ទីភ្នាក់ងារសន្តិសុខជាតិរបស់ប្រទេសរុស្ស៊ីបានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានបិទចោលការស៊ើបអង្កេតការបះបោរប្រដាប់អាវុធរបស់លោក Yevgeny Prigozhin និងសមាជិកនៃក្រុមទាហានស៊ីឈ្នួល Wagner របស់លោក។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មាននានារបស់រុស្ស៊ី ទីភ្នាក់ងារសន្តិសុខជាតិរុស្ស៊ីនេះបានបញ្ជាក់ថា អ្នកដែលពាក់ព័ន្ធនៅក្នុងការបះបោរនេះ «បានបញ្ឈប់សកម្មភាពដែលមានបំណងប្រព្រឹត្តឧក្រិដ្ឋកម្ម»។
ការមិនកាត់ទោសយុទ្ធជនបះបោរទាំងនោះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងកាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះដែលឈានដល់ការបញ្ចប់ការបះបោរនេះ។
ក្រសួងការពារជាតិរុស្ស៊ីក៏បានបញ្ជាក់នៅថ្ងៃអង្គារនេះផងដែរថា ក្រុម Wagner បានត្រៀមផ្ទេរយុទ្ធោបករណ៍ធុនធ្ងន់ទៅឱ្យយោធារុស្ស៊ី។
គេមិនឃើញមានការបញ្ជាក់ណាមួយនៅថ្ងៃអង្គារនេះថាលោក Prigozhin កំពុងនៅទីណានោះទេ។
វេបសាយតាមដានជើងហោះហើរបានបង្ហាញថា យន្តហោះដែលអាចដឹកលោក Prigozhin បានចុះចតនៅក្នុងប្រទេសបេឡារុសនៅថ្ងៃអង្គារនេះ។
លោក Prigozhin ធ្លាប់បាននិយាយថា លោកនឹងទៅប្រទេសបេឡារុសនៅក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រធានាធិបតីបេឡារុសលោក Alexander Lukashenko ដើម្បីបញ្ចប់ការបះបោរនេះ។
នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិរុស្ស៊ី ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានរិះគន់ខ្លាំងក្លាលើអ្នករៀបចំការបះបោររបស់ក្រុម Wagner ដោយហៅពួកគេថាជា «ជនក្បត់ជាតិ»។
លោក Putin បាននិយាយថា អ្នករៀបចំការបះបោរទាំងនោះបានកុហកទាហានខ្លួនឯងនិង «បានជំរុញពួកគេឱ្យទៅស្លាប់ រងគ្រាប់កាំភ្លើង និងបាញ់គ្នាឯង»។ លោកបានរិះគន់ក្រុមយុទ្ធជន Wagner នេះថាបានសម្រុកវាយប្រហារទីក្រុង Rostov នៅភាគខាងត្បូង ដែលទីក្រុងនេះត្រូវបានក្រុមយុទ្ធជន Wagner នេះដណ្ដើមគ្រប់គ្រងបានបណ្ដោះអាសន្ននៅពេលធ្វើដំណើរសំដៅទៅកាន់រដ្ឋធានីមូស្គូ។
លោក Putin បានអញ្ជើញទាហាននិងមេបញ្ជាការរបស់ក្រុម Wagner រូបណាដែលលោកបានហៅថាជា «អ្នកស្នេហាជាតិ» ឱ្យចូលរួមជាមួយនឹងយោធារុស្ស៊ីដោយចុះហត្ថលេខាជាមួយនឹងក្រសួងការពារជាតិរុស្ស៊ី ឬក៏ជាមួយនឹងទីភ្នាក់ងារអនុវត្តច្បាប់ផ្សេងៗទៀត។ លោកក៏បានផ្ដល់ដល់ពួកគេនូវជម្រើសផងដែរថាតើពួកគេចង់ត្រឡប់ទៅរកក្រុមគ្រួសារឬក៏មិត្តភក្តិរបស់ពួកគេឡើងវិញ ឬក៏ផ្លាស់ទៅប្រទេសបេឡារុស៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។