មន្ត្រីរុស្ស៊ីបាននិយាយនៅថ្ងៃចន្ទនេះថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែននៅលើតំបន់ពីរនៃប្រទេសរុស្ស៊ី ក៏ដូចជានៅលើសមុទ្រខ្មៅ និងឧបទ្វីប Crimea ដែលរុស្ស៊ីគ្រប់គ្រងផងដែរ។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់តាម Telegram ថា ខ្លួនបានស្ទាក់បាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ២ គ្រឿងលើតំបន់ Kursk និងដ្រូន ២ គ្រឿងទៀតលើតំបន់ Bryansk។ តំបន់ទាំងពីរនេះស្ថិតនៅជាប់នឹងព្រំដែនប្រទេសអ៊ុយក្រែន។
អភិបាលតំបន់ Kursk លោក Roman Starovoyt បាននិយាយថា ផ្ទះជាច្រើនខ្នងនិងអគាររដ្ឋបាលមួយខ្នងបានរងការខូចខាត ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ណាមួយថាមានអ្នកស្លាប់និងរងរបួសនោះទេ។
ក្រសួងការពារជាតិរុស្ស៊ីក៏បានលើកឡើងផងដែរថា ខ្លួនបានបំផ្លាញដ្រូន ៤ គ្រឿងលើតំបន់ Crimea និងនៅផ្នែកពាយ័ព្យនៃសមុទ្រខ្មៅ។
ចំណែកឯយោធាអ៊ុយក្រែនវិញបានបញ្ជាក់នៅថ្ងៃចន្ទនេះថា រុស្ស៊ីបានវាយប្រហារកាលពីយប់មិញដោយប្រើដ្រូន ១៩ គ្រឿង មីស៊ីលស្វ័យនាំផ្លូវ ១២ គ្រាប់ និងមីស៊ីលបាញ់នាវា ២ គ្រាប់។
ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូន Shahed ទាំង ១៩ គ្រឿងរបស់រុស្ស៊ីដែលផលិតនៅអ៊ីរ៉ង់នេះ ក៏ដូចជាមីស៊ីលស្វ័យនាំផ្លូវ ១១ គ្រឿងផងដែរ។ នេះបើតាមការបញ្ជាក់របស់យោធាអ៊ុយក្រែន។
ការផ្ដោតមួយនៃការវាយប្រហារនេះគឺតំបន់ Odesa នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ដែលនៅទីនោះ មន្ត្រីនានាបានបញ្ជាក់ថាស្ត្រីម្នាក់បានរងរបួសហើយឃ្លាំងមួយកន្លែងនិងផ្ទះឯកជនមួយខ្នងបានរងការខូចខាត។
សម្រាប់ព័ត៌មានដាច់ដោយឡែកមួយទៀត ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានហៅទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិកនិងប្រទេសកាណាដាកាលពីសប្ដាហ៍មុនថា «ប្រកបដោយផ្លែផ្កាយ៉ាងខ្លាំង»។
លោកបានថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូកាលពីយប់ថ្ងៃអាទិត្យថា អ៊ុយក្រែនទទួលបានជំនួយផ្នែកការពារពីប្រទេសទាំងពីរ។
លោក Zelenskyy ក៏បានហៅការសម្រេចរបស់សហរដ្ឋអាមេរិកនៅក្នុងការ «ផលិតរួមគ្នានូវអាវុធនិងប្រព័ន្ធការពារ ជាពិសេសប្រព័ន្ធការពារដែនអាកាស» ថាមានលក្ខណៈជា «ប្រវត្តិសាស្ត្រ» ផងដែរ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។