ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

មេដឹកនាំ​កូរ៉េ​ខាងជើង​ថា សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង​គំរាមកំហែង​ដល់​សន្តិភាព


មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un ថ្លែង​ក្នុង​អំឡុង​ពេល​ខួបទី៧៦នៃ​ការ​បង្កើត​គណបក្ស​ពលករ​កូរ៉េ (WPK) នៅទីក្រុង​ព្យុងយ៉ាង កូរ៉េខាង​ជើង ដែល​រូបថត​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​រដ្ឋ​កូរ៉េខាងជើង។ ( KCNA/via REUTERS)

ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ (KCNA) របស់​ប្រទេស​កូរ៉េ​ខាងជើង បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un បាន​និយាយ​ថា ការ​អភិវឌ្ឍ​អាវុធ​របស់​ប្រទេស​របស់​លោក​គឺ​ចាំបាច់​នៅ​ក្នុង​ស្ថានការណ៍​ប្រឈម​ជាមួយ​នឹង​គោល​នយោបាយ​អរិភាព​ពី​សហរដ្ឋ​អាមេរិក និង​ការ​បង្កើន​កម្លាំង​យោធា​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ទីភ្នាក់ងារ​ព័ត៌មាន KCNA ក៏​បាន​រាយការណ៍​ផងដែរ​ថា លោក Kim Jong Un បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​នៅ​ឯ​ពិព័រណ៍​អភិវឌ្ឍន៍​ផ្នែក​ការពារ​ជាតិ​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បង្កើន​កម្លាំង​ទ័ព​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ មិន​មែន​ដើម្បី​ផ្ដើម​សង្គ្រាម​នោះ​ទេ។

លោក Kim Jong Un បាន​ថ្លែង​ដូច្នេះ​នៅ​ពេល​លោក​ឈរ​នៅ​ក្បែរ​អាវុធ​ជាច្រើន​ប្រភេទ ដែល​រួម​មាន​ទាំង​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប (ICBM) ផងដែរ។ នេះ​បើ​យោង​ទៅ​លើ​រូបភាព​ដែល​ចុះផ្សាយ​ក្នុង​កាសែត Rodong Sinmun របស់​គណបក្ស​កាន់អំណាច​កូរ៉េ​ខាងជើង។

ក្នុង​ចំណោម​អាវុធ​ទាំង​នោះ គេ​ឃើញ​មាន​មីស៊ីល Hwasong-16 ដែលជា​ប្រភេទ​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប (ICBM)ដែល​មីស៊ីល​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ក្បួន​ព្យុះហយាត្រា​យោធា​កាលពី​ខែ​តុលា ឆ្នាំ ២០២០ កន្លង​ទៅ​នេះ ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​បាញ់​សាកល្បង​នៅឡើយ​ទេ។

លោក Kim Jong Un និយាយ​ដូច្នេះ​ថា៖ «យើង​មិន​មែន​កំពុង​ពិភាក្សា​អំពី​សង្គ្រាម​ជាមួយ​នរណា​ម្នាក់​នោះ​ទេ ប៉ុន្តែ​នេះ​គឺជា​ការ​បង្ការ​សង្គ្រាម​ផ្ទាល់ និង​ជា​ការ​បង្កើន​វិធានការ​រារាំង​សង្គ្រាម ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ»។ លោក​បាន​បន្ថែម​ថា សត្រូវ​ចម្បង​បំផុត​របស់​ប្រទេស​កូរ៉េ​ខាងជើង​គឺ​ «សង្គ្រាម» នេះ​ផ្ទាល់​តែម្ដង។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​ថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​និង​របស់​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើការ​វិភាគ​លើ​អាវុធ​ដែល​តាំង​បង្ហាញ​របស់​កូរ៉េ​ខាងជើង​ទាំង​នេះ ហើយ​នឹង​បន្ត​តាមដាន​ស្ថានការណ៍​នេះ​ឲ្យ​បាន​ដិតដល់៕

XS
SM
MD
LG