ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ញាវ័ន​និង​អ្នក​ជំនាញ​អំពី​​ប្រទេស​កម្ពុជា​នឹង​ចូលរួម​សិក្ខាសាលា​ស្តី​ពី​ការសិក្សា​តំបន់​អាស៊ី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន


រូបភាព​ថត​ពី​គេហទំព័របង្ហាញ​ពី​ព័ត៌មាន​អំពីសិក្ខាសាលា​ប្រចាំ​ឆ្នាំ​២០១៨​របស់​សមាគមសម្រាប់​ការសិក្សា​តំបន់​អាស៊ី។
រូបភាព​ថត​ពី​គេហទំព័របង្ហាញ​ពី​ព័ត៌មាន​អំពីសិក្ខាសាលា​ប្រចាំ​ឆ្នាំ​២០១៨​របស់​សមាគមសម្រាប់​ការសិក្សា​តំបន់​អាស៊ី។

អ្នក​ឯកទេស​ខាង​ប្រទេស​កម្ពុជា​​​ជា​ច្រើន​​ដូចជាប្រវត្តិវិទូ​លោក​ David Chandler នឹង​ចូល​រួម​សិក្ខាសាលា​នេះ​នឹង​ចាប់​ផ្តើម​ពី​​​ថ្ងៃ​ទី​២២ ដល់​​ថ្ងៃ​ទី​២៥​ ខែ​មីនា នៅ​សណ្ឋាគារ Marriot Wardman Park នៅ​ក្នុង​រដ្ឋធានី​​វ៉ាស៊ីនតោន។

បញ្ញាវ័ន​និង​អ្នក​ជំនាញ​ខាង​ប្រទេស​កម្ពុជា​សំខាន់ៗនានា នឹង​មក​ជួបគ្នា​ជាមួយ​អ្នក​ឯកទេសខាង​តំបន់​អាស៊ី​រាប់​រយ​នាក់​ដទៃ​ទៀត នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ខាង​មុខ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន ដើម្បី​ពិភាក្សា​អំពី​ប្រធាន​បទ​ផ្សេងៗ​ក្នុង​តំបន់​អាស៊ី។

ក្នុង​ចំណោម​អ្នក​ចូលរួម​ជាង៣.០០០នាក់​នៃ​សិក្ខាសាលា​ប្រចាំ​ឆ្នាំ​របស់សមាគមសម្រាប់​ការសិក្សា​តំបន់​អាស៊ី ឬ Association of Asian Studies អ្នក​រៀប​ចំ​កម្មវិធី​បាន​ឲ្យ​ដឹង​ថា មាន​អ្នក​ឯកទេស​ខាង​ប្រទេស​កម្ពុជាចូលរួម​ដូចជា លោក David Chandler ដែល​ជា​បញ្ញាវ័ន​ល្បីល្បាញ​អំពី​ប្រវត្តិសាស្ត្រ​សម័យ​ថ្មី​របស់​ប្រទេស​កម្ពុជា និង​ជា​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ Monash ក្នុង​ប្រទេស​អូស្ត្រាលី លោក ស្វាយ សារ៉េត ដែល​ជា​ជាង​ចម្លាក់​និង​សិល្បករ​ផ្នែក​សម្តែង​ជនជាតិ​កម្ពុជា​រស់នៅ​និង​ធ្វើការ​ក្នុង​ខេត្ត​សៀមរាប និង​អ្នកស្រី Krisna Uk ដែល​ជា​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ខេមរសិក្សា ឬ Center for Khmer Studies នៅ​ខេត្ត​សៀមរាប។

សិក្ខាសាលា​នេះ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២២ ដល់ថ្ងៃ​ទី​២៥​ ខែ​មីនា នៅ​សណ្ឋាគារ Marriot Wardman Park នៅ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន។

សិក្ខាសាលា​នេះ​ប្រមូល​ផ្តុំបញ្ញាវ័ន សាស្ត្រាចារ្យ អ្នក​ស្រាវជ្រាវ និង​អ្នក​និពន្ធ​សៀវភៅ ជុំវិញ​ពិភពលោក​ជា​ច្រើន​នាក់ មក​ជួប​ពិភាក្សា​លើ​បញ្ហា​សំខាន់ៗ​ទាំងឡាយ​ក្នុង​ប្រទេសនៅ​ទ្វីប​អាស៊ី​ទាំងអស់ ដែល​រួម​មានទាក់ទង​នឹងប្រទេស​កម្ពុជា​ផង​ដែរ។ កម្មវិធីដែល​មាន​រយៈ​ពេល​៤​ថ្ងៃ​នេះ គ្រោង​នឹង​មាន​បទ​បង្ហាញ​ជាង​៤០០ លើ​ប្រធានបទគ្រប់​វិស័យ និង​ចាក់​បញ្ចាំង​ភាពយន្ត​ជាង​២០ ដែល​ទាក់ទង​នឹង​ទ្វីប​អាស៊ី។ សមាគមសម្រាប់​ការសិក្សា​តំបន់​អាស៊ី​ (AAS) មាន​ទី​តាំង​ក្នុង​ទីក្រុង​ Ann Arbor រដ្ឋ Michigan ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អង្គការ​សម្រាប់​ការសិក្សា​មិន​រក​កម្រៃ​របស់​សហរដ្ឋ​អាមេរិក​ធំ​បំផុត​មួយ ដែល​ផ្ដោត​លើ​តំបន់​អាស៊ី។

ការ​បោះឆ្នោត​របស់​ប្រទេស​កម្ពុជា​ក្នុង​ខែ​កក្កដា​នេះ ក៏​ជា​ប្រធានបទ​ក្នុង​បទ​បង្ហាញ​មួយ​ដែល​មាន​ចំណង​ជើង​ថា «ការ​បោះឆ្នោត​ឆ្នាំ​២០១៨​របស់​ប្រទេស​កម្ពុជា៖ យុវជន យុទ្ធសាស្ត្រ​គណបក្ស​នយោបាយ និង​ទិដ្ឋភាព​នយោបាយ​ថ្មី»។ បើ​យោង​តាម​អ្នក​រៀបចំ​កម្មវិធី បទ​បង្ហាញ​នេះ​នឹង​ពិភាក្សា​អំពី​ឥទ្ធិពល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ប្រទេស តួនាទី​យុវជន​ក្នុង​កិច្ចការ​នយោបាយ ហើយ​និង​ការ​ឆ្លើយតប​របស់​គណបក្ស​នយោបាយ​នានា ចំពោះ​ការ​ចូលរួម​នយោបាយ​របស់​ប្រជាជន​កម្ពុជាក្នុង​ទ្រង់ទ្រាយ​ថ្មីៗ​ផ្សេងៗ។

ភាពយន្ត​មួយ​ក្នុង​ចំណោមភាពយន្ត​ដែល​គេ​ចាក់​បញ្ចាំង​ទាំងអស់ ​មាន​ចំណង​ជើង​ថា «បុរស​ដែល​បាន​កសាង​ប្រទេស​កម្ពុជា» ឬ The Man Who Built Cambodia។ ភាពយន្ត​នេះត្រូវ​បាន​ដឹកនាំ​ដោយអ្នក​ផលិត​ខ្សែ​ភាពយន្ត​ជនជាតិ​កាណាដា ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​លោក​ Christopher Rompre។ ហើយ​ភាពយន្ត​ដែល​មាន​រយៈពេល ៣៧នាទី​នេះ ក៏​ជា​ភាពយន្ត​ឯកសារ​បែប​និទានកថាមួយ​អំពី ជីវិតនិង​ការងាររបស់​លោក វណ្ណ ម៉ូលីវណ្ណ ​ស្ថាបត្យករ​ដ៏​ល្បីក្នុង​សម័យ​សង្គមរាស្ត្រនិយម ដែល​ជា​សម័យកាលដែលប្រទេស​កម្ពុជា​បាន​រីកចម្រើន​ឡើង​សា​ជា​ថ្មី។ លោក វណ្ណ ម៉ូលីវណ្ណ បាន​ទទួល​មរណភាព​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៧

បើ​យោង​តាម​អ្នក​រៀបចំ​កម្មវិធី ការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន​អំពី​តំបន់​អាស៊ី នឹង​ត្រូវ​បាន​គេ​យក​ធ្វើ​បទ​បង្ហាញ ហើយ​ប្រធាន​បទ​ទាក់ទង​នឹង​ប្រទេស​កម្ពុជា​មួយ​ចំនួន​មាន​ដូចជា នយោបាយ​បំភិត​បំភ័យ នយោបាយ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា វប្បធម៌​នយោបាយ​នៃ​បម្លាស់​ប្ដូរ​សេដ្ឋកិច្ច សិទ្ធិ​មនុស្ស និង​ពុទ្ធសាសនា ក្នុង​តំបន់​អាស៊ីអាគ្នេយ៍៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG