ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA ៖ អ្នកការទូត​អាមេរិក​និយាយ​ពី​អាស៊ាន ​ចិន និង​ឥណ្ឌូប៉ាស៊ីហ្វិក


អ្នកស្រី Jane Bocklage ភារ​ធារី​នៃ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​សហរដ្ឋ​អាមេរិក​ប្រចាំ​អគ្គលេខាធិការដ្ឋាន​អាស៊ាន ផ្ដល់​បទសម្ភាសន៍​អំពី​​ទំនាក់ទំនង​អាមេរិក​-អាស៊ាន​ និង​ការកើន​ឡើង​នៃ​ឥទ្ធិពល​ចិន​នៅ​ក្នុង​តំបន់​ បញ្ហា​នៃ​ប្រទេស​សមាជិក​អាស៊ាន​ និង​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​មីនា​ ឆ្នាំ​២០១៨​ នៅ​រាជធានី​ភ្នំពេញ។ (រូប​screenshot ពី​វីដេអូ)
អ្នកស្រី Jane Bocklage ភារ​ធារី​នៃ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​សហរដ្ឋ​អាមេរិក​ប្រចាំ​អគ្គលេខាធិការដ្ឋាន​អាស៊ាន ផ្ដល់​បទសម្ភាសន៍​អំពី​​ទំនាក់ទំនង​អាមេរិក​-អាស៊ាន​ និង​ការកើន​ឡើង​នៃ​ឥទ្ធិពល​ចិន​នៅ​ក្នុង​តំបន់​ បញ្ហា​នៃ​ប្រទេស​សមាជិក​អាស៊ាន​ និង​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​មីនា​ ឆ្នាំ​២០១៨​ នៅ​រាជធានី​ភ្នំពេញ។ (រូប​screenshot ពី​វីដេអូ)

មន្ត្រីទូត​ស.រ.អា.​ប្រចាំ​អាស៊ាន​និយាយ​ថា ​ គោល​នយោបាយ​ស.រ.អា.​ជាមួយ​អាស៊ាន​មិន​មែន​មាន​បំណង​ប្រកួត​ប្រជែង​ជាមួយ​ចិន​ទេ។

កំណត់​និពន្ធ៖ ស្ថាន​ការណ៍​ភូមិ​សាស្ត្រ​នយោបាយ​នៅ​ក្នុង​តំបន់​អាស៊ី​ចុង​បូព៌ា​ មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស ​ជា​ពិសេស​នៅ​ពេល​មួយ​ឆ្នាំ​ដំបូង​នៃ​សហ​រដ្ឋ​អាមេរិក ក្រោម​លោក​ប្រធានាធិបតី ​ដូណាល់ ​ត្រាំ​ ដែល​នាំ​ឱ្យ​សណ្ដាប់​ធ្នាប់​សន្តិសុខ ​នយោបាយ ​និង​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ឯ​នាយ​មហា​សាគរ​ប៉ាស៊ីហ្វិក​ឯ​ណេះ​វិញ​ មាន​ការ​រំកិល​ផ្លាស់​ប្ដូរ​ទីតាំង​មិន​ដូច​សព្វ​មួយ​ដង។ ​អំឡុង​ដំណើរ​ទស្សន​កិច្ច​ខ្លី​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ អ្នកស្រី ​Jane ​Bocklage​ ភារធារី​នៃ​ស្ថាន​តំណាង​សហ​រដ្ឋ​អាមេរិក​ប្រចាំ​អគ្គលេខាធិការដ្ឋាន​អាស៊ាន​នៅ​ទីក្រុង​ចាកាតា ​បាន​ផ្ដល់​កិច្ច​សម្ភាសន៍ពិសេស​មួយ​ដល់​ VOA​ ផ្នែក​ខេមរ​ភាសា ​ដែល​អ្នក​ការ​ទូត​កំពូល​របស់​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​រូប​នេះ ​បាន​ជជែក​អំពី​ទំនាក់​ទំនង​អាស៊ាន-អាមេរិក​ក្រោម​រដ្ឋបាលលោក​ ដូណាល់​ ត្រាំ ​បញ្ហា​ប្រទាញ​ប្រទង់​រវាង​អាមេរិក ​និង​ចិន ​និង​ក៏​ដូច​ជា​យុទ្ធ​សាស្ត្រ​អាស៊ី​ប៉ាស៊ីហ្វិក​របស់​រដ្ឋាភិបាលក្រុង​វ៉ាស៊ីន​តោន​ សម្រាប់​តំបន់​អាស៊ី​ផង​ដែរ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA៖ ​ទំនាក់​ទំនង​រវាង​សហ​រដ្ឋ​អាមេរិក ​និង​អាស៊ាន ​ឆ្លង​ខួប​ទី​៤០​ឆ្នាំ​កាល​ពី​ឆ្នាំ​ទៅ។ ​តើ​សហ​រដ្ឋ​អាមេរិកវាយ​តម្លៃ​យ៉ាងណាចំពោះ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​អាស៊ាន​ នា​ពេល​បច្ចុប្បន្ន​នេះ?​

Jane Bocklage៖ ​ច្បាស់​ណាស់​ យើង​បាន​ចាប់​ផ្តើម​ទំនាក់​ទំនង​ជាមួយ​គ្នា​អស់​រយៈ​ពេល​ជាង​៤០​ឆ្នាំ​ ដូច​ដែល​អ្នក​បាន​លើក​ឡើងហើយ​ ទំនាក់​ទំនង​នេះ​បាន​បន្ត​ពូន​ជ្រុំរីក​ចម្រើន​ឡើង​កាន់តែ​ខ្លាំង​នា​ពេល​នេះ។ ​ទំនាក់​ទំនង​យើង​គឺ​មាន​លក្ខណៈ​រឹង​មាំ ​កាន់​តែ​តែ​រីក​លូត​លាស់ ​និង​កាន់​តែ​ស៊ី​ជម្រៅ។

គិត​មក​ដល់​ឆ្នាំ​២០១៥ ​យើង​បាន​បង្កើត​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ ​ហើយ​បច្ចុប្ប​នេះ ​យើង​មាន​គម្រោង​យុទ្ធ​សាស្ត្រ​សម្រាប់​សកម្ម​ភាព​របស់​យើង​ ដែល​ជួយ​តម្រង់​ទិស​នៃ​ទំនាក់​ទំនង​របស់​យើង​ទៅ​ថ្ងៃ​អនាគត។​ ដូច្នេះ​ យើង​ឃើញ​ថា ​ទំនាក់​ទំនង​របស់​យើង​គឺ​វិជ្ជមាន​សម្បើម។​

VOA៖ តើរដ្ឋបាល​លោក ​ដូណាល់ ត្រាំ ​មាន​ទស្សន​វិស័យ​យ៉ាងណា​ចំពោះ​តំបន់​អាស៊ី​អាគ្នេយ៍?

Jane Bocklage៖ ស​ហ​រដ្ឋ​អាមេរិក​ចាប់​អាម្មរណ៍​ខ្លាំង​លើ​ការ​ទាក់ទង​នឹង​បណ្តា​ប្រទេស​ទាំង​អស់​ក្នុង​តំបន់​នេះ។ ​សម្លឹង​មើល​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំង​មូល លោក​ប្រធានាធិបតី ​ត្រាំ ​និង​រដ្ឋបាល​របស់​លោក ​បាន​ប្រកាន់​យក​ទស្សនៈ​ទូលំ​ទូលាយ​កាន់តែ​ខ្លាំង​ទៀត​លើ​តំបន់​នេះ​គឺជាង​រដ្ឋបាល​មុនៗ ​ហើយ​យើង​ចង់​រួម​បញ្ចូល​ដៃ​គូ​ខ្លះ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ​នៅ​ក្នុង​ការ​យក​ចិត្ត​ទុកដាក់​លើ​តំបន់​[អាស៊ី​ប៉ាស៊ីហ្វិក]​ទាំង​មូល​នោះ។​

ខ្ញុំ​ចង់​បន្ថែម​ថា ​គោល​គំនិត​របស់​យើង​នៅ​ក្នុង​តំបន់​នេះ​គឺ​មាន​ភាព​បើក​ទូលំ​ទូលាយ។ ​យើង​មិន​មាន​បំណង​រារាំង​ភាគី​ណា​មួយ ​ដោយ​ងាក​ទៅ​ផ្តោត​តែ​លើ​យុទ្ធសាស្ត្រ​ឥណ្ឌូ-ប៉ាស៊ីហ្វិក​តែ​ម្យ៉ាង​នោះ​ទេ ​ហើយ​ជាក់​ស្តែង ​យើង​រួម​បញ្ចូល​ភាគី​ទាំង​អស់​រួម​គ្នា។ ​យើង​ចង់​ចាប់​ដៃ​គូ​ជាមួយ​នឹង​គ្រប់​បណ្តា​ប្រទេស​ទាំង​អស់។ ​យើង​យល់​ថា ​យើង​មាន​ឱកាស​កាន់តែ​ច្រើន​ឡើង​ក្នុង​ការ​ទាក់​ទង​ជាមួយ​នឹង​តំបន់​នេះ។

VOA៖ ​អាស៊ាន​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​ត្រង់​របៀប​គោល​ការណ៍​អាស៊ាន ​(ASEAN ​Ways) ​ដែល​រួម​មាន​ការ​សម្រេច​ចិត្ត​ប្រើ​រូបមន្ត​កុងសង់ស៊ីស ​(ឯកច្ឆ័ន្ធ​ភាព) ​និង​ការ​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង។​ តើ​សហ​រដ្ឋ​អាមេរិក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​រូប​មន្ត​ដឹក​នាំ​បែប​អាស៊ាន​នេះ?

Jane Bocklage៖ ​យើង​គិត​ថា ​គោល​ការណ៍​កុងសង់ស៊ីស​របស់​អាស៊ាន​គឺ​សំខាន់​សម្រាប់​សមាគម​អាស៊ាន​មួយ​នេះ។​ វា​គឺជា​សេចក្តី​សម្រេច​ចិត្ត​របស់​អាស៊ាន​ខ្លួន​ឯង​ផ្ទាល់។ ​ហើយ​អាស៊ាន​បាន​សម្រេច​យក​គោល​ការណ៍​កុងសង់ស៊ីស។ ​យើង​គោរព​គោល​ការណ៍​កុងសង់ស៊ីស។ ​នេះ​គឺជា​ជម្រើស​របស់​អាស៊ាន ​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​ខ្លួន។

រូបឯកសារ៖ ប៉ូលិស​ខ្មែរ​ម្នាក់ ឈរ​មើល​រថយន្ត​ក្រុង​ដែល​ឧបត្ថម្ភ​ដោយ​ប្រទេស​ចិន​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៧។
រូបឯកសារ៖ ប៉ូលិស​ខ្មែរ​ម្នាក់ ឈរ​មើល​រថយន្ត​ក្រុង​ដែល​ឧបត្ថម្ភ​ដោយ​ប្រទេស​ចិន​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៧។

VOA៖ និយាយ​ដល់​បញ្ហា​ប្រជា​ធិបតេយ្យ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​វិញ ​មាន​បណ្ដា​ប្រទេស​ជា​ច្រើន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​បាន​ដើរ​ឃ្លាត​ចាក​ពី​គន្លង​ប្រជា​ធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស។​ តើ​អាមេរិក​នៅ​មាន​ការ​តាំង​ចិត្ត​កម្រិត​ណា​ដែរ​ចំពោះ​បញ្ហា​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​តំបន់​នេះ?​

Jane Bocklage៖​ ខ្ញុំ​សូម​និយាយ​ថា ​គោល​ជំហរ​របស់​សហ​រដ្ឋ​អាមេរិក​លើ​តម្លៃ​ប្រជា​ធិបតេយ្យ​ត្រូវ​បាន​ដឹង​ ឮ​យ៉ាង​ទូលំ​ទូលាយ។ ​យើង​នឹង​នៅតែ​លើក​កម្ពស់​តម្លៃ​ទាំង​អស់​នេះ ​ដែល​យើង​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា។​ ភាគី​ដទៃ​អាច​នឹង​មិន​យល់​ស្រប​ជាមួយ​យើង​រហូត​នោះ​ទេ ​ប៉ុន្តែ​យើង​នឹង​បន្ត​និយាយ​អំពី​រឿងរ៉ាវ​ដែល​យើង​ត្រូវតែ​និយាយ ​និង​បង្ហាញ​ភាព​ស្មោះត្រង់​ចំពោះ​គោល​ជំហរ​របស់​យើង​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់​នេះ។​

VOA៖​ តើ​អ្វី​ទៅ​ជា​បញ្ហា​ប្រឈម​នៃ​ទំនាក់​ទំង​រវាង​អាមេរិក ​និង​អាស៊ាន​ ខណៈ​ដែល​ប្រទេស​ចិន​កំពុង​តែ​កើន​ឥទ្ធិពល​របស់​ខ្លួន ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ​រួម​ទាំង​ប្រទេស​កម្ពុជា? ​តើ​ការណ៍​នេះ​ជា​ក្តី​បារម្ភ​របស់​សហ​រដ្ឋ​អាមេរិក​ដែរ​ឬ​ទេ?​

Jane Bocklage៖ ​ចិន​គឺជា​ដៃគូ​ពី​ធម្មជាតិ​របស់​ប្រទេស​ជា​ច្រើន​នៃ​សមាជិក​អាស៊ាន​ ទាំង​ទំនាក់​ទំនង​សេដ្ឋកិច្ច ​ប្រវត្តិសាស្ត្រ ​ហើយ​នេះ​គឺជា​រឿង​ត្រឹមត្រូវ។ ​សហ​រដ្ឋ​អាមេរិក​មិន​មែន​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ចិនដើម្បី​ទាក់​ទាញ​ក្តី​ស្រឡាញ់​ពី​អាស៊ាន​នោះទេ។ ​អាស៊ាន​គឺជា​តំបន់​ដែល​កំពុង​អភិវឌ្ឍ ​រីក​លូត​លាស់។​

ហើយ​ទាំង​អស់​គ្នា​មាន​តួនាទី​ក្នុង​រឿង​អភិវឌ្ឍ​[របស់​តំបន់នេះ]។ ​ដូច្នេះ ​យើង​មិន​ចាត់​ទុក​ឥទ្ធិពល​របស់​ចិន ​ឬ​ក៏​កំណើន​សេដ្ឋកិច្ច​របស់​ចិន​ជា​រឿង​អវិជ្ជមាន​នោះ​ទេ។ ​យើង​មាន​ការ​យល់​ឃើញ​ខុសគ្នា​ខ្លះៗ​ជាមួយ​នឹង​ចិន។ ​ហើយ​ការណ៍​នេះ​គឺ​ជា​រឿង​ធម្មតា ​ជាពិសេស​ទាក់​ទង​និង​វិធីសាស្ត្រ​ដែល​យើង​គិត​ថា ​ជា​អនុសាសន៍ល្អ​មួយសម្រាប់​តំបន់​ [អាស៊ាន]​ ជានិច្ចកាល។ ​ក៏​ប៉ុន្តែ ​យើង​មិន​ប្រឆាំងទៅ​នឹង​ទំនាក់​ទំនង​ដែល​ចិន​មាន​ជាមួយ​អាស៊ាន​នោះ​ទេ។ ​នេះ​មិនមែន​ជា​បញ្ហា​នោះ​ទេ។ ​

ច្បាស់​ណាស់ ​មាន​បញ្ហា​ប្រឈម​អំពី​ការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ ដែល​ជា​បញ្ហា​ចម្បង​មួយ​សម្រាប់​ប្រទេស​ជា​សមាជិក​អាស៊ាន។ ​ហើយ​យើង​បាន​ពិភាក្សា​គ្នា​យ៉ាង​ស៊ី​ជម្រៅ​អំពី​វិធី​សាស្ត្រ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។​ ទាំង​នេះ​គឺជា​កត្តា​ប្រឈម។ ​ខ្ញុំ​គិត​ថា ​យើង​មិន​មាន​បញ្ហា​ប្រឈម​ណាមួយ​ទាក់ទង​នឹង​ទំនាក់​ទំនង​របស់​យើង​ជាមួយ​អាស៊ាន​នោះ​ទេ។ ​ជាក់ស្តែង ​ទាំង​សហ​រដ្ឋ​អាមេរិក ​និង​អាស៊ានមាន​បញ្ហា​ប្រឈម​ច្រើន​ដែល​ភាគី​ទាំង​ពីរ​ត្រូវ​ដោះ​ស្រាយ​រួម​គ្នា។

រូបឯកសារ៖ អ្នកគាំទ្រ​លោក កឹម សុខា ដែល​ជា​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមូល​ផ្តុំគ្នា​នៅ​ក្បែរ​សាលា​ឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ សុំ​ឲ្យ​មានការ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ នៅ​ថ្ងៃ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
រូបឯកសារ៖ អ្នកគាំទ្រ​លោក កឹម សុខា ដែល​ជា​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមូល​ផ្តុំគ្នា​នៅ​ក្បែរ​សាលា​ឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ សុំ​ឲ្យ​មានការ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ នៅ​ថ្ងៃ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧។

VOA៖ ​តើ​លោក​ស្រី​យល់​ថា ​ការណ៍​ដែល​ប្រទេស​អាស៊ាន​ងាក​ទៅ​រក​ចិន​កាន់តែ​ខ្លាំង​នោះជា​បញ្ហា​សម្រាប់សហ​រដ្ឋ​អាមេរិក​ដែរ ​ឬ​ទេ?​

Jane Bocklage៖ ​ប្រទេស​ជា​សមាជិក​អាស៊ាន​មាន​ទំនាក់​ទំនង​រៀងៗ​ខ្លួន​ជាមួយ​ចិន។ ​តួនាទី​របស់​យើង​[សហរដ្ឋ​អាមេរិក] ​គឺ​មិន​មែន​ទៅ​បញ្ជា​ គ្រប់គ្រង​ទំនាក់​ទំនង​រវាង​អាស៊ាន​ និង​ចិន​នោះ​ទេ។​

បើ​សិន​ជា​ចិន​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ទៅ​លើ​ប្រទេស​ណា​មួយ​ ជា​ប្រទេស​ណា​មួយ​ផ្សេង​ទៀត ​នោះ​យើង​មិន​មែន​ទៅ​ប្រកួត​ប្រជែង​ដើម្បី​ឥទ្ធិពល​នោះ​ទេ។​ យើង​មើល​ឃើញ​ថា ​ទំនាក់​ទំនង​របស់​យើង​ជាមួយ​នឹង​តំបន់​នេះ​កំពុង​តែ​រីក​លូតលាស់​ និង​រុងរឿង​ ហើយ​ការ​រីក​លូត​លាស់​នេះ​គឺ​មាន​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ទំនាក់​ទំនង​របស់​យើង។​

VOA៖ ​គេ​បាន​ឮ​ជា​ញឹកញាប់​អំពី​ការ​ប្រើ​ប្រាស់​វាក្យ​ស័ព្ទ​ «ឥណ្ឌូប៉ាស៊ីហ្វិក»​ ចាប់​តាំងពី​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធានាធិបតី ​ដូណាល់ ​ត្រាំ​ជា​លើក​ដំបូង​មក​កាន់​តំបន់​អាស៊ី​កាល​ពី​ខែ​វិច្ឆិកា។​ តើ​សហ​រដ្ឋ​អាមេរិក​មាន​ទស្សនៈ​ការ​ប្រើ​ប្រាស់​យ៉ាង​ណា​សម្រាប់​វាក្យ​ស័ព្ទ​ថ្មី​នេះ?

Jane Bocklage៖ ​បើ​យើង​គិត​ពី​ទីតាំង​ភូមិសាស្ត្រ​នៃ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​នេះ​វិញ ហើយពេល​ដែល​យើង​ទើប​ចាប់​ផ្តើម​មើល​តំបន់​នេះ​ដោយ​ផ្អែក​តាម​យុទ្ធ​សាស្ត្រ​ពី​មុន ​យើង​បាន​មើល​លើ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ​ហើយ​ទំនាក់​ទំនង​រវាង​ឥណ្ឌា​ និង​តំបន់​អាស៊ី​អាគ្នេយ៍​គឺ​ជា​ការ​ចាប់​អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​ទំនាក់​ទំនង​របស់​យើង​នៅ​ក្នុង​តំបន់​អាស៊ី​មិន​បញ្ចប់​ត្រឹម​ប្រទេស​មីយ៉ាន់ម៉ា ​និង​សមុទ្រ​ Andaman ​នោះ​ទេ។​

ហើយ​នេះ​គឺជា​ទស្សនៈ​របស់​យើង​ នៅពេល​ដែល​យើង​ពិចារណា​ចាប់​ដៃ​គូ​ជា​មួយ​នឹង​ដៃគូ​ផ្សេងៗ​បន្ថែម​ទៀត។ ​ដូច្នេះ ​យុទ្ធសាស្ត្រ​ឥណ្ឌូ-​ប៉ាស៊ីហ្វិក​គឺ​ពិតជា​ផ្តោត​លើ​ការ​ចាប់ដៃគូ​បន្ថែម​ទៀត​ ដោយ​សម្លឹង​មើល​ទៅ​លើ​ប្រព័ន្ធ​សន្តិសុខ​ក្នុង​តំបន់​របស់​យើង​ជាមួយ​នឹង​បណ្តា​ភាគី​អាស៊ាន​ជា​គោល។​

[យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក]​ គឺ​ផ្តោត​លើ​វិស័យ​បី​ធំៗ។ ​ទីមួយ​គឺ​ការ​ដោះ​ស្រាយ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់។ ​ទីពីរ​គឺ​ការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច ​និង​ទីបី​គឺ​ផ្តោត​លើ​គោល​គំនិត​នៃ​សន្តិសុខ​ដែល​ផ្អែក​លើ​ប្រព័ន្ធ​ច្បាប់ ​អភិបាលកិច្ច​ល្អ ​និង​តម្លៃ​ប្រជា​ធិបតេយ្យ ​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត។

រូបឯកសារ៖ អ្នកនេសាទ​នៅ​លើ​ទូក​តូច​មួយ បើក​ក្បែរ​នាវា​ចម្បាំង ​USS Carl Vinson ដែល​ចត​នៅ​ទីក្រុង​ម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៨។
រូបឯកសារ៖ អ្នកនេសាទ​នៅ​លើ​ទូក​តូច​មួយ បើក​ក្បែរ​នាវា​ចម្បាំង ​USS Carl Vinson ដែល​ចត​នៅ​ទីក្រុង​ម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៨។

VOA៖​ ថ្មីៗ​នេះ ​មាន​សេចក្ដី​រាយ​ការណ៍​មក​ថា ​បណ្ដា​ប្រទេស​ធំៗ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ​រួមមាន​សហ​រដ្ឋ​អាមេរិក ​ជប៉ុន ​អូស្ត្រាលី ​និង​ឥណ្ឌា​បាន​មូល​មតិ​គ្នា​រៀប​ចំ​គំនិត​ផ្ដួច​ផ្ដើម​មួយ​ស្រដៀង​នឹង​គំនិត​ផ្ដួច​ផ្ដើម​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​របស់​ចិន។ ​តើ​នេះ​ជា​ការ​ដាក់ឱ្យ​ប្រកួត​ប្រជែង​គ្នា​មែន​ទេ?​

Jane Bocklage៖ ​ពាក់ព័ន្ធ​នឹង​ជម្រើស​ក្រៅ​ពី​ចិន ​វិស័យ​អាទិភាព​ចម្បង​គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ដែល​យើង​យក​ចិត្ត​ទុកដាក់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ​ហើយ​ដែល​ភាគី​អាស៊ាន​បាន​ប្រាប់​យើង​ជា​រឿយៗ។​ សមិទ្ធផល​មួយ​ចំនួន​បាន​បំពេញ​គ្រប់​គ្រាន់​ទៅ​ហើយ​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ភាព​ផ្សារ​ភ្ជាប់​គ្នា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ​ហេតុដូច្នេះ​យើង​មិន​ចាំបាច់​ដើរ​តួ​ជា​ជម្រើស​មួយ​ទៀត​ ក្រៅ​ពី​ចិន​នោះ​ទេ។​

នៅ​តំបន់​នេះ ​យើង​អាច​ចែកតួនាទី​គ្នាជាមួយ​នឹង​ចិន ​និង​ដៃគូ​ផ្សេងៗ​ទៀត​ ដែល​ចាប់​អារម្មណ៍។ ​ជប៉ុន​ក៏​កាន់តែ​មាន​ទំនាក់​ទំនង​ខ្លាំង​នៅ​ក្នុង​តំបន់​នេះ។ ​អូស្ត្រាលី ក៏​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការ​ជួយ​ឲ្យ​តំបន់​អាស៊ី​អាគ្នេយ៍​សម្រេច​គោល​ដៅ​របស់​ខ្លួន​ ដែល​ផ្តោត​លើ​សេដ្ឋកិច្ច​រួម​គ្នា ​និង​ភាព​ផ្សារ​ភ្ជាប់​គ្នា។​

ដូច្នេះ ​យើង​មិន​យល់​ថា ​ការណ៍​នេះ​គឺជា​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​ចិន​នោះ​ទេ។ ​យើង​មើល​ឃើញ​ថា ​យើង​មាន​តួនាទី​ផ្តល់​ជា​ជម្រើស​មួយ​ដល់​ប្រទេស​ផ្សេងៗ​ទៀត ​ដែល​កំពុង​ស្វែង​រក​ជំនាញ ​ការ​វិនិយោគ​ទុន ​និងជំនួយ​ និង​អនុសាសន៍ល្អៗ ​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ។​

VOA៖ ​ឥឡូវ​នេះ ​នាវា​ពិឃាត ​USS Carl Vinson​ កំពុង​តាំងទី​សំចត​នៅ​ឆ្នេរ​ប្រទេស​វៀតណាម ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ជា​ប្រវត្តិ​សាស្ត្រ​ដល់​ទឹកដី​ជា​គូ​សត្រូវ​ពី​សម័យ​សង្គ្រាម​ឥណ្ឌូ​ចិន។ ​តែ​នាវា​នេះ​ក៏​បាន​ជិះ​កាត់​ផ្ទៃ​សមុទ្រចិន​ខាង​ត្បូង​ដែល​កំពុង​មាន​ជម្លោះ​ដែរ។​ តើ​រដ្ឋ​អំណាច​អាមេរិក​យល់​ថា​ ការណ៍​នេះ​នឹង​នាំឱ្យ​ភាព​តាន​តឹងកើន​ឡើងដែរ​ឬ​ទេ?​

Jane Bocklage៖ ​ខ្ញុំ​យល់​ថា ​គោល​ជំហរ​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​គឺ​ត្រូវបាន​ដឹង​ឮយ៉ាង​ទូលំ​ទូលាយ។ ​យើង​មិន​កាន់​ជើង​ប្រទេស​ណាមួយ ​ដែល​ទាមទារ​សិទ្ធិ​កាន់កាប់​លើ​តំបន់​សមុទ្រ​នេះ​ទេ។ ​ការ​ទាម​ទារ​កាន់កាប់​សមុទ្រ​ចិន​ខាង​ត្បូងគឺជា​លទ្ធផល​នៃ​ការ​ទាមទារ​របស់​ប្រទេស​ទាំង​នោះ​រៀងៗ​ខ្លួន ​ដោយ​ផ្អែក​ទៅ​លើ​ច្បាប់​អន្តរជាតិ។​

VOA៖ ​សេតវិមាន​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​បាន​ចេញ​នូវ​សៀវភៅ​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ ​កាលពី​ខែ​ធ្នូ​ ដែល​បាន​កំណត់​ថា​ ប្រទេស​ចិន​ និង​ប្រទេស​រុស្ស៊ីជា​ឧបសគ្គ​ប្រឈម​ដល់​ស្ថិរភាព​សន្តិសុខ​របស់​សហ​រដ្ឋ​អាមេរិក។​ ក្នុង​បរិបទ​នេះ ​តើ​អាមេរិក​មាន​ការ​ក្រែង​បារម្ភ​អំពី​លទ្ធភាព​នៃ​ការ​គំរាម​កំហែង​ពី​សំណាក់​អានុភាព​យោធា​របស់​ចិន​ទៅ​ដល់​ខ្លួន និង​តំបន់​អាស៊ី​អាគ្នេយ៍​ដែរ​ឬ​ទេ?​

Jane Bocklage៖ ​ទស្សនៈ​របស់​យើង​ទាក់​ទង​នឹង​បញ្ហា​នេះ​គឺ​ថា ​យើង​ជា​ដៃគូ​ជាមួយ​នឹង​ចិន​លើ​បញ្ហា​ជា​ច្រើន ​ហើយ​យើង​ក៏​ជា​ដៃគូ​របស់​អាស៊ានលើ​បញ្ហា​ជា​ច្រើន​ផង​ដែរ។​ យើង​នឹង​បន្ត​កិច្ច​ពិភាក្សា​ពី​អនុសាសន៍ល្អ​ប្រសើរ​បំផុត ​ក្នុង​ការ​ធ្វើ​កិច្ចការ​ទាំង​អស់​នេះ។ ​ក៏​ប៉ុន្តែ ​ពាក់ព័ន្ធ​នឹង​កត្តា​ប្រឈម​មួយ​ចំនួន​ដែល​យើង​អាច​មាន​ មិន​ថា​ជាមួយរុស្ស៊ី ​ឬ ចិនទេ​ បញ្ហា​នេះ​នឹង​កើត​ឡើង។ ​យើង​នឹង​ជួប​តទល់​គ្នា។ ​ប៉ុន្តែ​យើង​នឹង​បន្ត​ពិភាក្សា​គ្នា​ដើម្បី​រក​ដំណោះ​ស្រាយ។

VOA៖ ​ចំពោះ​បញ្ហា​ពាណិជ្ជ​កម្ម​វិញ ​រដ្ឋបាល​លោក ​ត្រាំ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មិន​សូវ​និយម​ចូលចិត្ត​ពាណិជ្ជ​កម្មសេរី​ទេ ​លោក​បាន​ដក​សហ​រដ្ឋ​អាមេរិក​ចេញ​ពី​ ភាព​ជា​ដៃគូ​ឆ្លង​មហា​សាគរ​ប៉ាស៊ីហ្វិក ​(TPP) ​ជាដើម។ ​តើ​ការណ៍​នេះ​នាំឱ្យ​បង្ក​ផល​ពិបាក​ដល់​ទំនាក់​ទំនង​អាស៊ាន​អាមេរិក​ដែរ​ឬ​ទេ?​

Jane Bocklage៖ ​ខ្ញុំ​គិត​ថា ​ទំនាក់​ទំនង​សេដ្ឋកិច្ច​នឹង​ប៉ះពាល់​ដល់​ទំនាក់​ទំនង​របស់​យើង​ជាមួយ​អាស៊ាន។ ​ខ្ញុំ​នៅតែ​មាន​សុទិដ្ឋិនិយម។​ ទំនាក់​ទំនង​សេដ្ឋ​កិច្ច​របស់​យើង​ជាមួយ​អាស៊ាន​គឺ​ស៊ី​ជម្រៅ​ណាស់ ​ហើយ​ធ្វើ​ឡើង​ក្នុង​រូបភាព​ច្រើន​បែប។ ​យើង​បាន​និយាយ​គ្នា​មុន​នេះ​បន្តិច​អំពី​ការ​វិនិយោគទុន​របស់​អាមេរិក​នៅ​ក្នុង​តំបន់ ​ក៏ដូច​ជា​កិច្ចការ​មួយ​ចំនួន ​ដែល​យើង​នឹង​ធ្វើ​ជាមួយ​អាស៊ាន ​ដូចជា​ច្រក​ចេញ​ចូល​តែមួយ​របស់​អាស៊ាន ​ប្រព័ន្ធ​ត្រួត​ពិនិត្យ ​សេដ្ឋកិច្ច​ គោល​នយោបាយ​ថាមពល ​ការ​ច្នៃ​ប្រឌិត​ថ្មី ​និង​សហគ្រាស។​

VOA៖ ​តើវិ​បត្តិ​នៅ​ឧប​ទ្វីប​កូរ៉េ​ប៉ះពាល់​យ៉ាង​ដូច​ម្ដេច​ដែរ​ដល់​អាស៊ាន?

Jane Bocklage៖ ​អាស៊ាន​ត្រូវ​បាន​គំរាម​កំហែង​ដោយ​សារ​បញ្ហា​កូរ៉េ​ខាង​ជើង។​ អ្វី​ដែល​សហ​រដ្ឋ​អាមេរិក​យល់​ថា​ ជា​បញ្ហា​ប្រឈម​ដល់​អាស៊ាន ​ដូច​ដែល​យើង​បាន​ឃើញ​នោះ​ ជា​អកុសល​ គឺ​ការ​ធ្វើ​ឃាត​ជនជាតិ​កូរ៉េ​ខាង​ជើង​នៅ​អាកាសយាន​ដ្ឋាន​កូឡាឡាំពួរ។​ ហើយ​បញ្ហា​នេះ​គឺ​ជា​រឿង​មួយ​ដែល​គ្រប់​គ្នា​ភ្ញាក់ផ្អើល ​ដែល​ឃើញ​ថា​ របប​គ្រប់គ្រង​របស់​កូរ៉េ​ខាង​ជើង​គឺ​ពិតជា​ហ៊ាន​ខ្លាំង​ណាស់។​ ហើយ​អាស៊ាន​ប្រហែល​ជា​ភ្ញាក់​ផ្អើល​បន្តិច​ដែរ។​

ដូច្នេះ ​យើង​កំពុង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ។ ​ច្បាស់ណាស់​ យើង​ប្រឈម​នឹង​ការ​គំរាម​កំហែង​ ខណៈ​ពេល​ដែលគ្រាប់​មីស៊ីល​ ដែល​កូរ៉េ​ខាង​ជើង​បាន​ផលិត​ឡើង​ មាន​សមត្ថភាព​បាញ់​បាន​ឆ្ងាយ។​ កូរ៉េ​ខាង​ជើង​បាន​អួត​ថា​ គ្រាប់​មីស៊ីល​នោះ​អាច​បាញ់​មក​ដល់​សហ​រដ្ឋ​អាមេរិក។ ​បើ​សិន​ជា​គ្រាប់​មីស៊ីល​នោះ​អាច​បាញ់​ដល់​អាមេរិក ​នោះ​វា​ក៏​អាច​ទៅ​ដល់​អាស៊ី​អាគ្នេយ៍​ដែរ។ ​ហើយ​អស្ថិរភាព​នៅ​តំបន់​កូរ៉េ​ខាង​ជើង ​និង​កូរ៉េ​ខាង​ត្បូង​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​យើង​ទាំង​គ្នា​នោះ​ទេ។​ ដូច្នេះ ​យើង​នឹង​បន្ត​កិច្ច​ខំ​ប្រឹង​ប្រែង​ធ្វើការ​ជាមួយ​នឹង​ដៃគូ​អាស៊ាន​របស់​យើង​អំពី​បញ្ហា​នេះ៕

XS
SM
MD
LG