ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងជើង​ច្រានចោល​ការ​អំពាវនាវ​របស់​អាមេរិក​ឱ្យ​មាន​កិច្ច​ចរចា


រូបឯកសារ៖ ក្រុង Kaepoong នៅ​កូរ៉េ​ខាង​ជើង​នៅ​ពីក្រោយ​ប៉ុស្តិ៍​យោធា​កូរ៉េខាង​ជើង​ ថត​ពីក្រុង Paju កូរ៉េ​ខាង​ត្បូង​កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ (AP)
រូបឯកសារ៖ ក្រុង Kaepoong នៅ​កូរ៉េ​ខាង​ជើង​នៅ​ពីក្រោយ​ប៉ុស្តិ៍​យោធា​កូរ៉េខាង​ជើង​ ថត​ពីក្រុង Paju កូរ៉េ​ខាង​ត្បូង​កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ (AP)

មេ​ដឹកនាំ​កូរ៉េ​ខាងជើង​លោក​ Kim Jong Un​ បាន​ច្រានចោល​សំណើ​របស់​សហរដ្ឋ​អាមេរិក​ឱ្យ​បន្ត​កិច្ច​សន្ទនា ​ក៏ប៉ុន្តែ​និយាយ​ថា លោក​បើក​ចំហឱ្យ​មាន​ការ​កែ​លម្អ​ទំនាក់​ទំនង​ជាមួយ​កូរ៉េ​ខាងត្បូង។ ​នៅក្នុង​សុន្ទរកថា​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាង​ជើង​ KCNA ​ លោក ​Kim Jong Un​ បាន​និយាយ​ថា ​ ឆន្ទៈ​របស់​អាមេរិក​ក្នុង​ការ​ចរចា​គឺ​គ្រាន់តែដើម្បី​បិទបាំងអ្វី​ដែល​លោក​ហៅ​ថា​ «គោល​នយោបាយ​អរិភាព»​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។​

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង​ លោក​ Kim Jong Un​ បាន​និយាយ​ថា​ «ការគំរាម​កំហែង​ខាង​យោធា​ និង​គោល​នយោបាយ​អរិភាព​របស់​ស.រ.អា.​ចំពោះ​យើង​គ្មាន​ការ​ផ្លាស់ប្តូរ​ទាល់​តែសោះ​ ហើយ​ផ្ទុយ​ទៅ​វិញ​ ការ​បញ្ចេញ​មតិ​និង​វិធីសាស្ត្រ​របស់​អាមេរិក​កាន់តែ​មាន​ល្បិចកល»។​

រដ្ឋបាល​លោក​ប្រធានាធិបតី​ Joe Biden ​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀតឱ្យ​កូរ៉េ​ខាងជើង​បន្ត​ការ​ចរចា​ដែល​ជាប់គាំង​ចាប់តាំង​ពី​ឆ្នាំ​២០១៩​ ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ។​

ឆ្លើយតប​ទៅ​នឹង​សុន្ទរកថា​របស់​លោក​ Kim Jong Un ក្រសួង​ការ​បរទេស​អាមេរិក​បាន​ផ្ញើ​អ៊ីមែល​មក​វីអូអេ​ភាសា​កូរ៉េ​ ដោយ​សង្កត់ធ្ងន់​ថា​ សហរដ្ឋ​អាមេរិក​មិន​មាន​ចេតនា​អរិភាព​ចំពោះ​សាធារណ​រដ្ឋ​ប្រជាមានិត​ប្រជា​ធិបតេយ្យ​កូរ៉េ ​គឺ​កូរ៉េ​ខាងជើង​នោះ​ទេ។​

លោក ​Kim Jong Un​ បាន​ថ្លែង​សុន្ទរកថា​កាលពី​ថ្ងៃពុធ​ចំថ្ងៃ​ដែលប្រទេស​កូរ៉េ​ខាងជើង​បាន​ប្រកាស​លម្អិត​អំពី​ការ​សាកល្បង​អាវុធ​ចុង​ក្រោយ​របស់ខ្លួន​ដែលមានប្រព័ន្ធមីស៊ីលថ្មី​លឿន​ជាង​សំឡេង​ ដែលទំនងជា​រចនា​ឡើង​ដើម្បី​គេចពី​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​អាមេរិក។​

ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់សាក​មីស៊ីល​ចំនួន​បីដង​ក្នុង​ខែនេះ​ ទោះបី​ជា​ប្រទេស​នេះ​ផ្តល់​សញ្ញា​ថា​ ខ្លួន​បើក​ចំហ​ឱ្យ​មាន​កិច្ច​ពិភាក្សា​ជាមួយ​ប្រទេស​ជិតខាង​ គឺ​កូរ៉េ​ខាងត្បូង​ក៏​ដោយ។​

នៅក្នុង​សុន្ទរកថា​របស់​លោក​ លោក ​Kim Jong Un​ បាន​និយាយ​ថា​ លោក​នឹង​ពិចារណា​បង្កើត​ឡើងវិញ​នូវ​បណ្តាញ​ទំនាក់​ទំនង​បន្ទាន់​ជាមួយ​កូរ៉េ​ខាងត្បូង​ ដែល​នឹង​ចាប់​ផ្តើម​នៅ​ដើម​ខែ​តុលា៕​

XS
SM
MD
LG