ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ប្រើ​ដ្រូន​វាយ​ប្រហារ​កំពង់ផែ​អ៊ុយក្រែន


អ្នកពន្លត់អគ្គិភ័យប្រតិបត្តិការពន្លត់ភ្លើងឆេះដោយសារការវាយប្រហារដោយដ្រូននៅកំពង់ផែមួយ ក្នុងតំបន់ Odesa ប្រទេសអ៊ុយក្រែន ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៣។ (State Emergency Service of Ukraine, via Reuters)
អ្នកពន្លត់អគ្គិភ័យប្រតិបត្តិការពន្លត់ភ្លើងឆេះដោយសារការវាយប្រហារដោយដ្រូននៅកំពង់ផែមួយ ក្នុងតំបន់ Odesa ប្រទេសអ៊ុយក្រែន ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៣។ (State Emergency Service of Ukraine, via Reuters)

អ៊ុយក្រែន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ កងទ័ព​រុស្ស៊ី​បាន​ប្រើ​ដ្រូន​ចំនួន ៣៨ គ្រឿង​ដើម្បី​វាយ​ប្រហារ​អ៊ុយក្រែន​រយៈពេល​មួយ​យប់ ហើយ​ថា ​ដ្រូន​ខ្លះ​បាន​ឆ្លង​កាត់​ប្រព័ន្ធ​ការពារ​ដែន​អាកាស​អ៊ុយក្រែន​ ហើយ​បាន​បណ្តាល​ឱ្យ​ខូចខាត​កំពង់ផែ​នៅ​ក្នុង​តំបន់ Odesa។

លោក Oleh Kiper អភិបាល​តំបន់ Odesa បាន​និយាយ​នៅ​លើ​តេឡេក្រាម​ថា ​ការវាយ​ប្រហារ​របស់​រុស្ស៊ី​បាន​ធ្វើ​ឱ្យ​ខូច​ហេដ្ឋារចនា​សម្ព័ន្ធ​កំពង់ផែ​នៅ​ក្នុង​តំបន់ Izmail ដែល​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការនាំចេញ​គ្រាប់ធញ្ញជាតិ​របស់​អ៊ុយក្រែន​នៅ​តាម​ទន្លេ Danube។

លោក Kiper បាន​និយាយ​ថា ​ការវាយ​ប្រហារ​នោះ​បាន​ធ្វើ​ឱ្យមានអ្នករបួស ២ នាក់​និង​ធ្វើ​ឱ្យ​ខូច​ខាត​រថយន្ត​ជាង​ ៣០ ​គ្រឿង។

កង​ការពារ​ដែន​អាកាស​អ៊ុយក្រែន​បាន​និយាយ​ថា ​ខ្លួន​បាន​បំផ្លាញ​ដ្រូន Shahed ដែល​ផលិត​នៅ​ប្រទេស​អ៊ីរ៉ង់​ចំនួន​ ២៦ ​គ្រឿង ​ក្នុង​ចំណោម​ដ្រូន ៣៨ គ្រឿង​ដែល​ត្រូវ​បាន​បញ្ជូន​ដោយ​រុស្ស៊ី។

នៅ​ក្នុង​តំបន់ Kherson​ ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន ​ពួក​មន្ត្រី​បាន​និយាយ​ថា​ការវាយ​របស់​រុស្ស៊ី​រយៈពេល​មួយ​យប់​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​ក៏ ៤ នាក់​ដែរ​រង​របួស។

អភិបាល​តំបន់ Kursk របស់​រុស្ស៊ី​ដែល​មាន​ព្រំដែន​ជា​មួយ​ប្រទេស​អ៊ុយក្រែន​បាន​និយាយនៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ដ្រូន​មួយ​គ្រឿង​របស់​អ៊ុយក្រែន​បាន​ទម្លាក់​គ្រឿង​ផ្ទុះ​ទៅលើ​រោងចក្រ​អគ្គិសនី​បាន​ធ្វើ​ឱ្យ​ដាច់​ចរន្ត​អគ្គីសនី​ជា​ច្រើន​ភូមិ។

លោក Roman Starovoit​ បាន​និយាយ​នៅ​លើ​តេឡេក្រាម​ថា​ មិន​មាន​សេចក្តី​រាយការណ៍​ពី​មនុស្ស​រង​របួស​ពី​ការវាយ​ប្រហារ​នេះ​ទេ។

មេបញ្ជាការ​របស់​កង​នាវា​រុស្ស៊ី​នៅ​សមុទ្រ​ខ្មៅ ​លោក​ឧត្តមនាវីឯក Viktor Sokolov​ បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការវាយ​ប្រហារ​កាំជ្រួច​មីស៊ីល​របស់​អ៊ុយក្រែន​កាលពី​សប្តាហ៍​មុន​ទៅ​លើ​ទីបញ្ជាការ​កងនាវា​របស់​រុស្ស៊ី​នៅ​កំពង់ផែ Sevastopol ​ក្នុង​ឧបទ្វីប Crimea។ នេះ​បើ​តាម​កងកម្លាំង​ពិសេស​របស់​អ៊ុយក្រែន​កាលពី​ថ្ងៃ​ចន្ទ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ីមិន​បាន​បញ្ជាក់​ឬ​បដិសេធ​ការអះអាងរបស់​អ៊ុយក្រែន​ទេ។

ការវាយ​ប្រហារ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បាន​ដៅលើ​ជំនួប​របស់​មេដឹកនាំ​នាវា​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Sevastopol នៃ​ឧបទ្វីប Crimea ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី។ នេះ​បើ​តាម​ការបញ្ជាក់​របស់​យោធា​អ៊ុយក្រែន៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters

XS
SM
MD
LG