ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា​ការ​ធ្លាក់​យន្តហោះ​របស់​ខ្លួន​នៅ​ប្រទេស​អេហ្ស៊ីប​គឺ​ជា​អំពើ​ភេរវកម្ម


ប្រធានាធិបតី​រុស្ស៊ី Vladimir Putin (ទីបីពីឆ្វេង) ស្មឹងស្មាត​មួយ​នា​ទី​ជាមួយ​មេដឹកនាំ​រុស្ស៊ី​ផ្សេង​ទៀត​ មុន​ពេល​បើក​កិច្ច​ប្រជុំ​អំពី​ការ​ធ្លាក់​យន្ត​ហោះ​នៅ​ប្រទេស​អេហ្ស៊ីប នៅ​វិមានក្រឹមឡាំង ប្រទេស​រុស្ស៊ី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥។

ប្រធាន​សន្តិសុខ​របស់​រុស្ស៊ី​បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ៍​នេះ​ថា ​ការ​ធ្លាក់​យន្តហោះ​របស់​ខ្លួន​នៅ​ជ្រោយ Sinai​ ក្នុង​ប្រទេស​អេហ្ស៊ីប​កាល​ពី​ខែ​មុន​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​ស្លាប់ ​គឺជា​អំពើ​ភេរវកម្ម និង​បាន​រកឃើញ​បំណែក​គ្រាប់​ដែល​បាន​ផ្ទុះ​នៅ​តាម​បំណែក​យន្តហោះ​និង​កាតាប​ដាក់​អីវ៉ាន់។

យោង​តាម​រដ្ឋាភិបាល​នៃ​វិមាន​ក្រឹមឡាំង (Kremlin) ​លោក​ Alexander Bortnikov ​ដែល​ជា​ប្រធាន​សន្តិសុខ​សហព័ន្ធ​បាន​មាន​ប្រសាសន៍​ថា ការ​ផ្ទុះ​គ្រាប់​បែក​នេះ​កើត​ឡើង​ដោយ​ការ​ប្រើប្រាស់​ផ្សៅ ​TNT ​ដែល​មាន​ទម្ងន់​ប្រមាណ​១គីឡូ​កន្លះ។

លោក​ប្រធានា​ធិបតីរុស្សី ​Vladimir Putin បាន​ប្ដេជ្ញា​ថា​នឹង​ស្វែងរក​ចាប់​ខ្លួន​និង​ដាក់​ទោស​ដល់​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​នេះ និង​បាន​ស្នើ​ឲ្យ​ប្រទេស​ជា​ដៃគូ​ជួយ​សហការ​កំណត់​អត្តសញ្ញាណ​ពិរុទ្ធជន។ ​

យន្តហោះ ​A-321 ​បាន​ចេញ​ដំណើរ​ពី​រមណីយដ្ឋាន​ Sharm el-Sheikh ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​ទៅ​កាន់​ទីក្រុង ​Saint Petersburg ​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​តុលា នៅ​ពេល​ដែល​យន្តហោះ​នោះ​បានធ្លាក់​នៅ​ប៉ែកខាងជើង​នៃ​ជ្រោយ ​Sinai ​ហើយ​បាន​បណ្តាល​ឲ្យ​អ្នក​ដំណើរ​ទាំង​២២៤នាក់​បាត់​បង់​ជីវិត។

ក្រុម​ជ្រុល​និយម​ដែល​បាន​អះអាង​ថា​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​រដ្ឋឥស្លាម​បាន​និយាយ​ថា ពួក​គេ​ជា​អ្នក​វាយ​ប្រហារ​លើ​យន្ត​ហោះ​នោះ ហើយ​ប្រទេស​ជា​ច្រើន​ក៏​មាន​ជំនឿ​ថា​ការ​ធ្លាក់​យន្តហោះ​នេះ ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​គ្រាប់​បែក​ដែរ៕​

XS
SM
MD
LG