ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេទិកា​តំបន់​អាស៊ាន​ផ្តោត​លើបញ្ហា​កូរ៉េ​និង​សមុទ្រ​ចិន​ខាង​ត្បូង


រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក Mike Pompeo និង​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ជា​ច្រើន​ចាប់​ដៃ​គ្នា​ថត​រូប​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​ប្រទេសអនុ​តំបន់​ទន្លេមេគង្គ នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១ សីហា ២០១៩។

រដ្ឋមន្រ្តី​ការបរទេស​មក​ពី​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន​ កំពុង​ធ្វើ​ការ​ប្រជុំ​ជាបន្ត​បន្ទាប់​នៅ​ក្នុង​រាជធានី​បាង​កក​នៃ​ប្រទេស​ថៃ​ នៅ​សប្តាហ៍​នេះ ​ដោយវេទិកា​តំបន់​អាស៊ាន​កំពុង​ចាប់​ផ្តើម​នៅ​ថ្ងៃ​សុក្រ​នេះ។

សមាគម​អាស៊ាន​លើក​ស្ទួយកិច្ច​សហប្រតិបត្តិការ​សេដ្ឋ​កិច្ច ​នយោបាយ​ និង​សន្តិ​សុខ​ក្នុង​ចំណោមសមាជិក​១០​ប្រទេសដែល​មាន៖ ប៊្រុយណេ ​កម្ពុជា ឥណ្ឌូណេ​ស៊ី ឡាវ ​ម៉ាឡេស៊ី ​មីយ៉ាន់​ម៉ា ​ហ្វីលីពីន ​សិង្ហបុរី ​ថៃ ​និង​ប្រទេស​វៀតណាម។

បន្ថែម​រដ្ឋ​មន្រ្តី​ការ​បរទេស​របស់​សមាគម​អាស៊ាន រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អា​មេរិក​លោក ​Mike Pompeo​ រដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាង​ត្បូង​លោក ​Kang Kyung- wha​ រដ្ឋ មន្រ្តី​ការបរទេស​អូស្រ្តាលី​លោក​ស្រី ​Marise Payne ​និង​រដ្ឋមន្រ្តី​ការបរទេស​ចិន​លោក វ៉ាង យី ក៏​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​តំបន់​នេះ​ដែរ។

កាល​ពី​អតីត​កាល ​ជំនួប​របស់​សមាគម​អាស៊ាន​បាន​ត្រូវប្រើ​ជា​ឱកាស​មួយ​ដើម្បី​ពិភាក្សារវាង​មន្រ្តី​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ជើង ​ក៏​ប៉ុន្តែរដ្ឋ​មន្រ្តីការ​បរទេស​កូរ៉េខាង​ជើង​លោក ​Ri Yong Ho​ មិន​បាន​បង្ហាញ​ខ្លួន​នៅ​ឯជំនួប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​សហរដ្ឋ​អាមេរិក​ទេ។

រដ្ឋមន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក​លោក ​Pompeo ​បាន​មាន​ប្រសាសន៍​ថា ​លោកនៅ​តែ​មាន​សុទិដ្ឋិនិយម​ថា ការ​សន្ទនា​ខាង​ការទូត​ជាមួយ​កូរ៉េខាង​ជើង​នឹង​បន្ត​ធ្វើ​នៅ​ពេល​ឆាប់ៗ​នេះ។

ស្រប់​ពេល​ជាមួយ​គ្នា​នេះ គ្រាប់​បែក​ជា​ច្រើន​គ្រាប់ ​បាន​ផ្ទុះ​នៅ​ក្នុង​ទីក្រុង​បាង​កក​នៅ​ថ្ងៃ​សុក្រ​នេះ។​ គេ ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា ​តើ​ការ​ផ្ទុះ​នេះ​មាន​ជាប់​ទាក់​ទិ​ន​នឹង​ជំនួប​កំពូល​របស់​សមាគម​អាស៊ាន​ដែរ​ឬ​ទេ៕

XS
SM
MD
LG