​គឺ​ កឹម​ សុខា​ ជា​អ្នកបង្ហាញ​ដោយ​ខ្លួន​ឯង​ ជា​ផលកម្ម​ដែលខ្លួន​ឯង​បាន​ប្រព្រឹត្ត​ មិន​មែន​អ្នកណា​ជា​រៀប​ចំ​ធ្វើ​នោះ​ឡើយ»។​

យ៉ាងណា​ក៏ដោយ​ ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​កាល​ពីពេល​កន្លង​មក​ថា​ ​ប្រទេស​កម្ពុជា​មិន​ទាន់​ប្រឈម​នឹង​រោគ​សញ្ញា​សង្គម​ ​ដែល​អាច​នាំ​ទៅរក​ការ​ធ្វើ​បដិវត្តន៍​នោះ​ឡើយ​ ​ហើយ​ថា​ ​អ្វីដែល​រដ្ឋា​ភិបាល​គួរព្រួយបារម្ភ​ និង​កែទម្រង់​ជា​បន្ទាន់​នោះ​គឺ​ការ​ធានា​ឲ្យ​បាន​នូវការ​គោរព​សិទ្ធិ​មនុស្ស ​ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​មានឯករាជ្យ​ ​និង​បញ្ហា​សង្គម​ផ្សេង​ទៀត​ ​ដូច​ជាការ​លុប​បំបាត់វប្បធម៌នៃ​អំពើ​ពុក​រលួយ​ជាដើម។​ ​អ្នក​រាយ​ការណ៍ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​ក៏ធ្លាប់​បាន​ព្រមាន​ថា​ ​ការ​ប្រកាស​បង្រ្កាប​ប្រើ​ដោយ​កម្លាំង​ លើ​ការ​បះបោរ​នោះ​អាច​នឹង​ធ្វើឲ្យកម្ពុជា​ធ្លាក់​ក្នុង​ស្ថានភាព​កាន់​តែ​គ្រោះថ្នាក់​ផង​ដែរ។​

លើស​ពី​នេះ​ទៅទៀត ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ការ​រង្គោះ​រង្គើ​ប្រព័ន្ធ​ដឹកនាំ​នៅ​ក្នុងប្រទេស​អារ៉ាប់​ នៅតំបន់​មជ្ឈិមបូព៌ា​ និង​តំបន់​អាហ្វ្រិក ​ហើយ​រាល​ដាល​មក​ដល់​តំបន់​អឺរ៉ុប​នោះគឺ​បណ្តាល​មក​ពី​រោគ​សញ្ញា​នៃ​វិបត្តិ​សង្គម​ និង​នយោបាយ​ធំៗ​ ​រួម​នឹង​ជម្លោះ​សាសនា​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។​ វិបត្តិ​ទាំងនោះ​រួម​មាន​ ការ​រីករាល​ដាល​នៃ​ភាព​ក្រី​ក្រ​ អំពើ​ពុក​រលួយ​ គម្លាត​ទ្រព្យ​សម្បត្តិ​ ​ការ​ប្រមូល​ផ្តុំ​អំណាច​នៅ​លើ​តែថ្នាក់​កណ្តាល​របស់​រដ្ឋាភិបាល ​ការ​ធ្លាក់​ចុះ​ដុនដាប​នៃ​សេដ្ឋកិច្ច​ ​ ការ​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​ ហើយ​នឹង​ការ​កាន់​អំណាច​យូរ​ហួស​ហេតុ​របស់​មេ​ដឹកនាំ៕

XS
SM
MD
LG