ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ប្រមូល​ការ​គាំទ្រ​​អ៊ុយក្រែន​​នៅ​អ.ស.ប.​នៅ​ពេល​​គូស​បញ្ជាក់​​ឧបសគ្គ​​សាកល


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​ទៅ​កាន់​សន្និបាត​អង្គការ​សហប្រជាជាតិ​​លើក​ទី​៧៨ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​ទៅ​កាន់​សន្និបាត​អង្គការ​សហប្រជាជាតិ​​លើក​ទី​៧៨ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣។

នៅ​ក្នុង​សញ្ញា​មួយថា​សហរដ្ឋ​អាមេរិក​ស្តាប់​ពួក​ប្រទេសកំពុង​អភិវឌ្ឍន៍​នៅ​ភាគ​ខាង​ត្បូង​របស់​សាកលលោក​ (Global South)​ លោកប្រធានាធិបតី Joe Biden ​បាន​និយាយ​អំពី​កង្វល់របស់​ពួកគេ ​ទោះជា​លោក​ប្រមូល​ការ​គាំទ្រអ៊ុយក្រែន​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ទៅ​កាន់​មហា​សន្និបាត​អ.ស.ប.​កាលពី​ថ្ងៃ​អង្គារ​ក៏​ដោយ។

លោក Biden បានមាន​ប្រសាសន៍​ថា៖ ​«រុស្ស៊ី​មាន​ជំនឿ​ថា​ពិភពលោក​នឹង​អស់កម្លាំង​ពលំ​ហើយអនុញ្ញាត​ឱ្យ​ខ្លួន​រំលោភអ៊ុយក្រែនដោយ​គ្មាន​ផលវិបាក។ តែ ខ្ញុំ​សួរ​អស់​លោក​ លោកស្រី​ថា៖ បើ​យើង​បោះបង់​ចោល​គោលការណ៍​ស្នូលនៃ​ធម្មនុញ្ញអ.ស.ប. តើរដ្ឋ​ជា​សមាជិក​ណាមួយក្នុង​អង្គការ​នេះមាន​ការ​ទុក​ចិត្ត​ថា​ពួកគេ​ត្រូវ​បាន​ការពារ​ឬទេ? ​បើ​យើងអនុញ្ញាតឱ្យ​អ៊ុយក្រែនត្រូវ​បែងចែក តើ​ឯករាជ្យនៃ​ប្រទេស​ជាតិ​ណាមួយ​អាច​ត្រូវ​ធានា​បាន​ឬទេ?‍»​

លោក​ Biden បានចំណាយ​ពេលភាគ​ច្រើន​នៃ​សុន្ទរកថា​ លោក​ដោយ​លោក​បាន​គូស​បញ្ជាក់​ការ​ជឿនលឿន​នៅ​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ ការសិក្សា​អប់រំ​និង​ការ​ថែទាំ​សុខភាព នៅ​ពេល​លោក​ទទួល​ស្គាល់​សេចក្តី​ត្រូវការ​ឱ្យ​មាន​ការ​ជឿនលឿន​តទៅ​ទៀត​និង​ឱ្យ​មាន​កំណែទម្រង់​ផង​ដែរ។ លោកបាន​គូស​បញ្ជាក់​សារៈសំខាន់នៃ​ស្ថាប័នពហុភាគី​ដូចជាអ.ស.ប.​ហើយ​លោក​បាន​អំពាវនាវ​ឱ្យ​មាន​ការពង្រីក​ភាពជា​មេដឹកនាំនិង​សមត្ថភាព​ដើម្បី​ដោះស្រាយ​បញ្ហាជា​ឧបសគ្គសាំញ៉ាំនៃ​សតវត្សរ៍​ទី​២១។

លោក​ Biden ​បានមានប្រសាសន៍​អំពី​វិបត្តិ​ធាតុអាកាស សេចក្តី​ត្រូវ​ការ​ការ​អភិវឌ្ឍ​សាកល​ ជម្លោះ​នៅ​ប្រទេស​ហៃទី សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន ហើយ​លោកបាន​និយាយដោយ​ស្រគត់ស្រគុំ​តែមាន​ភាព​ផ្សះផ្សាអំពី​ការប្រកួត​ប្រជែងជា​មួយ​ប្រទេស​ចិន​ នៅ​មុន​លោកបរិហារ​រិះគន់​ការលុកលុយ​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែនថា​ជា​ការ​រំលោភ​លើគោលការណ៍​ស្នូលនៃ​ធម្មនុញ្ញ​អ.ស.ប. គឺ​ការ​ហាមប្រាមច្បាស់លាស់ប្រឆាំងនឹង​ការ​វាយ​យក​ដែនដីប្រទេសជាតិ​មួយ​ទៀត​ដោយ​កម្លាំង៕

XS
SM
MD
LG