មេដឹកនាំទាហានស៊ីឈ្នួលរុស្ស៊ីលោក Yevgeny Prigozhin ដែលបានដឹកនាំការបះបោរប្រដាប់អាវុធរយៈពេលខ្លីប្រឆាំងនឹងយោធារុស្ស៊ីកាលពីដើមឆ្នាំនេះ បានជិះនៅលើយន្តហោះដែលបានធ្លាក់នៅភាគខាងជើងទីក្រុងមូស្គូកាលពីថ្ងៃពុធ ដែលការធ្លាក់នោះបានធ្វើឱ្យមនុស្សទាំង ១០ នាក់ដែលជិះនៅលើយន្តហោះនោះស្លាប់បាត់បង់ជីវិត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP ដែលយោងលើទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលរុស្ស៊ី។
ការធ្លាក់យន្តហោះនេះបានធ្វើឱ្យមានការសង្ស័យភ្លាមៗ ដោយហេតុថាវាសនារបស់លោក Prigozhin ដែលជាស្ថាបនិកក្រុមហ៊ុនយោធាឯកជន Wagner បានក្លាយជាកម្មវត្ថុនៃការប៉ាន់ស្មានខ្លាំងក្លាតាំងពីពេលដែលលោកបានធ្វើការបះបោរនោះមក។
នៅពេលនោះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានថ្កោលទោសការបះបោរនេះនិងបានសន្យាថានឹងសងសឹក។ ប៉ុន្តែ ការចោទប្រកាន់លើលោក Prigozhin ត្រូវបានទម្លាក់ចោលភ្លាមៗ។
លោក Prigozhin ដែលទាហានរបស់លោកគឺជាកងកម្លាំងប្រយុទ្ធដ៏ល្អបំផុតមួយចំនួនសម្រាប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ត្រូវបានអនុញ្ញាតឱ្យដកខ្លួនថយទៅកាន់ប្រទេសបេឡារុស ខណៈពេលដែលលោកបង្ហាញវត្តមាននៅក្នុងប្រទេសរុស្ស៊ីយូរៗម្ដង។
ការធ្លាក់យន្តហោះនេះបានកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា នាយឧត្តមសេនីយ៍កំពូលមួយរូបដែលមានទំនាក់ទំនងជាមួយនឹងលោក Prigozhin ត្រូវបានបណ្ដេញចេញពីតំណែងជាមេបញ្ជាការកងទ័ពជើងអាកាស។
យន្តហោះដែលមានអ្នកបើក ៣ នាក់ និងអ្នកធ្វើដំណើរ ៧ នាក់ដែលធ្វើដំណើរពីទីក្រុងមូស្គូទៅកាន់ទីក្រុង St. Petersburg បានធ្លាក់នៅចម្ងាយជិត ៣០០ គីឡូម៉ែត្រពីភាគខាងជើងនៃទីក្រុងមូស្គូ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីដែលយោងដោយទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ី។
ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិល Rosaviatsia របស់រុស្ស៊ីបានរាយការណ៍ភ្លាមៗថាលោក Prigozhin ស្ថិតនៅក្នុងបញ្ជីអ្នកដំណើរ និងបន្ទាប់មកបានបញ្ជាក់ថា បើយោងតាមក្រុមហ៊ុនអាកាសចរណ៍ លោកពិតជាជិះនៅលើយន្តហោះនោះមែន។
នៅមុនហ្នឹង លោក Vladimir Rogov ដែលជាមន្ត្រីតែងតាំងដោយរុស្ស៊ីនៅក្នុងតំបន់ Zaporizhzhia ដែលមួយផ្នែកគ្រប់គ្រងដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន បាននិយាយថា លោកបាននិយាយជាមួយនឹងមេបញ្ជាការនានារបស់ក្រុមទាហាន Wagner ហើយមេបញ្ជាការទាំងនោះក៏បានបញ្ជាក់ផងដែរថា លោក Prigozhin គឺពិតជាជិះនៅលើយន្តហោះនោះមែន ក៏ដូចជាលោក Dmitry Utkin ផងដែរ ដែលមានឈ្មោះសម្ងាត់ Wagner របស់លោកបានក្លាយជាឈ្មោះរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួលនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា៖ «ខ្ញុំមិនដឹងថាអ្វីបានកើតឡើងនោះទេ ប៉ុន្តែខ្ញុំមិនភ្ញាក់ផ្អើលនោះឡើយ»៕