ប្រទេសរុស្ស៊ី បានបញ្ជូនសំណើទាមទារមួយទៅកាន់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ដើម្បីកាន់កាប់ផ្ទៃសមុទ្រទឹកកកអាក់ទិកប្រវែង៦៥០គីឡូម៉ែត្រពីឆ្នេរសមុទ្រ។
នៅក្រោមច្បាប់អន្តរជាតិ ប្រទេសមួយ មានសិទ្ធិទាមទារតំបន់សេដ្ឋកិច្ចផ្តាច់មុខលើផ្ទៃទឹកមហាសមុទ្រទឹកកកអាក់ទិកក្នុងរង្វង់៣៧០គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសនានានៅតាមបណ្តោយឆ្នេរមហាសមុទ្រទឹកកកអាក់ទិក មានបំណងទាមទារតំបន់នោះកាន់តែខ្លាំងឡើងៗ។
ប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក កាណាដា ដាណឺម៉ាក និងប្រទេសន័រវែស បានព្យាយាមត្រួតត្រាតំបន់នានាក្នុងផ្នែកនៃសមុទ្រទឹកកកអាក់ទិកនេះដែលត្រូវបានគេជឿជាក់ថា មានប្រេងនិងឧស្ម័នដែលគេមិនទាន់រកឃើញចំនួន១ភាគ៤របស់ផែនដី។
ការស្វែងរកធនធាននៅមហាសមុទ្រទឹកកកអាក់ទិក បានទទួលការលើកទឹកចិត្តនៅពេលដែលទឹកកកតំបន់ប៉ូលកំពុងរួមកាន់តែតូចទៅៗដែលបានបើកឲ្យមានលទ្ធភាពសម្រាប់ផ្លូវដឹកជញ្ជូនថ្មី និងការរុករកនិងការធ្វើអាជីវកម្មថាមពល។
រុស្ស៊ី រំពឹងថា គណៈកម្មការស្តីពីការកម្រិតផ្ទៃសមុទ្ររបស់ទ្វីបរបស់អង្គការសហប្រជាជាតិ នឹងពិនិត្យមើលឡើងវិញនូវការទាមទារមិនបានជោគជ័យរបស់ខ្លួន។
រុស្ស៊ី ជាប្រទេសមុនដំបូងគេដែលបានបញ្ជូនការទាមទាររបស់ខ្លួនកាលពីមួយទសវត្សរ៍មុន ក៏ប៉ុន្តែ អង្គការសហប្រជាជាតិបានច្រានចោលការស្នើនោះពីព្រោះតែខ្វះភស្តុតាង។
ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានធ្វើការទាមទារមហាសមុទ្រទឹកកកជាអាទិភាពចាប់តាំងពីពេលនោះមក ហើយបានពង្រីកវត្តមានខាងយោធារបស់រុស្ស៊ីនៅទីនោះ ជាចំណាត់ការមួយដែលបានរំខានប្រទេសជិតខាងហើយបានបណ្តាលឲ្យប្រទេសទាំងនោះពិចារណាពីការបង្កើនការចំណាយខាងយោធារបស់ខ្លួន៕