ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាង​ជើង បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក​ពី​នាវាមុជទឹក​របស់​ខ្លួន ខណៈ​មាន​ការព្រួយ​កង្វល់​ពី​ការប្រជែង​ផ្នែក​សព្វាវុធ​ក្នុង​ឧបទ្វីប​កូរ៉េ


មនុស្សម្នា​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ មើល​ទូរទស្សន៍​ដែល​កំពុង​ផ្សាយ​សេចក្តី​រាយការណ៍​អំពី​ប្រទេស​កូរ៉េ​ខាងជើង បាញ់​មីស៊ីល​ផ្លោង​ចេញ​ពី​ឆ្នេរ​ខាងកើត​របស់​ខ្លួន។
មនុស្សម្នា​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ មើល​ទូរទស្សន៍​ដែល​កំពុង​ផ្សាយ​សេចក្តី​រាយការណ៍​អំពី​ប្រទេស​កូរ៉េ​ខាងជើង បាញ់​មីស៊ីល​ផ្លោង​ចេញ​ពី​ឆ្នេរ​ខាងកើត​របស់​ខ្លួន។

ប្រទេស​កូរ៉េខាង​ជើង ធ្វើ​ការ​សាកល្បងកាំជ្រួច​មីស៊ីល​បាលីស្ទិក​លើក​ដំបូងដែល​បាញ់​ចេញ​ពី​នាវា​មុជទឹក (SLBM) របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ គឺ​មួយ​ខែបន្ទាប់​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​បាញ់សាក​ល្បងកាំជ្រួច​មីស៊ីល​ចេញ​ពី​នាវា​មុជ​ទឹក​របស់​ខ្លួន។ នេះ​បើតាម​របាយ​ការណ៍យោធា​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង។

យោធា​កូរ៉េ​ខាង​ត្បូង​ដែល​បាន​តាមដាន​ការបាញ់​សាកល្បង​របស់​កូរ៉េខាង​ជើង​នោះ​ បាន​លើក​ឡើង​ថា កូរ៉េខាង​ជើង​ បាន​បាញ់​សាក​ល្បង​កាំជ្រួច​មីស៊ីល​បាលីស្ទិក​ដែលមាន​រយៈ​ចម្ងាយ​ខ្លី​ ដែល​គេ​សន្និដ្ឋាន​ថា​ ជា​គ្រាប់​មីស៊ីល​បាលិស្ទិក​ដែល​បាញ់​ចេញ​ពី​នាវា​មុជទឹក (SLBM) នៅ​ក្នុង​តំបន់​ឆ្នេរសមុទ្រ​ភាគ​ខាង​កើត​របស់​ខ្លួន​ នៅ​វេលា​ម៉ោង​ប្រមាណ១០:១៧នាទី​ព្រឹក​ ម៉ោង​នៅ​ប្រទេស​កូរ៉េ។

កាំជ្រួច​មីស៊ីល បាន​ហោះក្នុង​ចម្ងាយ​ប្រមាណ​ពី​៤៣០ ​ទៅ​៤៥០​គីឡូម៉ែត្រ​ ​ក្នុង​កម្រិត​កម្ពស់​អតិបរិមា​ ៦០​គីឡូម៉ែត្រ។ នេះ​បើ​យោង​ទៅ​លើ​ទី​ភ្នាក់ងារ​ព័ត៌មាន Yonhap របស់​កូរ៉េ​ខាង​ត្បូង។

ពេល​វេលា​នៃ​ការ​បាញ់​សាក​ល្បង​នោះ​ ត្រូវ​បាន​គេ​កត់​ត្រា​ទុក។ កាល​ពី​ខែ​មុន កូរ៉េខាង​ត្បូង​ ទើប​បាន​ក្លាយ​ជា​ប្រទេស​ទី៨ ដែល​បាន​បាញ់​សាកល្បង​កាំជ្រួច​មីស៊ីល (SLBM) ប្រកប​ដោយ​ជោគ​ជ័យ។ ក្នុង​រយៈ​ពេល​២​ថ្ងៃ​ខាង​មុខ​នេះ កូរ៉េ​ខាង​ត្បូង​មាន​គម្រោង​នឹង​បាញ់​សាកល្បង​កាំជ្រួច​រ៉ុក្កែត​ផលិត​ក្នុង​ប្រទេស​របស់​ខ្លួន​ទៅ​កាន់​លំហអាកាស​ជា​លើក​ដំបូង។

កូរ៉េខាង​ត្បូង​ កំពុងអនុវត្ត​ផែនការ​ទំ​នើបកម្ម​សម្រាប់​វិស័យ​ការពារ​ជាតិដ៏​ធំ​របស់​ខ្លួន​ដែល​ក្នុង​នោះ​រួម​មានកាំជ្រួច​មីស៊ីល​ថ្មីៗ យន្តហោះ​ចម្បាំង​ផលិត​ក្នុង​ស្រុក​ និង​មាន​គម្រោង​ផលិត​នាវាផ្ទុក​យន្តហោះជា​លើក​ដំបូង​របស់​ខ្លួន​ផង​ដែរ។ ប្រទេស​កូរ៉េខាង​ត្បូង​ដែល​មាន​កងទ័ព​អាមេរិក​ប្រមាណ​ជាង២៨.០០០​នាក់​ឈរ​ជើង​នៅ​ទី​នោះ កំពុង​ព្យាយាម​យក​ការទទួល​ខុស​ត្រូវ​កាន់​តែ​ខ្លាំង​ជាង​មុន​នូវ​វិស័យ​ការពារ​ប្រទេស​ក៏​ដូច​ជា​តួនាទី​កាន់តែ​ធំថែម​ទៀតនៅ​ក្នុងកិច្ចការ​ក្នុងតំបន់។ នេះ​បើតាម​ការ​លើក​បញ្ជាក់​របស់​អ្នកវិភាគ​មួយ​ចំនួន។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី កូរ៉េ​ខាង​ជើង​ បាន​រិះគន់​សកម្មភាព​របស់​កូរ៉េ​ខាង​ត្បូង​ថា ជា​អ្នកបង្ក​ហេតុ​ និង​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ ខណៈពេល​ដែល​ខ្លួន​កំពុង​សន្យា​បន្ត​ធ្វើ​ការ​សាក​ល្បង​នូវ​អាវុធ​មួយ​ចំនួន​របស់​ខ្លួន។ កូរ៉េខាង​ជើង​ បាន​ចោទ​ប្រកាន់សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​មិត្តរបស់​អាមេរិក​ថា បាន​អនុវត្ត​នូវ​ស្តង់ដា​ពីរ​ផ្សេង​គ្នា។

កូរ៉េ​ខាង​ជើង​ ត្រូវ​បានហាមឃាត់​មិន​ឲ្យ​មាន​សកម្មភាព​កាំជ្រួច​មីស៊ីល​បាលីស្ទិក​ក្នុង​កម្រិត​ចម្ងាយ​ខ្លី ​ឬ​វែង ដោយសេចក្តីសម្រេចរបស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែលនៅ​មាន​ជា​ធរមាន​នៅ​ឡើយ ដើម្បី​ដាក់​ទណ្ឌកម្ម​ដល់​ប្រទេស​មួយ​នេះ​ ​មិន​ឲ្យ​អភិវឌ្ឍ​កម្មវិធី​អាវុធ​នុយ​ក្លេអ៊ែរ​ខុស​ច្បាប់៕

XS
SM
MD
LG