ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អគ្គរដ្ឋអាជ្ញា​រុស្ស៊ី​នឹង​ពិនិត្យ​ឡើងវិញ​ភាព​ស្របច្បាប់​នៃ​ឯករាជ្យភាព​របស់​ប្រទេស​ក្នុង​តំបន់​បាល់ទិក


រូបថតឯកសារ៖ ទិដ្ឋភាព​ពីខាង​ក្រៅនៃ​ការិយាល័យ​អគ្គរដ្ឋអាជ្ញា​នៅទីក្រុង​មូស្គូ។

ការិយាល័យ​អគ្គរដ្ឋ​អាជ្ញា​របស់​ប្រទេស​រុស្ស៊ី ​កំពុង​ពិនិត្យ​មើល​ឡើង​វិញពី​ឯក​រាជ្យភាពតាមផ្លូវ​ច្បាប់​ដែល​ផ្តល់​ឲ្យ​ប្រទេស​ ប្រទេស​លីទុយអានី (Lithuania) ឡាតវី (Latvia) និង​ប្រទេស​អេស្តូនី (Estonia) ​នៅ​ឆ្នាំ​១៩៩១ ​ដោយ​ក្រុម​ប្រឹក្សា​រដ្ឋ​របស់​អតីត​សហភាព​សូ​វៀត។

ចំណាត់​ការ​នេះ ដែលបាន​ប្រកាស​ដោយ​ការិយាល័យ​អគ្គរដ្ឋ​អាជ្ញា​កាល​ពី​ថ្ងៃ​អង្គារ បាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ដល់​រដ្ឋ​នានា​នៅ​តំបន់​សមុទ្រ​បាល់​ទិក​ហើយ​នឹង​ធ្វើ​ឲ្យ​ចំណង​ទាក់​ទង​មាន​ការ​តាន​តឹង​កាន់​តែ​ខ្លាំង​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ ​ចាប់​តាំង​ពី​រុស្ស៊ី ​បាន​យក​តំបន់​គ្រីមេ​ (Crimea)​ របស់​អ៊ុយក្រែន​ធ្វើ​ជា​ឧបសម្ព័ន្ធ​របស់​ខ្លួន​កាល​ពី​ខែ​មីនា ​ឆ្នាំ​២០១៤​មក ហើយ​នឹង​ការ​បះបោរដែល​គាំទ្រ​ប្រទេស​រុស្ស៊ី​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។ ចាប់​តាំង​ពី​ពេល​នោះ​មក ​ប្រទេស​ទាំង​៣​នោះ ​បាន​បង្កើន​ការចំណាយ​ខាង​យោ​ធា​របស់​ខ្លួន។

សមាជិក​សភា​២​នាក់​មក​ពី​គណបក្ស​សហភាព​រុស្ស៊ី​ដែល​ជា​គណបក្ស​ដ៏​សំខាន់​មួយ ​ដែល​កាល​ពី​ពេល​មុន​បាន​ដឹកនាំ​ដោយ​ប្រធានា​ធិបតី Vladimir Putin ​បាន​ជជែក​ឲ្យ​ហេតុផល​នៅ​ក្នុង​ការ​អំពាវនាវទៅ​កាន់​រដ្ឋ​អាជ្ញា​ថា ​ការ​ផ្តល់ឯក​រាជ្យ​ភាព​ទៅ​ឲ្យ​ប្រទេស ​លីទុយអានី (Lithuania) ឡាតវី (Latvia) និង​ប្រទេស​អេស្តូនី (Estonia) ជា​ការ​ខុសច្បាប់។

ក៏ប៉ុន្តែ លោក ​Dalia Grybauskaite ​ប្រធានា​ធិបតី​នៃ​ប្រទេស​លីទុយអានី​ (Lithuania) ​បាន​និយាយ​ថា៖ «ឯករាជ្យភាព​របស់​យើង ​បាន​ទទួល​តាម​រយៈ​ការ​បង្ហូរឈាម​និង​ការ​លះបង់​របស់​ប្រជា​ពលរដ្ឋ​លីទុយអានី។ គ្មាន​ប្រទេស​ណាមួយ ​មាន​សិទ្ធិ​គំរាម​កំហែង​យើង​ទេ។​ មាន​តែ​យើង​ទេ ​ដែល​អាច​សម្រេច​ជោគ​វាសនា​របស់​យើង‍»៕

XS
SM
MD
LG