កាលពីថ្ងៃអង្គារ ប្រទេសរុស្ស៊ីបានបញ្ចេញវីដេអូមួយបង្ហាញអំពីលោកឧត្តមនាវីឯក Viktor Sokolov ដែលជាមេបញ្ជាការនៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី ក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីប្រទេសអ៊ុយក្រែនបានអះអាងថា បានសម្លាប់លោកនៅក្នុងការវាយប្រហារដោយមីស៊ីល។
នៅក្នុងវីដេអូនោះ គេឃើញលោក Sokolov ចូលរួមនៅក្នុងការប្រជុំមួយតាមវីដេអូ នៅពេលដែលរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បើកការប្រជុំជាមួយនឹងក្រុមមេបញ្ជាការនានា។
គេមិនច្បាស់ទេថា តើវីដេអូនេះត្រូវបានថតនៅពេលណានោះ។
កងកម្លាំងពិសេសរបស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបាន«បញ្ជាក់ព័ត៌មានឱ្យបានច្បាស់» បន្ទាប់ពីរុស្ស៊ីបានចេញផ្សាយនូវវីដេអូ«ដែលបង្ហាញថា លោក Sokolov នៅរស់»។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនលោក Rustem Umerov បានប្រាប់បណ្ដាញព័ត៌មាន CNN កាលពីថ្ងៃអង្គារថា លោក Sokolov មិនគួរស្ថិតនៅក្នុងតំបន់ Crimea នោះទេដោយសារតែតំបន់នោះគឺជាដែនដីអ៊ុយក្រែនដែលត្រួតត្រាដោយរុស្ស៊ី។
លោក Umerov បាននិយាយថា៖ «ដូច្នេះ ប្រសិនបើគាត់ស្លាប់ វាជាដំណឹងល្អសម្រាប់មនុស្សគ្រប់គ្នាដែលថា យើងកំពុងបន្តរំដោះដែនដីរបស់យើងមកវិញ»។
កងកម្លាំងពិសេសរបស់អ៊ុយក្រែនបានបញ្ជាក់កាលពីថ្ងៃចន្ទថា លោក Sokolov ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលកាលពីសប្ដាហ៍មុន ដែលប៉ះចំទីស្នាក់ការកណ្ដាលរបស់កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីនៅក្នុងកំពង់ផែ Sevastopol ក្នុងតំបន់ Crimea។
នៅថ្ងៃពុធនេះដែរ រុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិកនិងអង់គ្លេសថាបានជួយអ៊ុយក្រែនក្នុងការវាយប្រហារកាលពីសប្តាហ៍មុនប្រឆាំងនឹងទីស្នាក់ការកណ្តាលរបស់កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីនៅតំបន់ Crimea ដែលកាន់កាប់ដោយរុស្ស៊ី។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការវាយប្រហារនេះត្រូវបាន«គ្រោងទុកជាមុនដោយប្រើមធ្យោបាយស៊ើបការណ៍សម្ងាត់លោកខាងលិច ផ្កាយរណបរបស់អង្គការអូតង់ និងយន្តហោះឈ្លបយកការណ៍»។
លោកស្រី Zakharova ក៏បាននិយាយផងដែរថា ចារកម្មអាមេរិក និងអង់គ្លេសបានជួយសម្របសម្រួលការវាយប្រហារដោយមីស៊ីលនោះ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។