ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងត្បូង និង​សហរដ្ឋ​អាមេរិក​ធ្វើ​សមយុទ្ធ​ដែន​អាកាស​រួមគ្នា​ស្ងាត់ៗ ចំពេល​មាន​ការអំពាវនាវ​ចង់​ចរចា​ជាមួយ​កូរ៉េ​ខាងជើង


រូបឯកសារ៖ យន្តហោះ​ចម្បាំង​អាមេរិក និង​កូរ៉េ​ខាងត្បូង ហោះហើរ​ពីលើ​ប្រទេស​កូរ៉េ​ខាងត្បូង ក្នុង​អំឡុងពេល​សមយុទ្ធ​យោធា​រួមគ្នា​មួយ​ក្នុង​ពេល​កន្លង​មក ដែល​មាន​ឈ្មោះ​ថា Vigilant Ace ដែល​រូបនេះ ចេញ​ផ្សាយ​ដោយ​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧។
រូបឯកសារ៖ យន្តហោះ​ចម្បាំង​អាមេរិក និង​កូរ៉េ​ខាងត្បូង ហោះហើរ​ពីលើ​ប្រទេស​កូរ៉េ​ខាងត្បូង ក្នុង​អំឡុងពេល​សមយុទ្ធ​យោធា​រួមគ្នា​មួយ​ក្នុង​ពេល​កន្លង​មក ដែល​មាន​ឈ្មោះ​ថា Vigilant Ace ដែល​រូបនេះ ចេញ​ផ្សាយ​ដោយ​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧។

មន្ត្រី​យោធា​ម្នាក់​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​បាន​និយាយ​ថា​ កូរ៉េ​ខាងត្បូង​ និង​សហ​រដ្ឋ​អាមេរិក​ បាន​ចាប់ផ្តើម​សមយុទ្ធ​ផ្លូវ​អាកាស​រួម​គ្នា​នៅ​ថ្ងៃ​ចន្ទ ​ចំពេល​មាន​ភាព​តានតឹង​ទាក់​ទងនឹង​ការ​បាញ់​មីស៊ីល​សាកល្បង​នាពេល​ថ្មីៗ​របស់​កូរ៉េ​ខាងជើង​ និង​ការ​អំពាវនាវ​ឱ្យ​ចាប់ផ្តើម​ឡើង​វិញនូវ​កិច្ចចរចា​លុបបំបាត់​នុយក្លេអ៊ែរ។​ សមយុទ្ធ​នេះ​ដែល​ពី​មុន​ហៅ​ថា​ Vigilant Ace ពីមុន​មាន​ទ័ព​រាប់​ម៉ឺន​នាក់ ​និងយន្តហោះ​ប្រយុទ្ធ យន្តហោះ​ទម្លាក់គ្រាប់​បែក​ និង​យន្តហោះ​ចម្បាំង​ទំនើបៗ​ផ្សេង​ទៀត។​ នេះ បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។​

ប៉ុន្តែ​កម្មវិធី​នេះ ​ត្រូវ​បាន​កាត់​បន្ថយ​តាំង​ពី​ឆ្នាំ ​២០១៧ ​ដើម្បី​សម្រួល​ដល់​កិច្ច​ចរចា​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​ និង​មីស៊ីល​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ​ជាថ្នូរ​នឹង​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​របស់​សហ​រដ្ឋ​អាមេរិក។​

សម្ព័ន្ធមិត្ត​នេះ​ បាន​ចាប់ផ្តើម​សមយុទ្ធ​រយៈពេល​ប្រាំ​ថ្ងៃ​ ​ដោយ​មិន​ប្រកាស​ ឬ​មិន​ដាក់​ឈ្មោះ។ ​ទីភ្នាក់ងារ​ព័ត៌មាន​ Yonhap​ រាយ​ការណ៍​ថា ​ភាគី​ម្ខាងៗ​មាន​យន្តហោះ​ប្រយុទ្ធ​ប្រហែល​១០០​គ្រឿង រួម​មាន​យន្តហោះ​F-15Ks ​និង ​KF-16s ​និង ​U.S. F-16s ​ ប៉ុន្តែ​មិនមាន​ឧបករណ៍​ ឬ ទាហាន​មក​ពី​ដីគោក​អាមេរិក​ចូល​រួម​ក្នុង​សមយុទ្ធ​នេះ​ទេ។​

អ្នក​នាំ​ពាក្យ​កង​ទ័ព​អាកាស​កូរ៉េ​ខាង​ត្បូង​បាន​បដិសេធ​មិន​បញ្ជាក់​អំពី​សេចក្តី​រាយការណ៍​នេះ​ទេ។ ​សមយុទ្ធនេះ ​បាន​កើត​ឡើង​បន្ទាប់ពី​កូរ៉េ​ខាងជើង ​បាន​បាញ់​សាកល្បង​មីស៊ីល​ផ្លោង​ចេញ​ពី​នាវា​មុជទឹក​ក្នុង​ការ​សាកល្បង​អាវុធ​ជា​បន្តបន្ទាប់​ចុង​ក្រោយ​នេះ។​

ប្រទេស​កូរ៉េខាង​ជើង​ដែល​ឯកោ​នេះ​ ចាត់​ទុក​ថា សមយុទ្ធ​នៅ​ភាគ​ខាង​ត្បូង​ទាំងឡាយ​ជា​ការ​ហាត់​សម្រាប់​ធ្វើ​សង្គ្រាម​ ហើយបាន​កាត់​ផ្តាច់​ខ្សែ​ទូរស័ព្ទ​សម្រាប់​ទាក់ទង​គ្នា​ភ្លាមៗ​រវាង​កូរ៉េ​ទាំងពីរ​ នៅ​ពេល​ដែល​ អាមេរិក​និងកូរ៉េខាង​ត្បូងបាន​ធ្វើ​ការ​ហ្វឹកហ្វឺន​រដូវ​ក្តៅ​ជា​ប្រចាំ​កាលពី​ខែ​សីហា ​ដោយ​ចោទ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ថាមាន​«ចរិតវៀងវេរ»។​

បេសកជន​អាមេរិក​សម្រាប់​ប្រទេស​កូរ៉េ​ខាងជើង​ លោក ​Sung Kim ​បាន​និយាយ​ថាការ​សាកល្បង​អាវុធ​នេះ​ជា ​«ការ​ព្រួយ​បារម្ភ ​និង​នាំឲ្យ​ខូច​ប្រយោជន៍»​ ​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​សេអ៊ូលកាលពី​សប្តាហ៍​មុន​ ហើយ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ទទួល​យក​សំណើ​ដើម្បី​ពិភាក្សា។​

រហូតមក​ដល់​ពេល​នេះ ​ កូរ៉េ​ខាងជើង​បាន​បដិសេធ​សំណើ​ពិភាក្សា​ដោយ​ចោទ​ថា​ រដ្ឋាភិបាល​ក្រុង​ វ៉ាស៊ីនតោន ​និង​ក្រុង​សេអ៊ូល ​ប្រើ​«ស្តង់ដារពីរ»​ ដោយ​រិះគន់​កម្មវិធី​អាវុធ​របស់​ខ្លួនដោយ​និយាយ​អំពី​ការទូតផង​និង​ បង្កភាព​តានតឹង​ដោយ​ធ្វើសកម្មភាព​យោធា​ផង៕

XS
SM
MD
LG