ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍៖ «សហគ្រិនផលិតអំបិលធម្មជាតិមានសុទិដ្ឋិនិយមចំពោះការផលិតអំបិលក្នុងឆ្នាំនេះ»


កញ្ញា​ថូង ធីតា​ គឺ​ជា​សហគ្រិន​ផលិត​អំបិល​ធម្មជាតិនៃ​សហគ្រាស​​ផលិត​អំបិល​ធម្មជាតិ​នៅ​ខេត្ត​កំពត Thaung Enterprise និង​ជា​ម្ចាស់​ពានរង្វាន់​សហគ្រិនវ័យ​​ក្មេង​កម្ពុជា។
កញ្ញា​ថូង ធីតា​ គឺ​ជា​សហគ្រិន​ផលិត​អំបិល​ធម្មជាតិនៃ​សហគ្រាស​​ផលិត​អំបិល​ធម្មជាតិ​នៅ​ខេត្ត​កំពត Thaung Enterprise និង​ជា​ម្ចាស់​ពានរង្វាន់​សហគ្រិនវ័យ​​ក្មេង​កម្ពុជា។

កំណត់និពន្ធ៖ សហគ្រិនស្រ្តីឆ្នើម ​កញ្ញាថូង ធីតា​ នៃ​សហគ្រាសផលិត​អំបិល​ធម្មជាតិ​ ក្នុង​ខេត្ត​កំពត ថូង​ អ៊ិនធឺប្រៃស៍(Thaung Enterprise) និង​ម្ចាស់​ពានរង្វាន់​សហគ្រិនវ័យក្មេង​កម្ពុជា កាល​ពី​ឆ្នាំ​២០១៨​ មាន​សុទិដ្ឋិនិយមថា​អាច​នឹង​ប្រមូល​ផល​អំបិល​បាន​ច្រើននៅ​ក្នុង​ឆ្នាំ​ ២០១៩ នេះដោយសារ​អាកាសធាតុ​ហាក់​ដូចជា​អំណោយ​ផល​ខ្លាំង​ជាង​ឆ្នាំ​ទៅ​មិញ។​ ​ សហគ្រិន​ផលិត​អំបិល​ធម្មជាតិឆ្នើមរូប​នេះ​បាន​ផ្តល់​កិច្ច​សម្ភាសន៍ផ្ទាល់​ជា​មួយ​ VOA​ ​ពិភាក្សា​លម្អិត​ពី​ផលិត​ផល​អំបិល​ធម្មជាតិ​របស់កម្ពុជា​ និង​ការ​ប្រឈម​របស់​សហគ្រាស​ផលិត​អំបិល​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​កំពត។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA៖ ច៎ា សូម​ជម្រាប​សួរ​កញ្ញា ថូង​ ធីតា ម្ចាស់​សហគ្រាស​ផលិត​អំបិល​ធម្មជាតិ​នៅ​ខេត្ត​កំពត​ដែល​មាន​ឈ្មោះថា ថូង​ អ៊ិនធឺប្រៃស៍(Thaung Enterprise)។ ច៎ា អ៊ីចឹង​កញ្ញា អាច​ជួយ​រៀបរាប់​ត្រួសៗ​បាន​ទេអំពី​សហគ្រាស​ផលិត​អំបិល​របស់​កញ្ញា​ ហើយ​ជារៀងរាល់ខែ​តើ​សហគ្រាស​អាច​ផលិត​អំបិលដាក់លក់​នៅទីផ្សារបាន​ប៉ុន្មាន?

ថូង​ ធីតា៖​ ចា៎ អរគុណមែនទេ។ ជាក់ស្តែង​សហគ្រាស​ ថូង​ អ៊ិនធឺប្រៃស៍​ របស់​នាង​ខ្ញុំ​គឺ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុងឆ្នាំ​២០១៦ ដែល​បើគិត​ទៅ​មកពេល​បច្ចុប្បន្ន​នេះ​វាគិត​ទៅ​ប្រហែល​ពីរ​ឆ្នាំ​ហើយ ដែលសហគ្រាស​របស់​នាងខ្ញុំ​ហ្នឹង​គឺ​ផ្តើមចេញ​ពី​ការ​បម្លែង​ខ្លួន ចេញ​ពី​គេហៅ​ថា​អាជីវកម្មបែប​គ្រួសារ​ មកធ្វើ​ជា​សហគ្រាស​មួយ​គេហៅ​ថា​សហគ្រាស​ធុនតូច និង​មធ្យម​មួយ​ក្នុង​ការ​ផលិត​អំបិល​មួយដែល​ប្រកប​ដោយ​អនាម័យ​និង​ស្តង់ដារ​មួយ​ដែល​យើង​ធ្វើការ​ប្រកួត​ប្រជែង​ទាំង​ទីផ្សារថ្នាក់​ជាតិ​និង​អន្តរជាតិ។ ហើយ​សម្រាប់​ការ​ផលិត​របស់ ថូង អ៊ិនធឺប្រៃស៍​គឺ​យើង​ផលិត​នូវ​អំបិល​មួយ​ ដោយ​យើង​យកការ​ផលិត​អំបិល​បែប​ធម្មជាតិ​មកធ្វើការ​ច្នៃ មាន​ន័យ​ថា​មក​លាង​សម្អាត មក​ធ្វើ​ការ​រើស​សម្អាត​ មកធ្វើការ​វេច​ខ្ចប់​មួយ​ដែល​មាន​អនាម័យ​និងស្តង់ដារមួយ​សម្រាប់ការ​ផ្គត់​ផ្គង់​នៅ​ថ្នាក់​ជាតិ​និង​អន្តរជាតិ។

ជាទូទៅ​ សម្រាប់ជា​មធ្យម​យើង​អាច​ផលិត​នូវ​អំបិល​ក្រួស​ប្រហែល​ជា​បាន​ពី​៣ពាន់​តោន​ទៅ​ប្រាំពាន់តោនក្នុង​មួយ​ឆ្នាំ ដោយសារតែ​យើង​មាន​ស្រែ​អំបិល​ផ្ទាល់ខ្លួន​យើង​ហើយក៏​យើង​ធ្វើកា​រជាមួយ​កសិករ​នៅ​ជុំវិញ​ខ្លួន​ហ្នឹង​ផងដែរ។​ ហើយ​ការ​ធ្វើ​អាជីវកម្ម​នេះ​យើងចាប់ផ្តើម Project (គម្រោង) ដំបូង​គឺយើង​ធ្វើការ​ចាប់​ផ្តើម​នៅ​តំបន់​មណ្ឌល​ត្រើយ​កោះ​ដែល​ជា​តំបន់​ផលិត​អំបិល​ល្អ​ជាងគេ​នៅ​ក្នុង​រវាង​ខេត្ត​កំពត​និង​កែប​យើង​ផង​ដែរ។

VOA៖ រវាង​ឆ្នាំ​២០១៧​និង​ឆ្នាំ​២០១៨​តើ​វា​មាន​ការ​កើនឡើង​ឬ​ក៏​ថយចុះ?

ថូង​ ធីតា៖​ ការ​ផលិតអំបិល​នៅ​ក្នុងឆ្នាំ​២០១៧ និង​២០១៨ នេះ​គឺ​យើង​ឃើញ​មានការប្រែប្រួល​បន្តិច​ដោយសារ​តែ​ឆ្នាំ​២០១៧ គឺ​យើងធ្វើផលិត​បាន​ច្រើន​ទៅ​តាម​ទំហំ​ដី​ស្រែក៏ដូចជា​លទ្ធភាព​ដែល​យើង​ផលិតជា​រៀង​រាល់ឆ្នាំ។ ប៉ុន្តែ​សម្រាប់២០១៨ នេះ​វា​មាន​បញ្ហា​មួយ​ចំនួន​ដោយសារ ​អាកាស​ធាតុ​ប្រែ​ប្រួល​ វា​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ការ​ផលិត​សម្រាប់​ឆ្នាំ​២០១៨​ទាំង​មូល​តែ​ម្តង។ និយាយ​ទៅ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ដែល​ធ្វើ​ឲ្យ​ប្រជាកសិករ​យើង​ជាពិសេស​ខាង​ ថូង អ៊ិនធឺប្រៃស៍​ ក៏​ពិបាក​ផលិត​នូវ​អំបិល​ធម្មជាតិ​ដែរ។​ ប៉ុន្តែ​យើង​នៅ​មាន​ស្តុក​មួយ​ចំនួន​ពី​ឆ្នាំ​២០១៧ ដែល​យើង​អាច​ធ្វើ​ការ​ផ្គត់​ផ្គង់​នៅ​ក្នុង​ទីផ្សារ​បាន។

VOA៖ អ៊ីចឹង​ សម្រាប់​ឆ្នាំ​២០១៩ នេះ​តើកញ្ញា​មាន​ដំណោះស្រាយ​យ៉ាង​ណា​ដើម្បី​ផ្គត់​ផ្គង់តម្រូវ​ការ​ទីផ្សារ?

ថូង​ ធីតា៖​ ច៎ា ការ​ពិតដោយសារ​ការ​ចាប់​ផ្តើម​ឆ្នាំ​២០១៩​ នេះ​យើង​ធ្វើការ​ផលិត​ហើយ​តាំង​ពី​ខែ​០៩ខែ១០ ហើយ​ខែ​ដែល​យើង​អាច​ប្រមូល​ផល​បាន​គឺ​ចាប់​ផ្តើម​ពី​ខែ០​១​នេះ​ទៅ​ ទៅដល់​ខែ​០៤ ហើយ​ឥឡូវ​នេះ​យើង​ឃើញ​អាកាស​ធាតុ​ដូច​ជា​អំណោយ​ផល​ មាន​ន័យ​ថា​សង្ឃឹម​ថា​យើង​នឹង​អាច​ប្រមូល​បាន​ទៅ​តាម​ទំហំ​ឬ​ក៏​ ទៅ​តាម​ចំនួន​ដែល​យើង​កំណត់​ថា​តើ​ឆ្នាំ​នេះ​យើង​នឹង​ផលិត​បានប៉ុន្មាន​តោន​ដើម្បីផ្គត់​ផ្គង់​ទីផ្សារ​នៅ​ក្នុង​ស្រុក​ផង​ដែរ​សម្រាប់​សហគ្រាស​ ថូង អ៊ីនធឺប្រៃស៏​របស់​យើង​។

VOA៖ តើអំបិល​ធម្មជាតិ​និង​អំបិល​ឧស្សាហកម្ម​ហ្នឹង​វា​មាន​ភាព​ខុស​គ្នា​យ៉ាង​ណា​ខ្លះ?

ថូង​ ធីតា៖​ វា​ខុសប្លែក​ជាមួយ​នឹង​អំបិល​គេហៅ​ថា​អំបិល​រោងចក្រ ឬ​អំបិល​កែច្នៃ ដោយសារ​អំបិល​ធម្មជាតិ​របស់​យើង​ទាំង​អស់មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន​មែន​ទែន​រហូត​ដល់៨០​មុខជា​ង ដែល​សារធាតុ​ចិញ្ចឹម​ទាំង​អស់​គឺផ្តល់​សារ​សំខាន់​មែន​ទែន​សម្រាប់​សារពាង្គកាយ​ក៏​ដូចជា​កោសិកា​ផ្សេង​ៗដែល​សារពាង្គកាយ​របស់​យើង​ត្រូវ​ការ​ចាំ​បាច់​ជា​ប្រចាំ។ ហើយ​ដោយសារ​តែ​ទីតាំង​ភូមិសាស្រ្ត​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​អំបិល​របស់យើង​វា​ផ្ទុក​នៅ​សារធាតុ​ចិញ្ចឹម​ហ្នឹង​ខ្ពស់ ដែល​យើង​អាច​ថា​ជា​ប្រភេទ​អំបិល​សមុទ្រ​ដែល​ល្អ ហើយ​យើង​សង្ឃឹម​ថា​នៅ​ឆ្នាំ​នេះក្រសួង​ពាណិជ្ជកម្ម​ក៏​ដូចជា​ដៃគូពាក់ព័ន្ធ​ផ្សេង​ៗ​គេចាប់​ផ្តើម​នូវ​គម្រោង​មួយ​ដែល​គេ​ហៅ​ថាគម្រោង​ GI​(Geographical Identification Protection) ​ដូច​នឹង​ម្រេច​កំពត​យើង​អ៊ីចឹង ហើយ​យើង​សង្ឃឹម​ថា​ឆ្នាំ​នេះ ​យើង​នឹង​ចាប់​ផ្តើម​គម្រោង​ហ្នឹង​ឆាប់ៗ។

ហើយ​ក្រឡេក​ទៅ​ទាក់​ទង​នឹង​អំបិល​រោង​ចក្រ​ឬក៏អំបិល​កែច្នៃ ជាទូទៅ​យើង​ដឹង​ហើយ​ថា​នៅ​លើ​ពិភពលោក​យើង ៩០​ភាគរយ​ហើយ​ដែល​ជា​អំបិល​ឧស្សាហកម្មហើយមាន​តែ​ខ្ទង់ចន្លោះ​ពី​៨ភាគ​រយ​ទៅ​១០ភាគរយ​ទេ​ដែល​យើង​ផលិត​អំបិល​សមុទ្រ​បាន។ អ៊ីចឹង​អ្វី​ទៅ​ជា​អំបិល​ឧស្សាហកម្ម? អំបិល​ឧស្សាហកម្ម ជា​អំបិល​ដែលគេ​បូម​ទឹក​រ៉ែ​ពី​ក្រោម​ដី​មក​ គេ​ដាក់​ចូល​ក្នុង​ម៉ាស៊ីន​របស់​គេ គេ​ដាក់​សារធាតុ​ញែក​ទាំង​អស់ គេ​យក​តែ​ពួក​សូដ្យូម​ហើយ​នឹង​ក្ល័រ​ទេ​ អ៊ីចឹង​គេ​យក​ចំនួន​សូដ្យូម​ហើយ​នឹង​ក្ល័រហ្នឹង​រហូត​ដល់​៩៩.៩៩​ភាគរយ​ទៅតាម​ស្តង់ដារ​កូដិច​របស់​គេ ដែល​ធ្វើ​ឲ្យ​អំបិល​ហ្នឹង​គឺ​ប្រៃ​ខ្លាំង​មែនទែន។ អ៊ីចឹង​ហើយ​បាន​ប្រជាជន​យើង​មួយ​ចំនួន​ គាត់​ចេះ​តែ​ឆ្ងល់​ថា​ហេតុអ្វី​គាត់​ទិញ​អំបិល​មួយ​ចំនួន​គឺ​ប្រៃ​ខ្លាំង​មែន​ទែន។ ច៎ា​ អាហ្នឹង​គឺ​ដោយ​សារ​តែ​កម្រិតនៃ​សារធាតុ​សូដ្យូម​ហើយ​នឹង​ក្ល័រហ្នឹង​គឺ​កម្រិត​ដែលខ្ពស់ ហើយ​នៅពេលដែល​បាន​ជា​អំបិល​ហ្នឹង​មក​ គឹ​នឹង​ដាក់​ជាមួយ​សារធាតុ​មួយ​ចំនួន​ឲ្យ​វា​សរ​ ឲ្យ​វាស្ងួត​ហុយ​អត់មាន​សំណើម​ដែល​ប្រភេទ​ទាំងអស់​នេះ​វា​ផ្តល់​ផល​ប៉ះពាល់​ដល់​សុខភាព​យើង​ផង​ដែរ។​ អាហ្នឹង​វា​ជា​ភាព​ខុស​ប្លែក​គ្នា​រវាង​អំបិល​សមុទ្រ​និង​អំបិល​រោងចក្រ។​

VOA៖ តើ​អ្វី​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​សម្រាប់​សហគ្រាស​ផលិត​អំបិល​ ថូង​ អ៊ិនធឺប្រៃស៍(Thaung Enterprise) នៅ​ខេត្ត​កំពត​នេះ?

ថូង​ ធីតា៖​ ច៎ា អរគុណ​មែនទែន​សម្រាប់​សំណួរ​នេះពីព្រោះ​ថា​នៅពេល​ដែល​យើង​ក្រលេក​មើល​ឃើញជាក់ស្តែង។ បញ្ហា​ប្រឈម​គឺ​នៅ​តែ​មាន​ជានិច្ច។ បញ្ហា​ប្រឈម​គឺ​ដោយសារ​តែ​យើង​ជា​អ្នក​ផលិត​អំបិល​ធម្មជាតិ​គេហៅ​ថា​អំបិល​សមុទ្រមិនមែន​ជា​អំបិល​រោងចក្រ ពីព្រោះ​អំបិល​រោងចក្រ​ទោះជា​មាន​អាកាស​ធាតុ​ប្រែ​ប្រួល​យ៉ាង​ម៉េច​ក៏​អត់​មាន​បញ្ហា​សម្រាប់​គេដែរ​។ ប៉ុន្តែ​សម្រាប់​អំបិល​ធម្មជាតិ​ឬ​ក៏​អំបិល​សមុទ្រ​ហ្នឹង​គឺ​យើង​ភាគ​ច្រើន​ពឹង​ផ្អែក​ទៅលើ​អាកាស​ធាតុ។ បើអាកាសធាតុ​ប្រែប្រួល​ឬ​ក៏​មាន​បញ្ហា​ច្រើន​ដូចជា​ភ្លៀង​ច្រើន​គឺ​យើង​ផលិត​អត់​បាន។ ប៉ុន្តែ​យើង​អត់អាច​ប្រៀប​ធៀប​បាន​ថា​ហេតុ​អ្វី​យើង​មិន​ព្រម​មាន​វិធី​សាស្រ្ត​អី​ផ្សេងៗ​ដើម្បី​ធ្វើការ​ផលិត​អំបិលធម្មជាតិ​ហ្នឹង យើង​កំពុង​ស្វែង​រក​ការ​ផលិត គេហៅ​ថា​បច្ចេកវិទ្យា​មួយ​ចំនួនធ្វើ​យ៉ាងណា​ដើម្បី​ផលិត​អំបិល​ធម្មជាតិ​ពីព្រោះ​បច្ចេកទេស​ភាគ​ច្រើន​គឺ​ផ្តោត​ទៅលើ​ការ​ផលិត​អំបិល​ឧស្សាហកម្ម​។

ហើយ​បញ្ហា​ទីពីរ​នោះ​គឺ​បញ្ហានៃការ​ផលិត​អំបិល​ធម្មជាតិក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹងអំបិល​ឧស្សាហកម្ម​ឬ​អំបិល​នាំ​ចូលមួយ​ចំនួន។ បញ្ហា​ដែល​យើង​ជួប​ធំបំផុត​គឺ​បញ្ហា​គេហៅ​ថា Unfair Competition​(ការប្រកួត​ប្រជែង​មិនស្មោះត្រង់) ដែល​មាន​ការ​នាំចូលនូវអំបិល​មួយ​ចំនួន​ដែល​ខុស​ច្បាប់​ឬ​យ៉ាង​ណាគឺ​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ទៅ​លើ​តម្លៃ​ទីផ្សារ​នៃ​អំបិល​។ ពីព្រោះ​យើង​ដឹង​ថា​អំបិលឧស្សាហកម្ម​ឬ​ក៏​ការនាំ​ចូល​មួយ​នៅ​ការ​វេចខ្ចប់​មួយ​ដែល​បន្លំ​ជាអំបិល​ក្នុង​ស្រុក​ឬ​ក៏​អំបិល​ធម្មជាតិ ហើយ​លក់​នៅ​ក្នុង​តម្លៃ​មួយ​ដែល​ថោក​ដែល​ប្រជាពលរដ្ឋរបស់​យើង​មួយ​ចំនួន​ដែលគាត់​អត់​ទាន់​បាន​យល់​ដឹង​ពី​បញ្ហា​ទាំង​អស់ វាធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​តម្លៃនៅលើទីផ្សារ​ផង​ដែរ។​ ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​ខាងលើ​ហ្នឹង​អ៊ីចឹង​ នៅពេលដែល​តម្លៃ​ទាប​ខ្លាំង​ពេក​ ហើយ​ការ​ផលិត​របស់​យើង​នៅ​ក្នុង​ស្រុក​មាន​តម្លៃខ្ពស់ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ផលិត​នៅ​ក្នុង​ស្រុក ក៏​ដូចជា​ប្រជាកសិករ​របស់​យើង​ដែល​គាត់​ខំ​ប្រឹង​ប្រែង​ទាំង​ញើស​ទាំង​ឈាម​របស់​គាត់​ក្នុង​ការ​ផលិត​អំបិល​ធម្មជាតិ អំបិល​ដែល​មាន​គុណភាពដល់​ប្រជា​ពល​រដ្ឋ​របស់យើង។

VOA៖ តើ​កញ្ញា​គិត​ថា​ស្ថាប័ន​ពាក់ព័ន្ធ ឬ​ក៏​ក្រសួង​ផ្សេងៗអាច​ជួយ​អ្វី​ខ្លះ​ដើម្បី​ជួយ​គាំទ្រ​និង​ជំរុញ​សហគ្រាស​ផលិត​អំបិល​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន?

ថូង​ ធីតា៖​ ច៎ា អរគុណមែនទែន សម្រាប់​សំណួរ​នេះ​។ ការពិតទៅ​នាង​ខ្ញុំ​ក៏​ចង់​សំណូម​ពរ​ទៅ​ដល់​ក្រសួង​ផ្សេងៗ ក៏​ដូចជា​រដ្ឋាភិបាល​ដែល​ធ្វើ​យ៉ាង​ណា​ឲ្យ​គាត់​មាន​គោលនយោបាយ​មួយ​លើក​ទឹកចិត្ត​ឬ​ក៏​ជំរុញ​ឲ្យ​ប្រជាកសិករ​របស់​យើង​ក្នុង​ការ​ផលិត​អំបិល​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​កំពត​ឲ្យ​គាត់​មានទឹកចិត្តនិង​មាន​ការ​ជ្រោមជ្រែង​ច្រើន​ពី​សំណាក់រដ្ឋាភិបាល។​ អ្វីដែលនាង​ខ្ញុំ​អាច​លើក​បាន​គឺ​ប្រជាកសិករ​យើង​មួយ​ចំនួន ពេល​ខ្លះ​គាត់​ត្រូវ​ការ​ដើមទុន​ក្នុង​ការ​ផលិត​អំបិល​ធម្មជាតិ​។ អ៊ីចឹង​រដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួង​សេដ្ឋកិច្ច​គាត់នឹង​មាន​គោលនយោបាយ​មួយ​ក្នុង​ការ​បង្កើតធនាគារសហគ្រាស​ធនតូច​និង​មធ្យម​ ធ្វើយ៉ាង​ណា​ជួយ​ជំរុញ​ជួយលើក​ទឹកចិត្ត​ SME ​ក្នុង​ប្រទេសកម្ពុជា​យើង​ឲ្យ​មាន​ការ​ផលិត មាន​កម្ចី​ដើមទុន​ក្នុង​ផលិត​នូវផលិតផល​របស់​ខ្លួន។

ប៉ុន្មាន​ថ្ងៃ​នេះ​ខ្ញុំ​ឃើញ​ព័ត៌មាន​មួយ​ទាក់ទង​នឹង​ការ​ផលិត​អំបិល​ដែល​ខ្វះ​អនាម័យ​ដែល​គ្មា​នស្តង់ដារ​មួយ។ អ៊ីចឹងចំណុច​នេះ​ដែរ​ ខ្ញុំ​សូម​ធ្វើការ​សំណូម​ពរ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ក្នុង​ការ​ធ្វើយ៉ាង​ណា​ត្រួត​ពិនិត្យ​ទៅលើ​គុណភាព​ក៏​ដូចជា​ស្តង់ដារ​នៃ​ការ​ផ្គត់ផ្គង់​អំបិល​នៅ​ក្នុង​ប្រទេសកម្ពុជា​យើង​ផង​ដែរ។ ពីព្រោះ​ថា​បើសិន​ជា​គាត់គ្មាន​ច្បាប់ អនុញ្ញាត​ត្រឹម​ត្រូវ​ គាត់​ផលិត​នូវ​អ្វី​ដែល​ខ្វះអនាម័យ​ស្តង់ដារ​ អាហ្នឹង​គឺ​ជា​ចំណែក​មួយ​ក្នុង​ការ​ផ្តល់​ផល​អវិជ្ជមាន​ជាច្រើន​ដល់​សុខភាព​ប្រជាពល​រដ្ឋ​យើង​ផងដែរ។

ចំណុច​បន្ថែម​ទៀត​នោះគឺ​ទាក់ទង​នឹង​គោល​នយោបាយ ក៏ដូចជា​ចំណុច​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​គាត់​នឹង​គិត​គូរ​ទៅលើ​ភាព​ប៉ះពាល់​របស់​ការ​នាំ​ចូល​ខុស​ច្បាប់​ផ្សេង​ៗ​របស់​អំបិល​ដែល​នាំ​ចូល​ពី​ខាងក្រៅ​មក​ដែល​វា​ជា​ចំណែក​មួយ​ក្នុង​ការ​ជួយ​ឲ្យ​ប្រជាកសិករ​យើង​កាត់​បន្ថយ​នូវ​ការ​ប្រកួត​ប្រជែង​មិន​ស្មោះ​ត្រង់​ជាច្រើន​ផងដែរ។

ហើយ​នាង​ខ្ញុំ​សង្ឃឹម​ថា​អំបិល​ធម្មជាតិ​គឺ​ជា​ផលិតផល​សក្តានុពល​ទី​បួន​ក្នុង​ការ​ដាក់​បញ្ចូល​នៅ​ក្នុងគម្រោង​ GIយើង​ទាំង​ថ្នាក់​ជាតិ​និង​ថ្នាក់​អន្តរជាតិ​ផង​ដែរ។​

VOA៖ មួយ​វិញ​ទៀត​ តើ​កញ្ញា​គិត​ថា​ការនាំ​ចូល​អំបិល​រាប់​ម៉ឺន​តោន​ វា​អាច​ជា​ដំណោះស្រាយមួយ​ទេ​ក្នុង​ការ​ផ្គត់ផ្គង់​តម្រូវ​ការ​ទីផ្សារ​សព្វថ្ងៃនៅក្នុង​ប្រទេ​សកម្ពុជា?

ថូង​ ធីតា៖​ ច៎ា សម្រាប់ការ​នាំ​ចូល​អំបិល​ច្រើន​ម៉ឺន​តោន​នេះ​ជា​ការពិត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​ជា​បញ្ហា​ប្រឈម​នៅ​ខាង​មុខ​ហ្នឹង​ ខ្ញុំ​គិត​ថា​វា​ជា​ចំណុច​មួយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ក្នុង​ការ​នាំ​ចូល​ដើម្បី​ផ្គត់​ផ្គង់​ក្នុង​ស្រុក។ ប៉ុន្តែ​បើសិនជា​ការ​នាំ​ចូល​មួយ​ដែល​លើសលុប​វា​នឹង​ផ្តល់​ផល​ប៉ះពាល់​ជាច្រើន​ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​ខាង​លើ​អ៊ីចឹង​ថាក្នុង​ការ​នាំ​ចូលមកវា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទីផ្សារ​ក្នុង​ស្រុក​ក៏​ដូចជាអ្នក​ផលិត​ក្នុង​ស្រុក​ផង​ដែរ។ ខ្ញុំ​អាច​និយាយបាន​ថា​ជាមួយ​នឹង​តម្លៃ​ផ្ទាល់ ជាមួយ​នឹង​ការ​ប៉ះពាល់ ​ទឹកចិត្ត​ផ្ទាល់ ធ្វើ​ឲ្យ​អ្នក​ផលិត​យើង​ការ​បាក់ទឹកចិត្ត​ផងដែរ។​

VOA៖ អ៊ីចឹង​តើ​កញ្ញា​គិត​ថា​ការ​ផលិត​អំបិល​នៅ​ក្នុង​ស្រុក​អាច​ផ្គត់​ផ្គង់​តម្រូវ​ការ​ទីផ្សារ​អស់ឬទេ?

ថូង​ ធីតា៖​ ច៎ា​ជាការពិត បើសិន​ជា​អាកាសធាតុ​ល្អ​ក្នុងប្រទេស​កម្ពុជា​យើង គឺ​យើង​ផលិត​បាន​ច្រើន​ហើយ​យើង​អាច​ផ្គត់​ផ្គង់​ទីផ្សារ​បាន​គ្រប់​គ្រាន់។ ប៉ុន្តែ​ដោយសារ​អាកាស​ធាតុ​ខ្ញុំ​គិត​ថា​យើង​នូវ​ ខ្វះ​ការ​ផ្គត់ផ្គង់​មួយ​ចំនួន​ប៉ុន្មាន​ខែ​ចុងក្រោយ។ អាហ្នឹង​គឺ​ជា​អ្វី​ទទួល​ព័ត៌មានពី​ខាង​សហគមន៍។ សម្រាប់​សហគ្រាស ថូង​ អ៊ិនធឺប្រៃស៍(Thaung Enterprise) នាង​ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​ធ្វើ​ការ​សហការផលិត​ឲ្យ​បាន​ច្រើន និង​សហការ​ជាមួយ​ប្រជាកសិករ​យើង​ឲ្យ​ច្រើន​ក្នុង​ការ​ផលិត​បន្ថែម​ទៀត​ក្នុង​ការ​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​។

VOA៖ សំណួរ​ចុងក្រោយ គឺ​តើ​កញ្ញា​មាន​មតិ​ផ្តាំ​ផ្ញើរ​អី​ទៅ​ប្រជាពលរដ្ឋ​កម្ពុជា?

ថូង​ ធីតា៖​ សម្រាប់​ប្រជា​ពលរដ្ឋ​របស់​យើង​មិន​ថា​អ្នកណា​ទេ ដូចខ្ញុំ​បាន​ជម្រាប​ជូន​អ៊ីចឹង​ថា​ សហគ្រាសថូង​ អ៊ិនធឺប្រៃស៍(Thaung Enterprise) គឺ​ភាគ​ច្រើន​ចក្ខុវិស័យ​របស់់​យើង​គឺយើង​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​យើង​ទាំង​អស់​ទាំង​អ្នកតាក់តែង​ច្បាប់ អ្នក​ប្រើប្រាស់ ក៏ដូចជា​ពលរដ្ឋ​កម្ពុជា​ឬក៏​ម្ចាស់​ភោជនីយដ្ឋាន ឬក៏​ម្ចាស់​អាជីវកម្ម​ផ្សេង គឺ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​គាត់​យល់នឹង​ឲ្យ​តម្លៃ​ទៅលើ​អំបិល​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​កំពត។ ថាតើអំបិល​នៅ​ក្នុងខេត្ត​កំពត​របស់​យើង​នឹង​មាន​គុណភាព​យ៉ាង​ណា​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ណា​ខ្លះដល់​សុខភាព​របស់​ពួកគាត់។ ហើយ​ជាពិសេស​នោះ​គឺ​នាំ​គ្នា​ជួយ​ គាំទ្រ​ផលិត​ផល​ក្នុងស្រុក​របស់យើង​ ពីព្រោះ​បើយើង​ទាំង​អស់​គ្នា​អត់ជួយគាំទ្រ​(support) ទេ​យើងក៏​អត់ដឹង​ថា​អ្នកណាគេ​មកគាំទ្រ (support) ផលិតផល​ក្នុង​ស្រុក​របស់​យើង​ដែរ។ ទាល់តែ​ប្រជាពលរដ្ឋ​របស់​យើង​ផ្ទាល់​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែងគាំទ្រ (support) ទាំងអស់គ្នា។ ហើយ​ក្នុង​ហ្នឹង​ដែរ យើង​អាច​និយាយ​បាន​ថា​ឲ្យ​គាត់យល់​ ថា​តើភាព​ខុស​ប្លែកគ្នា​រវាង​អំបិល​សមុទ្រហើយ​និង​អំបិល​ឧស្សាហកម្ម​តើ​វា​ផ្តល់​ផល​វិជ្ជមាន​និង​ផល​អវិជ្ជមាន​យ៉ាង​ណា​ខ្លះ​ដល់​សុខភាព​របស់​គាត់​ផង​ដែរ។

VOA៖ សូម​អរគុណ​ច្រើន​កញ្ញា​ ថូង ធីតា ម្ចាស់​សហគ្រាស​ផលិត​អំបិលធម្មជាតិ​ ថូងអ៊ីនធឺប្រៃស៍។​

ថូង​ ធីតា៖​ ច៎ា អរគុណ៕​

XS
SM
MD
LG