ប្រទេសជាច្រើននៅតំបន់អាស៊ីដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់ជាមួយសហរដ្ឋអាមេរិកមានប្រតិកម្មយ៉ាងខ្លាំងកាលពីថ្ងៃសុក្រ ចំពោះការសម្រេចរបស់សហរដ្ឋអាមេរិកដើម្បីយកពន្ធគយលើការនាំចូលលោហៈធាតុ ដែលកំពុងបង្កើនការព្រួយកង្វល់ពីជម្លោះពាណិជ្ជកម្មសាកលលោក។
ប្រទេសចិនដែលជាទីដៅដ៏សំខាន់នៃការព្រួយកង្វល់របស់សហរដ្ឋអាមេរិក បាននិយាយថាខ្លួនជំទាស់ប្រឆាំងដាច់ខាតដល់ការសម្រេចយកពន្ធគយរបស់សហរដ្ឋអាមេរិក។ ប្រទេសជប៉ុនបានព្រមានពីផលប៉ះពាល់នៃចំណងទាក់ទងទ្វេភាគី។
ប្រទេសកូរ៉េខាងត្បូង ប្រាប់ឲ្យដឹងថា ខ្លួនប្រហែលដាក់ពាក្យទៅកាន់អង្គការដោះស្រាយជម្លោះពាណិជ្ជកម្មអន្តរជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ កូរ៉េខាងត្បូងជាប្រទេសនាំចេញដែកថែបធំទី៣ទៅកាន់សហរដ្ឋអាមេរិកបន្ទាប់ពីប្រទេសកាណាដា និងប្រេស៊ីល។
ប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនប្រាប់ឲ្យដឹងថា ពួកគេមានការភ័យខ្លាចពីការផ្ទុះឡើងនូវការនាំចូលផលិតផលដែកថែបនិងអាលុយមីញ៉ូមតម្លៃថោកៗ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលមិនអើពើការព្រមានពីសេដ្ឋវិទូនិងពួកសមាជិកនៅក្នុងគណបក្សសាធារណរដ្ឋបានចុះហត្ថលេខាលើបទបញ្ជាមួយកាលពីថ្ងៃព្រហស្បត៍ដើម្បីយកពន្ធគយថ្មីចំនួន២៥ភាគរយលើដែកថែបនិង១០ភាគរយលើអាលុយមីញ៉ូមដែលនាំចូលមកសហរដ្ឋអាមេរិកដោយនិយាយថា វិធានការនេះជាការសំខាន់ដើម្បីការពារឧស្សាហកម្មសហរដ្ឋអាមេរិក។
ប្រធានាធិបតី ត្រាំ បានឲ្យរួចពន្ធប្រទេសនាំចេញដែកថែបនិងអាលុយមីញ៉ូមសំខាន់ៗគឺប្រទេសកាណាដា និងម៉ិចសិច ខណៈដែលការចរចាដើម្បីកែប្រែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាមេរិកខាងជើង ហើយនិងប្រទេសនានាដូចជាអូស្រ្តាលីក៏ប្រហែលបានរួចផុតពីការយកពន្ធគយនេះដែរ៕