ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​សម្រេច​មិន​ផ្តល់​យុទ្ធសាស្ត្រ​អាវុធ​នុយក្លេអ៊ែរ​ជាថ្មី​ដល់​កូរ៉េ​ខាងត្បូង


អ្នកដំណើរ​ម្នាក់​ថតរូប​នៅ​ភាគខាង​ជើងឧទ្យាន Imjingak នៅ​ទីក្រុង Paju ក្បែរ​ព្រំប្រទល់​ជាមួយ​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ (AP)
អ្នកដំណើរ​ម្នាក់​ថតរូប​នៅ​ភាគខាង​ជើងឧទ្យាន Imjingak នៅ​ទីក្រុង Paju ក្បែរ​ព្រំប្រទល់​ជាមួយ​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ (AP)

សហ​រដ្ឋ​អាមេរិក​នឹង​មិន​គាំទ្រ​ការ​ផ្តល់​កលយុទ្ធ​អាវុធ​នុយក្លេអ៊ែរ​ឱ្យ​កូរ៉េ​ខាងត្បូង ​ឬមិន​រៀបចំ​ការ​ផ្តល់​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​រដ្ឋាភិបាលក្រុង​សេអ៊ូល​នោះ​ទេ​ បន្ទាប់ពី​បេក្ខជន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លេចធ្លោ​ម្នាក់​បាន​ស្នើ​បែប​នេះ។​ នេះបើ​យោង​តាម​មន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក។​

លោក ​Mark Lambert ​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សម្រាប់​កិច្ចការ​ទាក់ទង​ប្រទេស​ជប៉ុន​ និង​កូរ៉េ​បាន​និយាយ​ក្នុង​វេទិកា​តាម​អនឡាញ​ថា​ «អ្វី​ដែល​ខ្ញុំអាច​និយាយ​បាន​គឺ​អាមេរិក​នឹង​មិន​គាំទ្រ​គោល​នយោបាយ​នេះ​ទេ។ ​ហើយ​ខ្ញុំ​នឹង​ភ្ញាក់​ផ្អើល​ដែល​អ្នក​ចេញ​គោល​នយោបាយ​នោះ​មិន​ដឹង ​ឬ ​អ្នក​ចេញ​សេចក្តី​ថ្លែង​ការណ៍​ទាំង​នោះ​មិន​ដឹង​ពី​គោល​នយោបាយ​អាមេរិក»។​

សេចក្តី​ថ្លែង​ការណ៍​នេះ​ឆ្លើយតប​នឹង​សំណួរ​អំពី​លោក ​Yoon Seok-youl ​បេក្ខជន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ដែល​នៅ​សប្តាហ៍​នេះ​បាន​និយាយ​ថា ​ លោក​នឹង​ស្នើឱ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ផ្តល់កលយុទ្ធ​អាវុធ​នុយក្លេអ៊ែរ​ជាថ្មី ​ឬ​យល់​ព្រម​ធ្វើ​កិច្ច​ព្រមព្រៀង​ផ្តល់​អាវុធ​នុយក្លេអ៊ែរ ​ប្រសិន​បើ​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​គំរាម​កំហែង​ដោយ​កូរ៉េ​ខាងជើង។​

សហរដ្ឋ​អាមេរិក​បាន​ដក​កលយុទ្ធអាវុធ​នុយក្លេអ៊ែរ​ ដែល​គេ​ស្គាល់​ថា​ ​អាវុធ​នុយក្លេអ៊ែរ​នៅ​សមរភូមិ ​ចេញពី​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ដើម​ទសវត្សរ៍​១៩៩០។ ​ អ្នក​នយោបាយ​កូរ៉េ​ខាង​ត្បូងអភិរក្ស​និយម​បាន​អំពាវនាវ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​ឱ្យ​រៀបចំ​យុទ្ធសាស្ត្រ​អាវុធ​នុយក្លេអ៊ែរ​ឡើង​វិញ ​ជាពិសេស​ ខណៈ​កូរ៉េ​ខាងជើង​បាន​ពង្រីក​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ។​

ជិត​៧០%​នៃ​ប្រជាជន​កូរ៉េ​ខាងត្បូង​គាំទ្រ​ឱ្យ​ប្រទេស​នេះ​មាន​សមត្ថភាព​នុយក្លេអ៊ែរ​ផ្ទាល់​ខ្លួន។​ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​ដែល​ចេញ​ផ្សាយ​នៅ​ដើមខែ​នេះ​ដោយ​វិទ្យាស្ថាន​ Asan ​របស់​កូរ៉េ​ខាងត្បូង​ដែល​ជា​អង្គការ​ស្រាវជ្រាវ។ ​លទ្ធផល​នេះ​ភាគ​ច្រើន​ស្រប​នឹង​ការស្ទង់​មតិ​ផ្សេង​ទៀត​អំពី​បញ្ហា​នេះ។​ នេះ​បើតាម​លោក​ Lee Sang-sin ​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​វិទ្យាស្ថាន​កូរ៉េ​សម្រាប់​ការ​បង្រួប​បង្រួម​ជាតិមានមូលដ្ឋាន​នៅ​ទីក្រុង​សេអ៊ូល​ ដែល​ផ្តោត​លើ​ការ​ស្ទង់មតិ។​

កូរ៉េ​ខាងត្បូង​បាន​ធ្វើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​មួយ​រយៈខ្លី​ក្នុង​ទសវត្សរ៍​១៩៧០​ ចំពេល​មាន​ចម្ងល់អំពី​ការ​ប្តេជ្ញា​ចិត្ត​រយៈពេល​វែង​របស់​រដ្ឋាភិបាល​វ៉ាស៊ីនតោន​ក្នុង​ការ​ការពារ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល។​ នា​ពេល​ថ្មីៗ​នេះ​ អ្នក​អភិរក្ស​នៅ​កូរ៉េ​ខាងត្បូង​បាន​អំពាវនាវ​ឱ្យ​រៀបចំ​ឡើង​វិញ​នូវ​យុទ្ធសាស្ត្រ​អាវុធ​នុយក្លេអ៊ែររបស់​សហ​រដ្ឋ​អាមេរិក​ ឬ​រៀបចំ​រៀបចំ​តាម​រយៈ​អង្គការ​អូតង់​ដែល​ប្រជាជន​កូរ៉េ​ខាងត្បូង​នឹង​ត្រូវ​បណ្តុះ​បណ្តាល​ឱ្យ​ចេះ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​អាមេរិក​ក្នុង​ពេល​មាន​ជម្លោះ៕​

XS
SM
MD
LG