ប្រទេសរុស្ស៊ីបានបោះឆ្នោតវ៉េតូប្រឆាំងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ដែលនឹងបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីកាត់ទោសអ្នកទទួលខុសត្រូវដែលបានបាញ់ទម្លាក់យន្តហោះអាកាសចរណ៍ម៉ាឡេស៊ីដែលបានធ្លាក់ក្នុងប្រទេសអ៊ុយក្រែនកាលពីមួយឆ្នាំមុន។
ប្រទេសម៉ាឡេស៊ី ហូឡង់ អូស្ត្រាលី អ៊ុយក្រែននិងប្រទេសបែលហ្សិក បានសម្តែងនូវការគាំទ្ររបស់ខ្លួនដល់តុលាការនេះ ហើយម៉ាឡេស៊ីបានផ្សព្វផ្សាយសេចក្តីព្រាងនៃសេចក្តីសម្រេចនោះ។ រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសទាំង៥ មានវត្តមាននៅឯជំនួបរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោក Mark Rutte នាយករដ្ឋមន្រ្តីនៃប្រទេសហូឡង់បានធ្វើការអំពាវនាវជាបន្ទាន់ដល់ប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីថ្ងៃពុធ កុំឲ្យបោះឆ្នោតវ៉េតូប្រឆាំងនឹងសេចក្តីសម្រេចនោះ។
ការិយាល័យរបស់លោក Rutteបានចេញផ្សាយសេចក្តីថ្លែងការណ៍នៅលើវេបសាយរបស់រដ្ឋាភិបាលហូឡង់ថា លោកបានទូរស័ព្ទទៅកាន់ប្រធានាធិបតី Putin នៅមុនពេលការបោះឆ្នោតក្នុងទីក្រុងញូយ៉កដើម្បីស្វះស្វែងរកការគាំទ្រពីមេដឹកនាំរុស្ស៊ីដើម្បីបង្កើតតុលាការអន្តរជាតិ។
នៅក្នុងការសន្ទនាបើកចំហរនិងលម្អិត លោកនាយករដ្ឋមន្រ្តី Rutte បានជំរុញឲ្យប្រធានាធិបតីរុស្ស៊ីអនុញ្ញាតឲ្យកាត់ទោសពួកអ្នកដែលទទួលខុសត្រូវចំពោះមហន្តរាយនៃការធ្លាក់យន្តហោះធុន MH17 នៅក្នុងតុលាការអន្តរជាតិ។
រដ្ឋាភិបាលទីក្រុងមូស្គូ បាននិយាយថា ខ្លួនចង់រង់ចាំការបញ្ចប់ការស៊ើបអង្កេតរបស់អន្តរជាតិដែលដឹកនាំដោយប្រទេសហូឡង់នៅក្នុងគ្រោះមហន្តរាយយន្តហោះនោះ៕